Friday, September 15, 2023

លោក ឃួង ស្រេង ណែនាំពន្លឿនការផ្ទេរមុខងារបំណុល និងធនធានហិរញ្ញវត្ថុ​ ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកជាសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន​ រាជធានីភ្នំពេញ

 លោក ឃួង ស្រេង ណែនាំពន្លឿនការផ្ទេរមុខងារបំណុល និងធនធានហិរញ្ញវត្ថុ​ ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកជាសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន​ រាជធានីភ្នំពេញ

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញឱ្យមានការផ្ទេរមុខងារ បំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកជាសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) ឱ្យបានលឿន ពោលគឺអាចបង្កើតជាសហគ្រាសថ្មីមួយនៅថ្នាក់ក្រោមជាតិបាន នៅក្នុងខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២៣​ ដ៏ខ្លីខាងមុខនេះ ។

ការជម្រុញបែបនេះបានធ្វើឡើង ខណៈលោកអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពាក់ព័ន្ធនិងការងារនេះ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ប៉ាក សុខារ៉ាវុត សមាជិកក្រុមប្រឹក្សាភិបាល (ស.ស.ក) និងជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងក្រសួងបរិស្ថាន, តំណាងក្រសួងមហាផ្ទៃ, សមាជិកក្រុមប្រឹក្សាភិបាល (ស.ស.ភ) តំណាងក្រសួងរ៉ែ និងថាមពល, ប្រធានរតនាគាររាជធានីភ្នំពេញ, ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ និងអគ្គនាយកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) ។

លោក ឃួង ស្រេង ថ្លែងដូចនេះថា​ ការផ្ទេរមុខងារ បំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) នេះ គឺមានគោលបំណងឱ្យដំណើរការនៃការប្រមូល និងការគ្រប់គ្រងសំរាមនៅក្នុងរាជធានីភ្នំពេញ បានកាន់តែល្អប្រសើរជាងមុន ដោយសារថា នៅភ្នំពេញបច្ចុប្បន្ននេះ ប្រជាជនរស់នៅរបៀបស៊ីវីល័យ ដែលទាមទារឱ្យរាជធានីភ្នំពេញ ជាទីក្រុងស្អាត មានបរិស្ថានល្អ មិនមានសំរាមពាសវាលពាសកាល ។

លោក ឃួង ស្រេង បានបន្តទៀតថា កិច្ចប្រជុំខាងលើនេះ គឺដើម្បីស្វែងរកនីតិវិធីនៃការផ្ទេរ មុខងារ បំណុល និងធនធានហិរញ្ញវត្ថុពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) ឱ្យបានលឿន យ៉ាងយូរផ្ទេរឱ្យបានរួចរាល់ នៅក្នុងខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ។

ដើម្បីឱ្យការងារនេះ ដំណើរការទៅបានលឿន លោក ឃួង ស្រេង ក៏បានជម្រុញឱ្យក្រុមការងារបច្ចេកទេស, រតនាគារ និងក្រុមការងារពាក់ព័ន្ធ ចាប់ដៃគ្នា ទំនុកបំរុងគ្នាធ្វើការនេះ ទើបសហគ្រាសថ្មីរបស់រដ្ឋ នៅថ្នាក់ក្រោមជាតិមួយនេះ នឹងកើតមានឡើងបានលឿន។ សហគ្រាសនេះរកស៊ីបានតែត្រឹមរួចខ្លួនបានហើយ មិនបាច់ចំណេញក៏បានដែរ សំខាន់ឱ្យតែរាជធានីភ្នំពេញស្អាត និងមានបរិស្ថានល្អ ៕

No comments:

Post a Comment