Monday, September 25, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសប្រឹងប្រែងជួយទីម័រខាងកើត ឱ្យក្លាយជាសមាជិក​ពេញសិទ្ធរបស់អាស៊ាន

(ញូវយ៉ក, អាមេរិក)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបន្ត​ប្រឹងប្រែងជួយឱ្យប្រទេសទីម័រខាងកើត ក្លាយជាសមាជិកពេញសិទ្ធរបស់អាស៊ាន ខណៈទីម័រ​កំណត់​​យកឆ្នាំ២០២៥ ដើម្បីក្លាយជាសមាជិកពេញសិទ្ធរបស់អាស៊ាន។

ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាទរបស់អង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក សហរដ្ឋ​អាមេរិក នៅថ្ងៃទី២២ ខែកញ្ញា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ចូសេ រ៉ាម៉ូស ហូតា (José Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត បានស្កាត់ជួបគ្នា ដើម្បីសម្តែងការគួរ​សម និងពិភាក្សាលើការងារមួយចំនួន។

ក្នុងជំនួបនោះ សម្ដេចធិបតី និងលោកប្រធានាធិបតី បានសម្តែងការស្វាគមន៍ជូនគ្នាទៅវិញ​ទៅមក​នៅក្នុងបរិយាកាសមួយដ៏ស្និទ្ធស្នាល។ លោកប្រធានាធិបតី បានថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះប្រទេសកម្ពុជា ជាពិសេសចំពោះសម្ដេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែលតែងតែគាំទ្រទីម័រឡេស្ដេ ដូចជាការស្នើចូលជាសមាជិកទី១១ របស់អាស៊ាន​ជាដើម។

ប្រធានាធិបតីទីម័រខាងកើត បានបង្ហាញបំណងអញ្ជើញសម្ដេចតេជោ ទៅបំពេញទស្សនកិច្ច​នៅ​ទីម័រឡេស្ដេ ក្នុងវេលាសមស្របណាមួយ។

សម្ដេចធិបតី និងលោកប្រធានាធិបតី បានពិភាក្សាទៅលើកិច្ចការ​នៃការពង្រឹង​ទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាការបន្តធ្វើសមា​ហរណកម្ម​ក្នុង​តំបន់ និងសកល។ ជាក់​ស្តែង​នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរ​បានពិភាក្សាបន្ថែម​ទៅ​លើការ​ពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រឡេស្តេ លើវិស័យ​សក្ដា​នុពលមួយចំនួន ដូចជា៖ វិស័យទេសចរណ៍កសិកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជា​ជន​ជាដើម។

លោកប្រធានាធិបតី ក៏បានស្នើឱ្យកម្ពុជាពិចារណាលទ្ធភាព ក្នុងការវិនិយោគ និងធ្វើអាជីវកម្ម​រួម​គ្នា​នៅក្នុងវិស័យអាកាសចរណ៍ និងការបើកជើងហោះហើរត្រង់ ដែលនឹងកាន់តែបង្កើនភាពជិតស្និទ្ធ​រវាង​ប្រជាជន និងសេដ្ឋកិច្ច នៃប្រទេសទាំងពីរផងដែរ។

ចំពោះទិដ្ឋភាពនៃការបន្តធ្វើសមាហរណកម្មក្នុងតំបន់ និងសកល លោកប្រធានាធិបតី បានស្នើ​កម្ពុជា​បន្តចែករំលែកបទពិសោធន៍ ក្នុងការរៀបចំខ្លួនចូលជាសមាជិកអាស៊ាន ក៏ដូចជាការបន្តគាំទ្រ​ដល់​បេក្ខភាពរបស់ទីម័រឡេស្ដេ ក្នុងការចូលជាសមាជិកទី១១ របស់អាស៊ាន។ លោកប្រធានាធិប​តី បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីម័រឡេស្ដេក្នុងការបំពេញគ្រប់លក្ខខណ្ឌតម្រូវ ដើម្បីចូលជា​សមា​ជិក​អាស៊ាន ឱ្យបានឆាប់ និងការមិនឱ្យទីម័រឡេស្ដេក្លាយជាបន្ទុកសម្រាប់អាស៊ានឡើយ។

ជាមួយនឹងការអនុម័តផែនទីបង្ហាញផ្លូវ សម្រាប់ការចូលជាសមាជិក​ពេញសិទ្ធិ​របស់​ទីម័រឡេ​ស្តេ​កាលពីខែឧសភា ឆ្នាំ ២០២៣កន្លងទៅ លោកប្រធានាធិបតី បានស្នើឱ្យភាគីកម្ពុជាគាំទ្រចំពោះ​ការកំណត់យកឆ្នាំ២០២៥ ជាឆ្នាំដែលអាស៊ានប្រកាសជាផ្លូវការនូវសមាជិក​ភាពពេញសិទ្ធិរបស់​ទីម័រ​ឡេស្តេ នៅក្នុងអាស៊ាន។

ជាកិច្ចឆ្លើយតប សម្ដេចធិបតី បានគាំទ្រយ៉ាងពេញទំហឹងចំពោះការស្នើនេះ ហើយកម្ពុជានឹងបន្ត​ជួយ​ជ្រោមជ្រែងទីម័រឡេស្តេ ជាពិសេសសម្រាប់ការរៀបចំខ្លួនចូលជាសមាជិកអាស៊ាន ឱ្យបានឆាប់​នា​ពេលខាងមុខ។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ប្រកបដោយសុទិដ្ឋិនិយមផងដែរថា អាស៊ាន​គួរ​តែពង្រីកបន្ថែមនូវសមាជិករបស់ខ្លួន ដើម្បីរួមចំណែកដល់ការពង្រឹងកម្លាំងនៅក្នុងតំបន់ ឱ្យកាន់តែ​រឹងមាំ និងមានភាពធន់៕

No comments:

Post a Comment