Tuesday, December 12, 2023

កម្ពុជា ប្រារព្ធខួបលើកទី១៧ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស»


 រាជរដ្ឋាភិបាលកម្ពុជា នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំប្រារព្ធខួបលើកទី១៧ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស»

ការប្រារព្ធទិវាជាតិនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវ។ ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ បណ្ដាក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ព្រះសង្ឃ អាជ្ញាធរជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងបណ្ដាដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៉ីវិល សិស្សានុសិស្ស ប្រជាពលរដ្ឋសរុបប្រមាណ៣,០០០នាក់។

នេះគឺជាយុទ្ធនាការដ៏ធំប្រចាំឆ្នាំមួយរបស់គណៈកម្មាធិការជាតិ ដែលមានគោលបំណងផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដល់សាធារណជនជាតិ និងអន្តរជាតិ ដោយអំពាវនាវដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន យុវនារី ព្រមទាំងអង្គការដៃគូ ជាតិ អ​ន្តរជាតិ វិស័យឯកជន ក៏ដូចជាបព្វជិត គ្រប់និកាយសាសនាទាំងឡាយនៅទូទាំងប្រទេសកម្ពុជា ឲ្យចូលរួមសហការ ដើម្បីការពារប្រជាពលរដ្ឋក្មេង ចាស់ ប្រុស ស្រី ពីរាល់ទម្រង់នៃជួញដូរមនុស្ស​ និងការកេងប្រវ័ញ្ចគ្រប់រូបភាព។

យោងតាមរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិប្រយុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្ស ដែលចេញកាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ បានឲ្យដឹងថា ការងារបង្ក្រាប និងសង្គ្រោះជនរងគ្រោះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នង ការដ្ឋាននគរបាលជាតិ ព្រមទាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន៨៧ករណី (ធៀបនឹងឆមាសទី១ ឆ្នាំ២០២២ មានចំនួន៧៤ករណី កើនឡើងចំនួន១៤ករណី) ស្មើនឹង១៧,៥៦%។

ក្នុងនោះ ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ៩៦នាក់/៨៣នាក់ (ស្រី១៥នាក់) អនីតិជន១៥នាក់។ ជនសង្ស័យបរទេសចំនួន ០៤នាក់ (ស្រី០១នាក់) មានជនជាតិ (ចិន០១នាក់, ហ្វីលីពីនសី០១នាក់ អាមេរិក០១នាក់ និងជនជាតិវៀតណាម ០១នាក់)។ សង្គ្រោះជនរងគ្រោះ ចំនួន ២៨១នាក់/១៥៦នាក់(ស្រី ១៧៧នាក់) ក្នុងនោះ អាយុក្រោម១៥ឆ្នាំ ៧៨នាក់ អាយុ១៥-១៧ឆ្នាំ ២៣នាក់ និងអាយុពី១៨ឆ្នាំឡើង ១៨០នាក់(ប្រគល់ឱ្យមន្ទីរសង្គមកិច្ច ៧០នាក់ និង ប្រគល់ឱ្យគ្រួសារ ២១១នាក់) ក្នុងនោះចែកជា៖

* ករណីអំពើជួញដូរមនុស្ស៖ បង្ក្រាបបាន១០ករណី/១៦ករណី (ថយចុះ០៦ករណី) ឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ (ស្រី០២នាក់) អនីតិជន០១នាក់ ជនបរទេស០៣នាក់ (ស្រី០១នាក់) មានជនជាតិចិន០១នាក់, ហ្វីលីពីនស្រី០១នាក់ អាមេរិក០១នាក់។ សង្គ្រោះជនរងគ្រោះចំនួន ១៤៣នាក់ (ស្រី៤៩នាក់) ក្នុងនោះ អាយុក្រោម១៥ឆ្នាំ ០៦នាក់ អាយុ១៥-១៧ឆ្នាំ ០៣នាក់ និងអាយុ១៨ឆ្នាំឡើង ១៣៤នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ១១នាក់ និងប្រគល់ឱ្យគ្រួសារ ១៣២នាក់)។

* ករណីអំពើធ្វើអាជីវកម្មផ្លូវភេទ៖ បង្ក្រាបបាន ៧៧ករណី/៥៨ករណី (កើន១៩ករណី) ឃាត់ខ្លួនជនសង្ស័យចំនួន ៨៥នាក់ (ស្រី១៣នាក់) អនីតិជន១៤នាក់ និងជនជាតិវៀតណាម០១នាក់។ សង្គ្រោះជនរងគ្រោះចំនួន ១៣៨នាក់ (ស្រី១៣៧នាក់) មានអាយុក្រោម១៥ឆ្នាំ ៧២នាក់ អាយុ១៥-១៧ឆ្នាំ ២០នាក់ និងអាយុ១៨ឆ្នាំឡើង ៤៦នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ៥៩នាក់ និងប្រគល់ឲ្យគ្រួសារ ៧៩នាក់)។

ដោយឡែក សម្រាប់ការផ្សព្វផ្សាយដោយផ្ទាល់វិញក្នុងឆមាសទី១ ឆ្នាំ២០២៣ តាមរយៈយុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាព អីនធឺណិត និងវេទិកាផ្សព្វផ្សាយជាសាធារណៈ ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» និងតាមកម្មវិធីផ្សេងៗ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រាជធានី-ខេត្ត បានសហការជាមួយអង្គការដៃគូ សរុបចំនួន ១១៩,៣០៦លើក មានអ្នកចូលរួមសរុបចំនួន ៤,០៥៤,៣៦៥នាក់ (ធៀបនឹងឆមាសទី១ ឆ្នាំ២០២២ មានចំនួន២,៣៤៣,០៣៧នាក់) គឺមានការកើនឡើង ចំនួន ១,៧១១,៣២៨នាក់ ស្មើនឹង៤២.២០%៕


No comments:

Post a Comment