Monday, October 16, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីឆ្ពោះទៅចូលរួមវេទិកាខ្សែក្រវាត់និងផ្លូវ នៅទីក្រុងប៉េកាំង

(ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ​ដើម្បីឆ្ពោះទៅចូលរួមមេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ដំណើរអញ្ជើញចូលរួមវេទិកាខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ស៊ី ជីន​ពីង ប្រធានាធិបតីចិន។ វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3 BRF) សម្រាប់កិច្ច​សហ​ប្រតិបត្តិការអន្តរជាតិ នឹងប្រព្រឹត្តពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ នៅរដ្ឋធានី​ប៉េ​កាំង ក្រោមមូលបទ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាព​ខ្ពស់​៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។

អញ្ជើញអមដំណើរសម្ដេចធិបតី រួមមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជា​អនុ​ប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រីជាន់ខ្ពស់​រាជ​រដ្ឋា​ភិបាលកម្ពុជា និងថ្នាក់ដឹកនាំវិស័យឯកជនផងដែរ។

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវនេះ សម្ដេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។

អំឡុងពេលចូលរួមវេទិកានេះ សម្តេចធិបតី នឹងជួបពិភាក្សាជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុង​ក្រប​ខ័ណ្ឌ​ទ្វេភាគី និងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជន​បរទេស​ដទៃទៀតផងដែរ។

ក្រសួងការបរទេស បានគូសបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់សម្ដេចធិបតី ក្នុងវេទិកា​ខ្សែ​ក្រវាត់ និងផ្លូវលើកទី៣ នឹងបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជា ចំពោះគំនិតផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និងផ្លូវ ដែលគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការយ៉ាងជិត​ស្និទ្ធជាមួយចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណ​ភាព​ខ្ពស់ សម្រាប់កំណើនរួម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព​ក្នុងតំបន់​ និង​អន្តរជាតិ។

សូមបញ្ជាក់ថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ត្រូវបានប្រកាសដាក់ចេញដោយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីឆ្នាំ២០១៣ គោលបំណងជ្រោងទង់អភិវឌ្ឍន៍​ដោយ​សន្តិ​ភាព អភិវឌ្ឍយ៉ាងសកម្មនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ច នៃប្រទេស​តាម​បណ្តោយ «ខ្សែក្រវាត់និងផ្លូវ» ព្រមទាំងរួមគ្នាកសាងសហគមន៍ផលប្រយោជន៍រួម សហគមន៍ជោគវាសនារួម និងសហគមន៍ទំនួលខុសត្រូវរួម ដែលមានទំនុកចិត្តខាង​នយោ​បាយទៅវិញទៅមក ធ្វើសមាហរណកម្មសេដ្ឋកិច្ច និងមានភាពបរិយាប័ន្នផ្នែកវប្បធម៌ ។

យុទ្ធសាស្ត្រនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ព្យាយាមលើកកម្ពស់ និងសម្របសម្រួល​ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ថដឹកជញ្ជូន ថាមពល ពាណិជ្ជកម្ម និងការប្រាស្រ័យទាក់ទង ព្រម​ទាំង​ការងារដទៃទៀត។

