Thursday, October 19, 2023

ប្រធានាធិបតីចិន ឯកភាពលើគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កំណត់យកឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា-ចិន

 


ប៉េកាំង, ចិន)៖ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានឯកភាពលើគំនិតផ្តួចផ្តើមរបស់សម្តេចមហាប​វរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំណត់យកឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា និងប្រជាជនចិន ជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាង​ប្រទេស​ទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើកថែមទៀត។ ការឯកភាពនេះ បានធ្វើឡើងក្នុងជំនួប​ពិភាក្សា​ការ​ងារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ស៊ី ជីនពីង នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

នៅក្នុងជំនួបនេះ ឯកឧត្តម ស៊ី ជីនពីង បានធ្វើការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើនគួរជាទីមោទនៈ នៃកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ស្របពេលឆ្នាំនេះ ជាខួបអនុស្សាវរីយ៍លើកទី៦៥ ឆ្នាំនៃចំណងការទូត​រវាងប្រទេសទាំងពីរ។ ទន្ទឹមនេះ លោកប្រធានាធិបតី ក៏បានសម្តែងការពេញចិត្តចំពោះការប្រាស្រ័យ​ទាក់​ទង​ជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំន​ង​មិត្តភាពល្អជិត​ស្និទ្ធ​រវាងចិន-កម្ពុជា ហើយប្រទេសចិន ក៏នៅតែប្រកាន់ជំហរបង្កើនកិច្ចសហប្រតិបត្តិការ​ជាមួយប្រទេស​កម្ពុជា និងគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការអរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និង​រីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង សាជាថ្មីម្តងទៀត បន្ទាប់ពីជំនួបកាលពីខែកញ្ញា កន្លងទៅ។

សម្តេចធិបតី បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ជូនចំពោះលោក​ប្រធានាធិបតីផងដែរ។ ជាមួយគ្នានេះ សម្តេចធិបតី បានចូលរួមអបអរសាទរចំពោះជោគជ័យ​នៃការរៀប​ចំធ្វើជាម្ចាស់ផ្ទះនៃ «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» ស្របពេលនៃខួបគម្រប់ ១០ឆ្នាំ នៃគំនិតផ្តួចផ្តើម​ខ្សែក្រវាត់និងផ្លូវ ក៏ដូចជាជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡា Asian Games លើកទី១៩។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណរដ្ឋាភិបាលចិន ចំពោះការយកចិត្តទុកដាក់ទទួល​ស្វា​គមន៍​ព្រះរាជវត្តមានរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងពិធី​បើក​នៃព្រឹត្តិការណ៍កីឡាអន្តរជាតិនេះ នៅក្នុងទីក្រុង Hangzhou។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អដែលមាន​ស្រាប់​ក្នុង​កម្រិតខ្ពស់ និងគ្រប់ជ្រុងជ្រោយ។ ជាពិសេសតាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការបង្កើត «ច្រករបៀងមច្ឆានិងអង្ករ» និង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា»

បន្ថែមពីលើនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាផងដែរ អំពីទិសដៅនៃការបន្តពង្រឹងមិត្តភាព​ដែក​ថែប តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស វិស័យទេសចរណ៍, ថាមពល, ពាណិជ្ជកម្ម, វិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ជាមួយគ្នានេះ ឯកឧត្តម ស៊ី ជីនពីង បានឯកភាពលើគំនិតផ្តួចផ្តើមរបស់សម្តេធធិបតី ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃ​ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ដែលជាគន្លឹះជួយជំរុញកិច្ចសហ​ប្រតិបត្តិការ​ទេស​ចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងរស់រវើក៕

 

No comments:

Post a Comment