Wednesday, December 27, 2023

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ

 


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។

ខាងក្រោមខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ថ្ងៃនេះសម្តេចមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នៃគម្រោងអភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់ ក្នុងរាជធានីភ្នំពេញ» ដែលជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹក ក៏ដូចជាការជូនពរពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខួប៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុន ជិតបិទបញ្ចប់ហើយ តែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការថ្មី រវាងកម្ពុជា និងជប៉ុននៅមានជាច្រើនទៀត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន, ជប៉ុន បានរួមចំណែកច្រើនណាស់ដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា និងជប៉ុន មានទំនាក់ទំនងចាប់ពីក្សត្រ រហូតដល់ប្រជាពលរដ្ឋសាមញ្ញ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ជានិមិត្តរូបនៃការបន្តកិច្ចអភិវឌ្ឍន៍ពីនីតិកាលចាស់ មកនីតិកាលថ្មី និងការបន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បឹងជើងឯក បានប្រែក្លាយពីកន្លែងដែលគេសម្លាប់មនុស្សប្រមាណ២ម៉ឺននាក់ នៅក្នុងរបប ប៉ុលពត ក្លាយទៅជាកន្លែងជួបជុំ និងអភិវឌ្ឍន៍រស់រវើកក្នុងសម័យសុខសន្តិភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃដែលខ្មែរបញ្ចប់សង្គ្រាម «២៩-ធ្នូ-១៩៩៨» គឺជាទិវាសន្តិភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទឹកដីខ្មែរគ្រប់ទីកន្លែង សុទ្ធតែជាទឹកដីជូរចត់ក្នុងពេលស្រុកជួបភ្លើងសង្គ្រាម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដរាបណាសុខសន្តិភាពនៅតែរក្សាបាន តំបន់បឹងជើងឯក នឹងកាន់តែរីកចម្រើន។ នេះជាមោទនភាពរបស់ខ្មែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើរដ្ឋាភិបាល និងប្រជាជនជប៉ុន បន្តគាំទ្រដល់កិច្ចអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការទាំងឡាយនៅកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដរាបណាមានសុខសន្តិភាព ជាតិនៅតែបន្តអភិវឌ្ឍន៍, នេះជាមោទនភាពរបស់កម្ពុជា

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្ងៃម្សិលមិញសម្តេចបានដឹកនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រុមការងារពង្រឹងសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទស្សនៈរបស់សម្តេចផ្តោតជាសំខាន់ទៅលើបញ្ហារបស់ប្រជាពលរដ្ឋ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចពេញចិត្តនឹងសម្តីរបស់លោក វីនស្តុន ឆឺឈីល អ្នកនយោបាយអង់គ្លេស ដែលបានលើកឡើងថា «បើរវល់គប់គ្រប់តែឆ្កែ មិនអាចទៅដល់គោលដៅឡើយ»។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្ឃគ្រងស្បង់ចីពរ និយាយភូតកុហក់គេ គឺបាបខ្លាំងណាស់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនបានខ្ចីលុយបំណុលចិនមកសាងសង់នោះទេ គឺសង់ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ក្នុងទម្រង់ BOT។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនជឿថាមន្ត្រីក្រសួងសេដ្ឋកិច្ចល្ងង់ដូចផ្សាយបំភ្លៃរបស់ព័ត៌មានប្រតិក្រិយានោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលប្រឹងប្រែងសង់ព្រែកជីកហ្វូណន-តេជោ ដើម្បីពង្រីកការដឹកជញ្ជូនតាមផ្លូវទឹក ដែលមានផលចំណេញច្រើនសម្រាប់សេដ្ឋកិច្ច។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សារព័ត៌មានឌឹខេមបូឌាដេលី ជ្រកក្រោមស្លាកសារព័ត៌មាន តែធ្វើសកម្មភាពថោកទាប។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមប្រឆាំងក្រៅប្រទេស ជាក្រុមប្រឆាំង ដើម្បីតែប្រឆាំង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ ប្រមូលផ្តុំអ្នកជំនាញសិក្សា និងគិតខ្លាំងណាស់ ដើម្បីធានាប្រយោជន៍សម្រាប់ជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដែលសម្តេចចេញប្រតិកម្មលើ​ការ​ផ្សាយបំភ្លៃរបស់ឌឹខេមបូឌាដេលី លើគម្រោងព្រែកជីកហ្វូណន-តេជោ គឺជាការការពារភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងមន្ត្រី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនខ្លាចព័ត៌មានអវិជ្ជមាននោះឡើយ។ ព័ត៌មានអវិជ្ជមាននេះហើយ បានជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលដោះស្រាយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យអ្នកសារព័ត៌មានគោរពក្រមសីលធម៌វិជ្ជាជីវៈ ផ្សាយព័ត៌មានពិតគ្រប់ជ្រុងជ្រោយ បើខុសត្រូវហ៊ានកែតម្រូវ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អាជ្ញាធររាជធានី ខេត្ត យកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់ ទប់ស្កាត់ឱ្យបានការប៉ុនប៉ងបង្កចលាចលនានា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងទេសចរណ៍ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីរៀបចំតុបតែងលម្អ ទីតាំងកំសាន្តសប្បាយឱ្យបានច្រើនសម្រាប់បម្រើជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក្នុងឱកាសអបអរសាទរឆ្នាំសកលឆ្នាំ ២០២៤, ជាពិសេសទីតាំងសម្រាប់ការរាប់ថយក្រោយឆ្លងឆ្នាំសកល (Countdown) និង សូមលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រគុំតន្ត្រី សម្ដែងសិល្បៈ កីឡាប្រដាល់គុនខ្មែរ និង ជម្រើសនៃការកម្សាន្តផ្សេងៗទៀត ដើម្បីបង្កើនការទាក់ទាញទាំងភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងទេសចរណ៍ និងគណៈកម្មាធិការ​ជាតិ​វាយតម្លៃទីក្រុងស្អាត ត្រូវបន្តរៀបចំកម្មវិធីប្រកួតប្រជែង «ទីក្រុងដែលមានពិធី​បុណ្យ​ឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ (Best Countdown City of the Year)» ដោយត្រូវពិនិត្យ និង វាយតម្លៃផ្អែកលើលក្ខណៈពិសេសសំខាន់ៗ ដូចជាសន្តិសុខ-សុវត្ថិភាព អនាម័យ-បរិស្ថាន ការតុបតែងលម្អ ជម្រើស​នៃការ​កម្សាន្ត ទីតាំងកំសាន្តសប្បាយ ភាពពេញចិត្ត និង ភាពសប្បាយរីករាយ​របស់ភ្ញៀវ​ទេសចរ ព្រោះនេះ គឺ ជាផ្នែកមួយនៃការលើក​កម្ពស់​វិស័យទេសចរណ៍​ជាតិ​ឱ្យកាន់​តែប្រសើរឡើង។

































No comments:

Post a Comment