គំនិតផ្តួចផ្តើមនេះ គឺឈរលើមូលដ្ឋាននៃផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវគោកបុរាណ និងផ្លូវ​សូត្រ​​ពាណិជ្ជកម្មតាមផ្លូវសមុទ្របុរាណ។ ក្នុងនោះ ផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវ​គោក​បុរាណ ត្រូវបានបង្កើតឡើងកាលពីជាង ២ ពាន់ឆ្នាំមុន មានប្រភពចេញពីក្រុង​ស៊ីអាន​ប្រទេសចិន ឆ្លងកាត់ប្រទេសជាច្រើននៅអាស៊ីកណ្តាលនិងអាស៊ីបូព៌ា រហូតទៅដល់ឧបទ្វីប​អ៉ីតាលីនាសម័យបុរាណ ដែលមានប្រវែងសរុប ៦៤៤០គីឡូម៉ែត្រ។ ចំណែកឯផ្លូវសូត្រ​ពាណិជ្ជកម្មតាមផ្លូវទឹកបុរាណវិញ ក៏មានអាយុកាលជាង ២ពាន់ឆ្នាំដែរ ដោយផ្តើមដំណើរ​ពីទីក្រុង​កំពង់ផែមួយចំនួនរបស់ប្រទេសចិនដូចជាក្វាំងចូវ ឈាន់ចូវ នីងប៉ និងយ៉ាងចូវ​ជា​ដើម​ទៅកាន់សមុទ្រអារ៉ាប់ រហូតដល់ឆ្នេរខាងកើតនៃទ្វីបអាហ្វ្រិក។

គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៣ មានប្រទេសចំនួន១៥២ និងអង្គការអន្តរជាតិចំនួន៣២ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ចំនួនជាង២០០ ឯកសារជាមួយប្រទេសចិន ដែលសបង្ហាញថា​គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បានក្លាយជាវេទិកាសហប្រតិបត្តិការអន្តរជាតិដ៏ធំបំផុតនៅលើពិភពលោក។

រយៈពេល ១០ឆ្នាំកន្លងមកនេះ ការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» រវាងប្រទេសចិន ជា​មួយ​ប្រទេសតាមបណ្តោយ «ខ្សែក្រវាត់និងផ្លូវ» ទទួលបានសមិទ្ធផលយ៉ាងធំធេង។ តាម​របាយការណ៍របស់ធនាគារពិភពលោកបង្ហាញថា ការរួមគ្នាកសាង «ខ្សែក្រវាត់ និងផ្លូវ» បានញ៉ាំងឱ្យទំហំពាណិជ្ជកម្មនៃភាគីចូលរួមកើនឡើង ៤,១% ការបណ្តាក់ទុនពីបរទេស​កើន​ឡើង ៥% និងធ្វើឱ្យផលិតផលក្នុងស្រុកសរុប ( GDP ) នៃប្រទេសមានចំណូល​ទាប​កើនឡើង ៣,៤% ។ របាយការណ៍ឱ្យដឹងទៀតថា អនុបាតនៃ GDP របស់អង្គភាពសេដ្ឋ​កិច្ច​ងើបឡើងថ្មីនិងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍បានកើនឡើង ៣,៦% នៃទំហំ GDP សរុបរបស់ពិភពលោកក្នុងចន្លោះពីឆ្នាំ ២០១២-២០២១ ដោយសារទទួលបានអំណោយ​ផលពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ»។

តាមការប៉ាន់ប្រមាណរបស់ធនាគារ​ពិភពលោក គិតត្រឹមឆ្នាំ២០៣០ ការរួមគ្នាកសាង «ខ្សែ​ក្រវាត់ និងផ្លូវ» នឹងហុចផលសេដ្ឋកិច្ចទំហំ ១,៦ ទ្រីលានដុល្លារអាមេរិក​សម្រាប់ពិភព​លោក​ជារៀងរាល់ឆ្នាំ ដែលត្រូវជា ១,៣% នៃទំហំ GDP របស់ពិភពលោក ពិសេសក្នុង​ចន្លោះ​ឆ្នាំ ២០១៥-២០៣០ នឹងមានជនក្រីក្រ ៧,៦ លាននាក់ចេញផុតពីភាព​ក្រីក្រដាច់​ខាត និង ៣២ លាននាក់ចេញផុតពីភាពក្រីក្រមធ្យមដោយសារ​ការរួមគ្នា​កសាង​ «ខ្សែ​ក្រ​វាត់​និងផ្លូវ»។

