Friday, December 22, 2023

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ បន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀន ដើម្បីសុខភាពសិក្សា

 


រាជធានីភ្នំពេញ ៖ នោថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលពហុបំណងក្រសួងអប់រំ យុវជន និងកីឡា មានបើកកិច្ចប្រជុំពិនិត្យលើ៖ កីឡាគ្មានថ្នាំជក់  គ្រឿងញៀន និងការចាត់វិធានការបន្តលើការប្រើប្រាស់និងចែកចាយបារីអេឡិចត្រូនិក ដែលជាច្រកចូលទៅប្រើប្រាស់គ្រឿងញៀន នាំមហន្តរាយសុខភាពដល់មូលធនមនុស្ស។

ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ពីគោលបំណងសំខាន់នៃសុខភាពសិក្សាគឺបណ្តុះនូវសម្បទាទាំង៥  ចំណេះដឹង បំណិន កាយ ចរិយា និងស្មារតីស្នេហាជាតិសម្បទា ដែលក្នុងនោះបញ្ហាប្រឈមដល់ការបណ្តុះបាននូវសម្បទាទាំង៥ គឺបញ្ហាផ្សែងបារី បារីអេឡិចត្រូនិក ក្នុងនោះបញ្ហាគ្រឿងញៀនជាបញ្ហាចម្បង នាំឱ្យប៉ះពាល់ដល់មូលធនមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានបង្ហាញថា ៨២ភាគរយគឺអ្នកប្រើប្រាស់បារីបារីអេឡិចត្រូនិក វេប គឺពួកគាត់ទិញបានយ៉ាងសម្បូរបែបជាចំហំតាមប្រព័ន្ធonline ហើយគោលដៅទៅលើមនុស្សវ័យក្មេង។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្រុមការងារបរិស្ថានគ្មានផ្សែងបារី នៃក្រសួងទេសចរណ៍ បានលើកឡើងថា ការងារនេះទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេមកន្លងមក។ 

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអំណរគុណ កោតសសើរ ដល់កិច្ចខិតខំរបស់គ្រប់សមាសភាពទាំងអស់ពិសេសក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តទុកដាក់ដល់អនាគតយុវជនតាមរយ:ការពង្រឹងនូវសុខភាពសិក្សា ចំណីអាហារ  បរិស្ថាន អាហារូបត្ថម្ភ គ្រឿងញៀន ផ្សែងបារី គ្រឿងស្រវឹង ជាដើម។ល។

ជាមួយនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានសំណូមពរដល់គ្រប់សមាសភាពទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង ពង្រីកការងារផ្សព្វផ្សាយអប់រំ រាល់ឯកសារបទដ្ឋានពាក់ព័ន្ធនានាឱ្យបានទូលំទូលាយដើម្បីឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:បានយល់ដឹងកាន់តែច្បាស់ និងចូលរួមអនុវត្តកាន់តែសកម្មបន្ថែមទៀតដើម្បីសហគមន៍មានសុវត្ថិភាព ពីបញ្ហាគ្រឿងញៀននិងបញ្ហាផ្សេងៗទៀត៕








No comments:

Post a Comment