Tuesday, October 17, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ផ្នែកនយោបាយបក្សកុម្មុយនិស្តចិន


នៅរសៀលថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក ឆាយ ឈី (Cai Qi) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ដចិន និងជាប្រធានការិយាល័យកិច្ចការទូទៅនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ដចិន ជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ថ្នាក់ដឹកនាំបក្សកុម្មុយនីស្ដចិន បានបង្ហាញពីឆន្ទៈបន្តសហការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧។

ជំហរនេះបានបញ្ជាក់ដោយ លោក ឆាយ ឈី (Cai Qi) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន និងជាប្រធានការិយាល័យកិច្ចការទូទៅ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសជួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសចូលរួមក្នុង «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» នៅរដ្ឋធានីប៉េកាំង។

នៅក្នុងជំនួបនេះ លោក ឆាយ ឈី បានស្វាគមន៍ចំពោះវត្តមានរបស់ សម្តេចធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដោយបានបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី៦៥ នៃចំណងការទូតផ្លូវការកម្ពុជា-ចិន ដែលជាចំណងមិត្តភាពដែកថែប។ តាមរយៈកិច្ចពិភាក្សាជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ទាល់ នាឱកាសនេះ, លោកបានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី, ដំណើរការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកខ្លាំងក្លាបន្ថែមទៀត។ ទន្ទឹមគ្នានេះ លោក ឆាយ ឈី ក៏បានបញ្ជាក់អំពីឆន្ទៈក្នុងការបន្តសហការគាំទ្រដល់យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ និងបានរំឭកផងដែរអំពីសមិទ្ធផលដ៏ត្រចះត្រចង់មួយចំនួន ដែលកកើតឡើងពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រវាងកម្ពុជា-ចិន អស់រយៈកាលជាង ១០ ឆ្នាំ កន្លងមកនេះ តួយ៉ាងដូចជា៖ (១) ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, (២) ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, (៣) អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី និង (៤) គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណ លោក ឆាយ ឈី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ជាក់ថា នេះគឺជាឱកាសលើកទី២ ដែល សម្តេចធិបតី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាល អាណត្តិទី៧ កាលពីខែសីហា ឆ្នាំ២០២៣ ដែលនេះគឺជាការឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីមិត្តចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត ហើយក៏ជាការបន្តនូវមរតកនៃទំនាក់ទំនងល្អ ដែលបន្សល់ដោយរាជរដ្ឋាភិបាលកម្ពុជាក្នុងបណ្តាអាណត្តិកន្លងទៅ ព្រមទាំងចំណងមិត្តភាពជាប្រវត្តិសាស្ត្រដែលព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុនៗ បានកសាងតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន។ ក្នុងន័យនេះ សម្តេចធិបតី បានឯកភាពចំពោះទស្សនៈរបស់ លោក ឆាយ ឈី ដែលបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈកាល ៦៥ ឆ្នាំ កន្លងមកនេះ និងបានផ្តល់សារៈសំខាន់ចំពោះការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកលូតលាស់រឹងមាំជាលំដាប់ ព្រមជាមួយនឹងការបន្តគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងកម្រិតទ្វេភាគី និងលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» រវាងប្រទេសទាំងពីរ ដែលផ្តោតលើវិស័យអាទិភាពចំនួន ៦ រួមមាន៖ នយោបាយ, គុណភាព និងសមត្ថភាពផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាផងដែរ អំពីទំនាក់ទំនងរវាងគណបក្ស និងគណបក្ស សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងការផ្លាស់ប្តូររវាងយុវជន និងយុវជន ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យបានរឹងមាំ និងយូរអង្វែង៕

No comments:

Post a Comment