Saturday, October 7, 2023

ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត ចុះជួបសំណេះសំណាល និងនាំអំណោយចែកជូនវរសេនាតូចលេខ៣៨៥ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

(ព្រះវិហារ)៖ លោក ហូ សិទ្ធីគុណ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តំណាងលោក ហូ សិទ្ធី នាយកខុទ្ទកាល័យ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយជាថវិកា សម្ភារ មកចែកជូននាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពវរសេនាតូចលេខ៣៨៥ ឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ សមូរភូមិមុខទិសទី១ប្រាសាទព្រះវិហារ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនេះ លោក ហូ សិទ្ធីគុណ បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូននាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារ ចំណុះវរសេនាតូច៣៨៥ទាំងអស់ ពិសេសសូមជូនពរ នាយទាហាន នាយទាហាន ពលទាហាន និងគ្រួសារ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ជួបតែសេចក្តីសុខ និងសុខភាពល្អគ្រប់ៗគ្នា។

ក្នុងនាមលោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោក ហូ សិទ្ធីគុណ បានថ្លែងជម្រាបជូន នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពវរសេនាតូចលេខ៣៨៥ ពីការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់ខុទ្ធកាល័យសម្តេចមហាបវរធិបតី ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយវរសេនាតូចលេខ៣៨៥ គឺជាទៀងទាត់ណាស់ក្នុង១ឆ្នាំ៣ដង គឺមុនពិធីបុណ្យចូលឆ្នាំ មុនពិធីបុណ្យភ្ជុំបិណ្ឌ និងមុនពិធីបុណ្យ៧មករា តែងចុះមកសួរសុខទុក្ខជានិច្ច។ហើយកន្លងមកទោះបីលោកនាយកខុទ្ធកាល័យ មិនបានមកដោយផ្ទាល់ក៏ពិតមែន តែលោកបានចាត់តំណាងគឺ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន និងលោកឧត្តមសេនីយ៍ទោ ផាន់ និមិត្ត មកជំនួស។

លោក ហូ សិទ្ធីគុណ ក៏បានថ្លែងប្រាប់នាយទាហាន នាយទាហានរង និងពលទាហានក្នុងអង្គភាពវរសេនាតូច៣៨៥ ពីសភាពការណ៍នៅតាមខ្សែបន្តាត់ព្រំដែន កម្ពុជា-ថៃ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ជំនួសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺសភាពការណ៍តាមព្រំដែននៃប្រទេសទាំង២មានសភាពស្ងប់ស្ងាត់ល្អ នេះក៏ដោយសារសម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ មានការស្និតស្នាលខ្លាំង ចាប់តាំងពីថ្ងៃឡើងកាន់តំណែងដំបូងព្រមគ្នា។

លោក ហូ សិទ្ធីគុណ សំណូមពរដល់ នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវគោរពឲ្យបាននូវបទបញ្ជា និងបេសកកម្មណាមួយដែលទទួលពីថ្នាក់លើ ដើម្បីកំចាត់កុំឲ្យមាននៃអំពើបែកបាក់សាមគ្គីភាព សុខសន្តិភាព ជាពិសេសបូរណៈភាពទឹកដី ដែលថ្នាក់ដឹកនាំគ្រប់ជំនាន់ ដែលយើងទាំងអស់គ្នាបានថែរក្សាកន្លងមកដោយលំបាក និងត្រូវរក្សាសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានល្អ ខំហ្វឹកហាត់នូវយុទ្ធវិធីរបស់កងទ័ពកុំបីខាន។

លោក ហូ សិទ្ធីគុណ បានថ្លែងអំណរគុណដល់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ អ្នកឧកញ៉ា ពង្ស ឃាវសែ អគ្គនាយកធានាគារកាណាឌីយ៉ា និងភូមិវប្បធម៌សៀមរាប ក៏ដូចជាលោក អ៊ូច ឌីណា លោក ហាក់ ចាន់រឿន លោក ឡុញ ហ៊ាល និងលោក តាំង ស៊ុយជា ដែលបានចូលរួមជាមួយខុទ្ទកាល័យសម្តេចធិបតី ឧបត្ថម្ភថវិកា និងសម្ភារជូនដល់កងទ័ព ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព។

សូមបញ្ជាក់ថា អំណោយរបស់ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាំមកចែកជូននៅពេលនេះរួមមាន៖ ជូនអង្គភាពវរេសនាតូចលេខ៣៨៥ ថវិកា៥,០០០ដុល្លា ជូននាយ និងពលទាហាន ចំនួន៣០០នាក់ ក្នុងម្នាក់ថវិកា១៦០,០០០រៀល, ថ្នាំពេទ្យ១៣ប្រភេទ, ក្រម៉ាចំនួន១០០, ត្រសក់ចាវចំនួន១៥០គីឡូ, ស្ករក្រហមចំនួន១០០គីឡូ, នំធុងចំនួន២០ធុង, ទឹកផ្លែឈើចំនួន៤០កេស, ភេសជ្ជៈប៉ូវកម្លាំងចំនួន២០កេស, មីចំនួន៤០កេស, ទឹកសុីអុីវចំនួន២០យួរ, ទឹកត្រីចំនួន២០យួរ ហើយលោកសន្យាថា នាឱកាសក្រោយ លោកនឹងរៀបចំកម្មវិធីពិសាអាហាសាមគ្គីជួបជុំគ្នា ជាមួយនាយទាហាន នាយទាហានរង និងពលទាហាននៅទីនេះម្តង៕

No comments:

Post a Comment