Monday, December 18, 2023

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំ ពិនិត្យ និងផ្ដល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្ត


 អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ និងផ្ដល់យោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្ត នៅមន្ទីរផែនការខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា នៅក្នុងសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៤-២០២៦ របស់រដ្ឋបាលខត្ត មានគម្រោងវិនិយោគកំពុងដំណើរការចំនួន ១០គម្រោង ដែលត្រូវចំណាយថវិកាចំនួនជាង ៣០ពាន់លានរៀល និងគម្រោង ដែលមានថវិកាគាំទ្រមានចំនួន ៤៥១គម្រោង ដែលត្រូវចំណាយថវិកាចំនួន ៩១៩ ៨៩៦លានរៀល (ជាងប្រាំបួនរយ ដប់ប្រាំបួនពាន់លានរៀល) ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៤។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គម្រោងទាំងនេះពិតជាស្ដែងឡើងនូវការរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យប្រជាពលរដ្ឋ មានកំណើនសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ហើយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត ដើម្បីរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យប្រជាពលរដ្ឋរួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយជាបន្តបន្ទាប់ឥតឈប់ឈរ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងផងដែរថា ក្នុងអាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ និងអង្គភាពស្ថាប័នរបស់រដ្ឋបាលខេត្ត បានខិតខំបំពេញកាតព្វកិច្ច អនុវត្តតាម យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយកំណែទម្រង់ នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រេចបានលទ្ធផលគួរជាទីពេញចិត្តបានធ្វើឲ្យទីក្រុង ទីប្រជុំជន និងជនបទមានភាពស្រស់បំព្រងគ្រប់រដូវកាល។

ជាក់ស្តែងទោះបីកម្ពុជា រងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ផលប៉ះពាល់សេដ្ឋកិច្ច សកលយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែមានលទ្ធភាពក្នុងការឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក និងគ្រួសារងាយរងហានិភ័យ ប្រមាណជាងមួយលានពីរសែនគ្រួសារ នៅទូទាំងប្រទេសផងដែរ៕

No comments:

Post a Comment