Thursday, September 21, 2023

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជួបសវនាការជាមួយប្រធានប្រតិភូមកពីសហព័ន្ធអន្តរជាតិ ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងប្រតិភូនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ២០ នៃសមាគមជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានអញ្ជើញទទួលស្វាគមន៍ និងជួបសវនាការជាមួយ ប្រធានប្រតិភូមកពីសហព័ន្ធអន្តរជាតិ, ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងប្រធានប្រតិភូនៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១។

ជំនួបនេះបានធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ មុនពិធីបើកកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងប្រព្រឹត្តទៅនៅសណ្ឋាគារសុខាភ្នំពេញ។

កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកាកបាទក្រហម និងអឌ្ឍចន្ទក្រហម មកពីភូមិភាគអាស៊ីអាគ្នេយ៍ សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, អាយ.ស៊ី.អរ.ស៊ី, កាកបាទក្រហម អឌ្ឍចន្ទក្រហមព្រុយណេ, កាកបាទក្រហមឥណ្ឌូនេស៊ី, កាកបាទក្រហមឡាវ, អឌ្ឍចន្ទក្រហមម៉ាឡេស៊ី, កាកបាទក្រហមមីយ៉ាន់ម៉ា, កាកបាទក្រហមហ្វីលីពីន, កាកបាទក្រហមសិង្ហបុរី, កាកបាទក្រហមថៃ, កាកបាទក្រហមទីម័រខាងកើត និងកាកបាទក្រហមវៀតណាម។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ពិភាក្សា ពិគ្រោះយោបល់ ស្វែងរកដំណោះស្រាយថ្មី ក្នុងវិស័យមនុស្សធម៌ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការក្នុងចលនាអន្ដរជាតិ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

គួររម្លឹកថា ក្នុងឱកាសកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ហើយក្នុងឱកាសនោះ កាកបាទក្រហមកម្ពុជា ក៏ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ផងដែរ ចាប់ពីថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីសមាគមជាតិអឌ្ឍចន្ទក្រហមព្រុយណេ ធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២២។

ដូច្នេះមុនដំណើរការកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០នេះ ក៏បានរៀបចំវេទិកាយុវជនអាស៊ីអាគ្នេយ៍លើកទី២ ដែលមានប្រតិភូយុវជន មកពីសមាគមជាតិទាំង១១ និងមន្ត្រីសម្របសម្រួលមកពីសហព័ន្ធអន្តរជាតិ និងយុវជនកាកបាទក្រហមកម្ពុជា ជា អិល.អូ សរុប ៥៥នាក់។ វេទិកាយុវជននេះ បានផ្ដោតសំខាន់លើការកសាងសមត្ថភាពនៃការប្រាស្រ័យទាក់ទង និងដោះស្រាយបញ្ហារបស់យុវជន ដោយប្រើបច្ចេកវិទ្យាឌីជីថល និងវេទិកាផ្សេងៗ ដោយការអនុវត្តវិធីសាស្ត្រ ច្នៃរកដំណោះស្រាយថ្មី ក្នុងការងារមនុស្សធម៌៕

No comments:

Post a Comment