Thursday, September 7, 2023

លោក ប៉ែន បូណា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត តារារះចិញ្ចាចចញ្ចែងលើឆាកអាស៊ាន និងកំពុងឆក់ទាញបេះដូងពលរដ្ឋខ្មែរ!

(ភ្នំពេញ)៖ វត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំ​កំពូល​​អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ី ត្រូវបានលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រៀបប្រដូចទៅនឹងតារា​មួយដួងរះចិញ្ចាច​ចញ្ចែង​លើឆាកអាស៊ាន ហើយកំពុងឆក់យកបេះដូងពលរដ្ឋខ្មែរផងដែរ។

លោក ប៉ែន បូណា បានគូសរំលេចថា ក្រៅពីភាពជោគជ័យខាងនយោបាយការទូត និងការ​ទាញ​យកផល​ប្រយោជន៍សេដ្ឋកិច្ចជូនប្រទេសជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ធ្វើ​​ឱ្យ​មានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់មេដឹកនាំ​ ដែលបានចូលរួមក្នុងកិច្ច​ប្រជុំកំពូល​អា​ស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជា​អ្នកតាមដានព្រឹត្តិការណ៍នេះ។

លោក បូណា បានលើកបង្ហាញថា ចំណុចទាក់ទាញរបស់សម្តេចធិបតី​នាយករដ្ឋមន្ត្រី​រួមមាន៖

ទី១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអវតាររបស់សម្តេចតេជោ ហ៊ុន សែន ដែលជាតួ​អង្គ​អ្នក​នយោបាយដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ក៏ដូចជាក្នុងឆាកតំបន់និងអន្តរជាតិ។

ទី២៖ បុគ្គលិកលក្ខណៈដ៏ស័ក្តិសម ភាពស្រស់សង្ហា អាកប្បកិរិយានិងសីលធម៌​ដ៏ល្អសមសួន ព្រមទាំងមានវ័យក្មេងជាងគេក្នុងចំណោមមេដឹកនាំឯទៀត គឺជាចំណុចទាក់ទាញមនុស្សគ្រប់​គ្នា​ឱ្យ​សម្លឹងតួអង្គសម្តេចធិបតី ហ៊ុន ម៉ាណែត មិនដាក់ភ្នែក។

ទី៣៖ សមត្ថភាពនិងភាពជឿជាក់លើខ្លួនឯងគឺជាចន្ទល់ដ៏រឹងមាំ​ដែលធ្វើឱ្យសម្តេចធិបតី​អាច​បំពេញបេសកកម្មការទូតបានយ៉ាងល្អលើសពីការស្មាន សូម្បីតែជាការចាប់ផ្តើមលើកដំបូង​ក៏ដោយ។

ទី៤៖ មេដឹកនាំបន្តវេន និងវ័យក្មេងរបស់កម្ពុជា ក៏បានបង្ហាញឱ្យឃើញពីសមត្ថភាពការ​ទូត​ដ៏​ចំណានក្នុងកិច្ចចរចាជាអន្តរជាតិកម្រិតខ្ពស់ ដើម្បីចូលរួមក្នុងកិច្ចការសន្តិភាពសម្រាប់តំបន់ និងពិភពលោក ក៏ដូចជាការទាញយកផលប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជន។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះ បានលើកឡើងទៀតថា ភាពទាក់ទាញទាំងនេះ​ហើយ​ដែល​ធ្វើឱ្យក្រសែភ្នែករបស់មេដឹកនាំអាស៊ាន ក៏ដូចជាមេដឹក​នាំ​ផ្សេងទៀតដែលអញ្ជើញមកចូល​រួមកិច្ចប្រជុំនៅទីក្រុងហ្សាការតាមិនអាចរំលងពីតារារបស់កម្ពុជាបានឡើយ។ ក្នុងសុន្ទរកថា ថ្លែង​ក្នុងជំនួបកំពូលអាស៊ាន មេដឹកនាំក្នុងតំបន់ទាំង​អស់សុទ្ធ​តែ​សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ​ចំពោះនាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា។

លោកបន្តថា កំឡុងពេលចូលរួមកិច្ចប្រជុំនានានៅហ្សាការតា សម្តេចធិបតីថ្លែងសុន្ទរកថាដល់ទៅ ១២លើក និង​បន្ថែមដោយជំនួបទ្វេភាគីចំនួន ១៣ លើក។ ជាកិច្ចការងារដ៏ច្រើន ប៉ុន្តែ មិនហួសពីសមត្ថ​ភាព​របស់ប្រមុខដឹកនាំថ្មី វ័យក្មេងដែលមានឆន្ទៈខ្ពស់និងពោរពេញដោយភាពជឿជាក់លើខ្លួនឯងនោះឡើយ។

លោក ប៉ែន បូណា ក៏បានបង្ហាញការសង្កេតរបស់លោកមកលើចំណាប់អារម្មណ៍របស់​ប្រជា​ពល​រដ្ឋ​ខ្មែរផងដែរ។ លោក បានកត់សម្គាល់ថា អ្នកតាមដានព្រឹត្តិការណ៍តាមកញ្ចក់ទូរទស្សន៍ ឬ​បណ្តាញសង្គមឯណេះវិញ ពួកគេក៏ចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតួអង្គអវតារ​ថ្មីរបស់​សម្តេច​តេជោដែរ។ សម្រាប់ជនបរទេស គឺពួកគេចង់ឃើញមុខមាត់ និងសមត្ថភាពនាយក​រដ្ឋមន្ត្រី​ថ្មី​កម្ពុជា ខណៈពលរដ្ឋខ្មែរចង់តាមដានសកម្មភាពមេដឹកនាំថ្មីរបស់ខ្លួន ដែលទើបតែ​ចេញបំពេញ​បេសកកម្មលើកដំបូងនៅក្រៅប្រទេស។ សកម្មភាពដ៏លេចធ្លោរបស់សម្តេចធិបតី បានធ្វើឱ្យ​មោទ​នភាព​​ជាតិផុសឡើងដោយមិនដឹងខ្លួនក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។

តាមរយៈព្រឹត្តិការណ៍នៅហ្សាការតា សាធារណមតិជាតិ និងអន្តរជាតិបានមើលឃើញ​យ៉ាង​ច្បាស់​ពីសមត្ថភាពនិងភាពប៉ិនប្រសប់របស់អ្នកបន្តវេននាយករដ្ឋមន្ត្រីនៅកម្ពុជា។

សរុបមកវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាតារាថ្មីរបស់កម្ពុជាដែល​រះយ៉ាង​ចិញ្ចាច​ចញ្ចែងលើឆាកអាស៊ាន និងកំពុងឆក់យកបេះដូងពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន៕

No comments:

Post a Comment