Tuesday, December 26, 2023

កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ អនុម័តឯកសារសំខាន់ចំនួន៣

 


កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ដែលត្រូវបានរៀបចំឡើង នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ បានបញ្ចប់ដោយភាពជោគជ័យ​ និងបានអនុម័តឯកសារសំខាន់ចំនួន០៣។

ឯកសារសំខាន់ចំនួន០៣ ដែលត្រូវបានអនុម័ត រួមមាន៖

* (១)៖ សេចក្តីថ្លែងការណ៍ទីក្រុងណៃពិដោ នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤
* (២)៖ ផែនការសកម្មភាពប្រាំឆ្នាំស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧)
* និង (៣)៖ គំនិតផ្ដួចផ្ដើមរួមស្ដីពីការអភិវឌ្ឍច្រករបៀងនវានុវត្តន៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលមានសារៈសំខាន់ចូលរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀត នៅក្នុងតំបន់មេគង្គ-ឡានឆាង។

កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៤ ត្រូវបានរៀបចំឡើងក្រោមមូលបទ «ចូលរួមកសាងសហគមន៍វាសនារួមគ្នា និងមានទំនើបកម្មក្នុងបណ្តាប្រទេសមេគង្គ-ទ្បានឆាង» តាមរយៈប្រព័ន្ធវីដេអូ ដែលដឹកនាំដោយសហប្រធាន លោក មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និង លោក លី ឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំក៏មានការចូលរួមពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ និង លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងការពេញចិត្តជាមួយនឹងលទ្ធផលជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាពិសេសលទ្ធផលផ្លែផ្កាពីការអនុវត្តគម្រោងចំនួន ៨៩ នៅកម្ពុជា ក្រោមមូលនិធិពិសេសមេគង្គ-ឡានឆាង តាំងពីឆ្នាំ ២០១៧។

ចំពោះការអភិវឌ្ឍនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្តេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារសំខាន់នៃការកសាងសហគមន៍ដែលមានវាសនារួមគ្នានៃសន្តិភាព និងវិបុលភាព ក្នុងចំណោមប្រទេសមេគង្គ-ឡានឆាងឱ្យកាន់តែប្រសើរឡើង ដោយគាំទ្រចំពោះ «ខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ច» ដែលផ្តោតលើប្រជាជន និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងអនុតំបន់និងការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល តាមរយៈការពង្រឹងការតភ្ជាប់ក្នុងតំបន់និងកិច្ចសហប្រតិបត្តិការផ្នែកឧស្សាហកម្ម ព្រមទាំងជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន និងភាពប្រកួតប្រជែងរយៈពេលវែងរបស់តំបន់យើង៕


CATEGORIES

No comments:

Post a Comment