Saturday, December 23, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារព័ត៌មានដើរតួនាទីសំខាន់ ក្នុងការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើនីតិរដ្ឋ, ផ្តល់ព័ត៌មានពិត, ផ្តល់ការអប់រំ, ចូលរួមចំណែកកែលម្អសង្គម និងបង្ហាញសកម្មភាពការងាររបស់រាជរដ្ឋាភិបាល


 សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សារព័ត៌មានដើរតួនាទីសំខាន់ ក្នុងការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើនីតិរដ្ឋ, ផ្តល់ព័ត៌មានពិត, ផ្តល់ការអប់រំ, ចូលរួមចំណែកកែលម្អសង្គម និងបង្ហាញសកម្មភាពការងាររបស់រាជរដ្ឋាភិបាល។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជា​អធិបតី​ក្នុង​ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង​ព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដែរថា ការប្រើប្រាស់ព័ត៌មានដោយត្រឹមត្រូវ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍ ថែរក្សាសន្តិភាព ផ្តល់ថាមពលដល់ពលរដ្ឋក្នុងការសម្រេចចិត្ត និងការដាក់ចេញវិធានការដ៏មានប្រសិទ្ធភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យព័ត៌មាន ជាកាតាលីករយ៉ាងសំខាន់ នៅក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយអំពីសង្គមជាតិ និងការបង្ហាញពីតថភាពសង្គម និងការអភិវឌ្ឍជាក់ស្តែងក្នុង ដំណើរការកសាង និងអភិវឌ្ឍប្រទេសកន្លងមក វិស័យព័ត៌មាន បានរួមចំណែកសូចនាករដ៏សំខាន់ ដូចជា៖

*ទី១៖ ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកតាមមូលដ្ឋាននីតិរដ្ឋ
*ទី២៖ បញ្ជូនព័ត៌មានពិត និងរហ័សទាន់ពេល
*ទី៣៖ ផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង
*ទី៤៖ ជាឆ្មាំត្រួតពិនិត្យសង្គមដ៏ស្មោះត្រង់
*ទី៥៖ ចូលរួមចំណែកកែលម្អសង្គមតាមរយៈ ការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ធាតុចូល នៅក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាព របស់រាជរដ្ឋាភិបាល»។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៥ខែមកនេះ សម្តេចទទួលបានព័ត៌មាន និងដោះស្រាយបញ្ហាជាច្រើនក្នុងសង្គម តាមរយៈព័ត៌មានពីបណ្តាញសង្គម។ សម្តេចធិបតី បានលើកទឹកចិត្តឱ្យ អភិបាលរាជធានី-ខេត្ត តាមដានព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន គឺមានសារសំខាន់ណាស់ ក្នុងការថែរក្សាតម្លៃរបស់អ្នកសារព័ត៌មាន។ ដើម្បីថែរក្សាតម្លៃសារព័ត៌មាន អ្នកសារព័ត៌មានត្រូវរួមគ្នាការពារកុំឱ្យអ្នកសារព័ត៌មានប្រព្រឹត្តទង្វើខុសក្រមសីលធម៌វិជ្ជាជីវៈ។

សូមជម្រាបថា បើតាម ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចុប្បន្ន កម្ពុជាមានសារព័ត៌មានជាង២ពាន់អង្គភាព និងអ្នកសារព័ត៌មានប្រមាណ ១ម៉ឺននាក់៕

No comments:

Post a Comment