Wednesday, November 22, 2023

នាយករដ្ឋមន្ត្រី ជំរុញឱ្យបើកដំណើរការ សាងសង់កំពង់ផែទឹកជ្រៅព្រះសីហនុ នៅចុងឆ្នាំនេះ


កំពង់ឆ្នាំង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញដល់​ភាគីពាក់ព័ន្ធត្រូវធ្វើយ៉ាងណា សម្រេចឲ្យបាន​ ការបើកដំណើរការសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ នៅចុងឆ្នាំ២០២៣នេះ​ ដើម្បីអបអរសាទរ ខួប៧០ឆ្នាំ ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ។


ការប្រកាសដាច់ខាត ត្រូវសម្រេចឲ្យបានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់កម្ពុជា ខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ ផ្លូវជាតិលេខ៥ ជាមួយឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី២២ វិច្ឆិកានេះ ។

តាមគម្រោងដំណើរការសាងសង់នេះ អាចនឹងត្រូវធ្វើឡើង នៅថ្ងៃទី២២ ខែធ្នូចុងឆ្នាំ២០២៣នេះ នេះបើតាមការបង្ហេីបក្នុងសុន្ទរកថារបស់សម្តេចធិបតី លើវេទិកា នៅពេលដែលនិយាយដល់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ បើទោះបីជាសម្តេចមិនបានគូសបញ្ជាក់​ ឲ្យច្បាស់យ៉ាងណា ក៏នេះជាតម្រុយមួយ ដែលអាចយកជាការបានដែរ ។



ក្នុងសុន្ទរកថាសម្តេចធិបតី មានប្រសាសន៍ថា “ជាមួយគម្រោងឥណទានរបស់ជប៉ុន ដែលយើងបានធ្វើហើយ អរគុណណាស់រដ្ឋាភិបាលជប៉ុន ដែលយកចិត្តទុកដាក់ ក្នុងការជួយពង្រឹងនូវកំពង់ផែយុទ្ធសាស្ត្រនេះ ផ្លូវជាតិលេខ៥ កំពង់ផែរយុទ្ធសាស្ត្រដែលយើងធ្វើ ។ ពេលដែលយើងឥឡូវ ​ថ្ងៃទី២២ ខែ១២ ហើយអរគុណណាស់ ឯកឧត្តម ស៊ុន ចាន់ថុល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរត្ន និងខាងក្រុមការងាររបស់យើង Logistic នៅខាងជប៉ុន ជាពិសេស ឯកឧត្តម ឯកអគ្គរដ្ឋទូតជប៉ុន ដែលខិតខំជំរុញការចរចារ ព្រោះកាល៣សប្តាហ៍មុន ខ្ញុំជួបរបាយការណ៍ ពីឯកឧត្តម លូ គឹមឈន់ មក គឺថាឥឡូវ យើងជំរុញ ប៉ុន្តែមានការឯកភាព សម្តេចតេជោ មានការឯកភាព ប៉ុន្តែការចរចារនៅក្នុងការបង្កើតតំណាក់កាលទី១ និងការពង្រីកនោះ វាមិនទាន់ចេញ នៅជាប់ផ្អឹបគន្លឹះមួយចំនួន តែជិតចេញ” ។

ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា “ខ្ញុំសុំឲ្យឯកឧត្តម ស៊ុន ចាន់ថុល ថាធ្វើមិច ឲ្យបានមុនបំណាច់ឆ្នាំ២០២៣ឲ្យខ្ញុំ ដើម្បីយើងធ្វើការសម្ពោធបុកគ្រឹះ ដើម្បីចាប់ផ្តើមធ្វើតែម្តង ព្រោះ២០២៣​ គឺខួប៧០ឆ្នាំ នៃទំនាក់ទំនង ចឹងនេះ គឺជានិមិត្តរូបធំ ចឹងយើងសម្ពោធផ្លូវនេះហើយ យើងសម្ពោធផែទៀត ហើយជប៉ុនថ្ងៃមុនក៏បានជួយនូវឥទានឥតសំណង នូវការផ្តល់ប្រព័ន្ធលើកដាក់របស់យើង ចឹងតិចទៀត ពេលដែលយើងធ្វើពង្រីកផែជម្រៅទី១នេះ កប៉ាល់ជាង៩៣% ដែលចូលបាន យើងពង្រីកបាន១០ម៉ែត្រជាង ចឹងជៀសជាងយើងជាប់នៅក្រៅ ​ហើយយកទៅសាង យើងបានដឹកចូលទៅដល់ក្នុងតែម្តង ចឹងបានច្រើន ហើយពង្រីកទី២ ទី៣ទៅទៀត ពេលនោះ ផែយើងទឹកជ្រៅ គឺកប៉ាល់ទាំងអស់ អាចចូលមកយើងបាន ចឹងគឺថា ផែខេត្តព្រះសីហនុរបស់យើង គឺជាផែមួយដែលមានសក្ដានុពលធំ ដើម្បីបម្រើសេដ្ឋកិច្ចជាតិ មិនត្រឹមតែអ្នកខេត្តព្រះសីហនុ តែបម្រើទូទាំងប្រទេសតែម្តង ។

សូមរំលឹកថា គម្រោងសាងសង់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុជំហានទី១នេះ ត្រូវបានពន្យារពេលសាសង់ជាច្រើនលើកច្រើនសារ ហើយតាមផែនការ ដើម្បីសាងសង់ គ្រោងចំណាយជាង ២០០លានដុល្លារអាមេរិក ខណៈពេលដែលការសាងសង់ដំណាក់កាលទី១ រួចរាល់ កំពង់ផែទឹកជ្រៅនេះ អាចអនុញ្ញាតឱ្យកប៉ាល់ប្រមាណ ៩៣% ដែលធ្វើដំណើរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចចូលចតនៅកំពង់ផែនេះបាន៕

No comments:

Post a Comment