Thursday, October 5, 2023

សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ "គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព"

 ភ្នំពេញ :ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញសង្គមតេលេក្រាម នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារចូលរួមអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ "គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព"។

សម្តេចតេជោ បានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៧មក ព្រះរាជាណាចក្រកម្ពុជាយើង​ បានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ ខែតុលា។ សម្រាប់ប្រធានបទទិវាគ្រូបង្រៀនឆ្នាំ២០២៣នេះគឺ "គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព" ក្នុងគោលបំណងដើម្បីបំផុសនូវគ្រប់ភូមិសិក្សាទូទាំងប្រទេស និងរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ច ជាអ្នកបណ្ដុះបណ្ដាលដើម្បីផ្ទេរនូវតម្លៃ ព្រមទាំងទូន្មានឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា គ្រូបង្រៀនត្រូវបានចាត់ទុកជា មាតាបិតា ទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា របស់យើងដែលជាទំពាំងស្នងឬស្សី។ ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ នៅក្រោយឆ្នាំ១៩៧៩ ដែលយើងបានងើបចេញពីរបបប្រល័យពូជសាសន៍ ដែលបានបំផ្លាញគ្មានសល់ទាំងធនធានមនុស្ស និងហេដ្ឋាចរនាសម្ព័ន្ធនោះ សង្គមយើងបានកសាងធនធានមនុស្សបានយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ចូលរួម កសាង និងអភិវឌ្ឍប្រទេសជាតិរហូតមកទល់ពេលបច្ចុប្បន្ន។នេះជាគុណបំណាច់ និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ អ្នកគ្រូ ៕ ដោយ៖ dara

No comments:

Post a Comment