Monday, February 19, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តសាងសមិទ្ធផលថ្មីជូនជាតិ និងប្រជាជន, ព្រឹកថ្ងៃនេះស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ ចាប់ដំណើរការសាងសង់

 


(ភ្នំពេញ)៖ ការកសាងផ្លូវ និងស្ពានបម្រើជាប្រយោជន៍ដល់ជាតិ និងប្រជាជន គឺជាគោលនយោបាយ​ដ៏​ចាំ​បាច់ ដែលរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រកាន់យកតាំងពីពេលដែល​សម្តេច​​​​តេជោ ហ៊ុន សែន ដឹកនាំមកម្ល៉េះ។ បន្តមកដល់អ្នកដឹកនាំឈាមថ្មីសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏​នៅ​តែបន្តយកនូវគោលនយោបាយនេះផងដែរ។

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០​២៤នេះ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដែលជាស្ពានឆ្លងកាត់​ទន្លេក្នុងភូមិ​សាស្ត្រ​​​រាជធានីភ្នំពេញមួយខ្សែទៀត ចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការហើយ។ ពិធីបើក​ការ​ដ្ឋាន​សាងសង់ស្ពានមួយខ្សែនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាគម្រោងសាងសង់ស្ពានឆ្លងទន្លេលើកដំបូង​សម្រាប់​​រាជរដ្ឋាភិបាលនីតិកាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ តាមរយៈគម្រោងនេះបានបង្ហាញឱ្យឃើញច្បាស់ពីនិរន្តរភាព នៃការកសាងជាតិរបស់រាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា ទោះបីនាយករដ្ឋមន្ត្រីត្រូវបានផ្លាស់ប្តូរយ៉ាងណាក្តី។

យោងតាមរបាយការណ៍បានឱ្យដឹងថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ជាប្រភេទ​ស្ពានបេតុងភ្លោះ មានប្រវែង ៨៤៥,៧ម៉ែត្រ មានចំណុចចាប់ផ្តើមពីត្រើយខាងលិចទន្លេបាសាក់ ស្ថិតក្នុង​សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងចំណុចបញ្ចប់នៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងសង្កាត់​ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ស្ពានបេតុងភ្លោះនេះ មានទទឹងប្រវែងសរុប ២៧ម៉ែត្រ ដោយស្ពាននីមួយៗមានមុខកាត់ទទឹង ១៣,២៥ម៉ែត្រ ត្រូវអ៊ុតបេតុងកៅស៊ូ AC ផ្ទៃខាងលើកម្រាស់ ១០សង់ទីម៉ែត្រ ហើយមានគម្លាតពីគ្នា កន្លះ​ម៉ែត្រ។ ស្ពាននីមួយៗ មានគន្លងផ្លូវសម្រាប់រថយន្តចរាចរណ៍ចំនួន ២គន្លង ប្រវែង ៧ម៉ែត្រ គន្លងផ្លូវ​សម្រាប់​ទោចក្រយានមានចំនួន ១គន្លង ប្រវែង ២,៥ម៉ែត្រ ផ្លូវថ្មើរជើងមានចំនួន ១គន្លង ប្រវែង ២ម៉ែត្រ បង្កាន់ដៃស្ពានសងខាងសរុបប្រវែង ១,២៥ម៉ែត្រ គម្លាតសុវត្ថិភាពប្រវែង កន្លះម៉ែត្រ និងមានទំហំឆ្លង​កាត់​សម្រាប់នាវាចរផ្នែកខាងក្រោមស្ពាន ៩០ម៉ែត្រ x ១១,៥ម៉ែត្រ។

ចំពោះផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែងសរុប ៨០៤,៣មែត្រ តភ្ជាប់ពីក្បាលស្ពានទាំងសងខាងទៅ​មហា​វិថី​សំខាន់ៗនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ផ្លូវតភ្ជាប់ក្បាលស្ពាននេះ នឹងត្រូវស្ថាបនាទៅ​តាម​លក្ខណៈ​បច្ចេកទេស ក្នុងនោះ ផ្លូវតភ្ជាប់ពីក្បាលស្ពានត្រើយខាងលិច មានប្រវែង ៣៧៩,១៥ម៉ែត្រ និងត្រើយខាងកើត មានប្រវែង ៤២៥,១៥ម៉ែត្រ នឹងត្រូវស្ថាបនាជាប្រភេទផ្លូវបេតុងកៅស៊ូ AC អ៊ុត​កម្រាស់ ៩សង់ទីម៉ែត្រ ទទឹង ២០ម៉ែត្រ លើទទឹងតួផ្លូវរួម ២៧ម៉ែត្រ។

គម្រោងនេះក៏រួមបញ្ចូលការស្ថាបនារង្វង់មូលចំនួន ២កន្លែង នៅសងខាងក្បាលស្ពាន និងផ្លូវអមស្ពាន​ទាំង​សងខាងចំនួន ៤កំណាត់ ប្រវែងសរុប ១,៥៤១ម៉ែត្រ ដោយក្រាលបេតុងសរសៃដែក ព្រមទាំងការ​ស្ថាបនាពង្រីកកំណាត់ផ្លូវចំនួន ២ខ្សែ រួមមាន ផ្លូវជាតិលេខ២ ប្រវែង ៣០០ម៉ែត្រ នៅត្រើយខាងលិច និងផ្លូវលេខ១១០ ប្រវែង ១១០ម៉ែត្រ នៅត្រើយខាងកើត ដើម្បីតភ្ជាប់ជាមួយស្ពាន និងការរៀបចំបំពាក់​ស្លាក​សញ្ញា និងគំនូសចរាចរណ៍ទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។

របាយការណ៍បន្តថា គម្រោងនេះនឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងត្រួត​ពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ នឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៦០,២លាន​ដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជ​រដ្ឋា​ភិបាល​កម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) គឺជាគម្រោងយុទ្ធសាស្រ្តមួយ​យ៉ាងសំខាន់​សម្រាប់​តភ្ជាប់ និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាពិសេស កាត់បន្ថយការកកស្ទះចរាចរណ៍​នៅលើស្ពាន​ព្រះមុនីវង្ស។

សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កំពុងដំណើរការនាពេល​បច្ចុប្បន្ន​មាន​ចំនួន​៧ រួមមាន​៖ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជ្រោយចង្វារ,ស្ពានមិត្តភាពកម្ពុជា-ចិន ជ្រោយចង្វារ, ស្ពានព្រះមុនីវង្សច្បារអំពៅ (ទី១), ស្ពានព្រះមុនីវង្សច្បារអំពៅ (ទី២), ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងទន្លេសាប ប្ញស្សីកែវ, ស្ពានបេតុងខ្សែកាប្លិ៍ តភ្ជាប់តំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ និង ស្ពានព្រែកព្នៅ៕

 


No comments:

Post a Comment