Monday, December 4, 2023

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ដែលបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដែលជាទំព័រហ្វេសប៊ុកលក់ផលិតផលអនឡាញ បានធ្វើការផ្សាយផ្ទាល់ (Live Videos) កាយវិការ និងប្រើប្រាស់ពាក្យសម្ដី ចំអេស ចំអាស អាសអាភាស ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ប្រពៃណីជាតិខ្មែរ

 រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត អគ្គស្នងការនគរបាលជាតិ និង​ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​លោកជំទាវ​ ឧត្តម​សេនីយ៍​ឯក​ រស់​ ច័ន្ទ​សោ​ភា​ អគ្គស្នងការរងនគរបាលជាតិ​ នៅ​ថ្ងៃទី​៣០ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ធ្វើការ​ស្រាវជ្រាវ​ និង​ឃាត់ខ្លួនជន


សង្ស័យចំនួន០៥នាក់ (ស្រី០៣នាក់) ដែលបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះថា “Mak Lin 18 “ ដែលជាទំព័រហ្វេសប៊ុកលក់ផលិតផលអនឡាញ បានធ្វើការផ្សាយផ្ទាល់ (Live Videos) កាយវិការ និងប្រើប្រាស់ពាក្យសម្ដី ចំអេស ចំអាស អាសអាភាស ដែលបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ប្រពៃណីជាតិខ្មែរ ជាពិសេសធ្វើឲ្យអាប់អោនយ៉ាងខ្លាំងដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ ព្រមទាំងជាគំរូអាក្រក់សម្រាប់យុវជនជំនាន់ក្រោយ និងត្រូវបានសាធារណៈជនមានប្រតិកម្មមិនពេញចិត្តយ៉ាងខ្លាំង។

បច្ចុប្បន្ន​ជន​សង្ស័យ​ទាំង​០៥​នាក់ ត្រូវ​បាន​កម្លាំង​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​កណ្តាល​ដើម្បី​បន្ត​នីតិវិធី​នៃ​ច្បាប់​ និងត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់អោយប្រព្រឹត្តបទឧក្រឹដ្ឋជាអាទិ៍, ញុះញង់អោយមានការរើសអើង និងសញ្ចារកម្ម។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណៈជនដែលនិយមប្រើប្រាស់ទំនាក់ទំនងសង្គម និងអ្នកលក់ផលិតផលតាមអនឡាញ សូមកុំយកគំរូតាមបុគ្គលខាងលើ ដែលអាចនាំខ្លួនអោយពាក់ព័ន្ធជាមួយបទល្មើសផ្សេងៗ៕

No comments:

Post a Comment