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានថ្លែងថា កម្ពុជា មិន​ស្ទាក់​ស្ទើរ​​ចំពោះការគាំទ្រគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់និងផ្លូវ» នោះទេ។ សម្តេចតេជោ បានមើល​ឃើញ​ថា គំនិតផ្តួចផ្តើមនេះទាក់ទិនជាមួយ ការអភិវឌ្ឍដោយមិនទុកប្រទេស​ណាមួយ​ជា​សត្រូវ​ទេ ហើយក៏មិនរារាំងការអភិវឌ្ឍរបស់ប្រទេសណាមួយនោះដែរ ប៉ុន្ដែផ្ទុយទៅវិញបាន​ផ្ដល់​នូវ​ផលប្រយោជន៍ប្រទេសទាំងអស់។

សម្រាប់កម្ពុជា រយៈពេល១០ឆ្នាំកន្លងទៅនេះ ដោយឈរលើទស្សនៈពិគ្រោះ​យោបល់​រួម​គ្នា ការកសាងរួមគ្នា និងចែករំលែករួមគ្នា ចិន និងកម្ពុជា បានរួមគ្នាកសាងគំនិតផ្តួច​ផ្តើម​ខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់បំផុត។ ការបន្ស៉ីគ្នារវាងគំនិតផ្តួចផ្តើម​ខ្សែ​ក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលចាស់ បានបង្កើនភាពស៊ីជម្រៅយ៉ាងខ្លាំង។ ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ចិន បានជួយ​កម្ពុជា​អនុវត្តន៍គម្រោងសុខុមាលភាពជាច្រើន ដូចជា ការអប់រំ ការថែទាំវេជ្ជសាស្ត្រ ការ​កាត់​បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ។

ក្រៅពីនោះតាមយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ ចិន បានជួយកសាង​ពហុកីឡដ្ឋាន​ជាតិមរតកតេជោ តម្លៃជិត ១៦០លានដុល្លារ, វិនិយោគសាងសង់ផ្លូវល្បឿន​លឿន​ភ្នំពេញ​-ព្រះសីហនុតម្លៃប្រមាណ ២ពាន់លានដុល្លារអាមេរិក និងការសាងសង់អាកាសយានដ្ឋាន​អន្តរជាតិសៀមរាបអង្គរ (បើកទទួលជើងហោះហើរលើកដំបូងនាថ្ងៃទី១៦ ខែតុលា) ព្រម​ទាំង​គម្រោងហេដ្ឋារចនាសម្ព័ន្ធបម្រើផ្នែកដឹកជញ្ជូនជាច្រើនទៀត រួមមានគម្រោងផ្លូវ​ល្បឿន​លឿនភ្នំពេញ-បាវិត ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប សៀមរាប-ប៉ោយប៉ែតជាដើម។

ក្រៅតែពីការគាំទ្រដល់ការកសាងហេដ្ឋរចនាសម្ព័ន្ធហើយនោះ កម្ពុជា និងចិន ក៏សម្រេច​បាន​នូវការធ្វើពាណិជ្ជកម្មជាមួយគ្នាក្នុងកំណើនគួរឱ្យកត់សម្គាល់។ ឆ្នាំ២០២២ ទំហំ​ពា​ណិជ្ជ​កម្មរវាងកម្ពុជា និងចិន សម្រេចបានរហូតដល់ទៅជាង ១៤ពាន់លានដុល្លារអាមេរិក កើនប្រមាណ ១៩ភាគរយ បើទោះបីពិភពលោកកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចសកលយ៉ាង​ណា​ក្តី។ ឆ្នាំ២០២២ កម្ពុជា និងចិន ក៏សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែល​ជា​ការជួយជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែរីកធំឡើង។

តាមរយៈសមិទ្ធផលទាំងនេះ បង្ហាញថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ មិនត្រឹមនាំមកនូវ​ផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានរួម​ចំណែក​​ជាវិជ្ជមានដល់សន្តិភាពក្នុងតំបន់ផងដែរ៕

No comments:

Post a Comment