Monday, November 13, 2023

សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូលលើផលិតផលកសិកម្ម ចំនួន៥មុខ, មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសិត្វ និងផលិតផលដូចប្រេង


 សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងប្រាក់រំដោះពន្ធលើផលិតផលកសិកម្ម ចំនួន៥មុខបន្ថែមទៀត តាមការស្នើសុំរបស់វិស័យឯកជន ដែលក្នុងនោះរួមមាន៖ មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសិត្វ និងផលិតផលដូចប្រេង បន្ថែមលើផលិតផលដែលមានស្រាប់រួមមាន៖ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី ស្វាយចន្ទី និងជ័រកៅស៊ូ។

ការសម្រេចនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩ និងប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្រាប់ការរៀបចំវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន លើកទី១៩នេះ ពិសេសតាមរយៈក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ក្រុម «ក» និងក្រុមការងារផ្នែកស្រូវអង្ករ ក្រុម «ឈ» វិស័យឯកជន មកពីអនុវិស័យជាច្រើន នៃវិស័យកសិកម្ម បានស្នើសុំប្រហាក់ប្រហែលគ្នាពោលគឺ

* ទី១៖ ស្នើសុំពន្យារសុពលភាព នៃការអនុគ្រោះពន្ធ ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ២០២៣
* ទី២៖ ស្នើសុំផ្តល់ការអនុគ្រោះដូចគ្នា ដល់ផលិតផលកសិកម្មមួយចំនួនទៀត
* ទី៣៖ ស្នើសុំបន្ថែមលើការលើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល។

បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាការឆ្លើយតបរាជរដ្ឋាភិបាល សម្រេចផ្តល់ជូនតាមការស្នើសុំរបស់វិស័យឯកជន ដោយដាក់ចេញនូវគោលការណ៍ដូចខាងក្រោម៖
* ទី១៖ បន្តការលើកទឹកចិត្តផ្នែកពន្ធដារ ចំនួន២ឆ្នាំបន្តទៀត ស្របតាមប្រកាសលេខ២៥២ សហវ.ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ការបន្តលើកទឹកចិត្ត នឹងត្រូវពិនិត្យជាក់ស្ដែង អំពីភាពចាំបាច់នៃការបន្ត ឬមិនបន្តនៅក្នុងរយៈពេលពីរឆ្នាំម្ដង។

* ទី២៖ បន្ថែមផលិតផលកសិកម្ម ចំនួន៥មុខទៀត ដែលកំពុងមានសក្ដានុពល គឺមៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេងនៅក្នុងស្រុក ដែលជាវត្ថុធាតុដើមផលិតចំណីសត្វ។ ដោយអនុវត្តយន្ដការលើកទឹកចិត្តដូចគ្នានឹង ប្រកាសលេខ២៥២ ស្ដីពីការការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ដោយភ្ជាប់លក្ខខណ្ឌតម្រូវឲ្យមានការផ្តល់បញ្ជីឈ្មោះ អ្នកផ្គត់ផ្គង់ទំនិញ ឬសេវាកម្មឲ្យបានច្បាស់លាស់ ទៅអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ផ្ទៀងផ្ទាត់។

* ទី៣៖ លើកលែងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ចំពោះសហគ្រាសដាំដុះ ផលិត និងផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញផលិតផលកសិកម្ម រួមមាន ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី ស្វាយចន្ទី និងជ័រកៅស៊ូ ដោយបន្ថែមមៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតផលផលដូងប្រេងនៅក្នុងស្រុក ដែលជាវត្ថុធាតុដើម ក្នុងការផលិតផលិតចំណីសត្វក្នុងស្រុក សម្រាប់រយៈពេលពីរឆ្នាំ គឺឆ្នាំ២០២៤ និងឆ្នាំ២០២៥។

គួរជម្រាបថា ប្រកាសលេខ ២៥២ សហវ.ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ អង្ករ ពោត សណ្ដែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ មានគោលបំណងជំរុញ និងគាំទ្រដល់ផលិតកម្ម ការផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ នូវផលិតផលកសិកម្មស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

បើតាមអ្វីដែលកំណត់ប្រកាសនេះ នឹងបញ្ឈប់ការលើកទឹកចិត្តពន្ធដារ នៅដំណាច់ឆ្នាំ២០២៣នេះ ប៉ុន្ដែរាជរដ្ឋាភិបាល បានកែប្រែការសម្រេចចិត្តនេះ ដោយបន្ដអនុវត្តរយៈពេល២ឆ្នាំទៀត ពោលរហូដល់ឆ្នាំ២០២៥៕

No comments:

Post a Comment