ប្រមុខការទូតកម្ពុជាលើកទឹកចិត្តឱ្យមានវិនិយោគិនពីចក្រភពអង់គ្លេសច្រើនថែមទៀត មកវិនិយោគនៅកម្ពុជា

ប្រមុខការទូតកម្ពុជាលើកទឹកចិត្តឱ្យមានវិនិយោគិនពីចក្រភពអង់គ្លេសច្រើនថែមទៀត មកវិនិយោគនៅកម្ពុជា

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ អាម៉ាន់ដា មីលលីង (Amanda Milling) អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី នៃ ក្រសួងការបរទេស ខំមិនវ៉ែលនិងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេស កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នាទីស្តីការក្រសួង ដោយបានពិភាក្សា នូវបញ្ហាជាច្រើនទំាងទ្វេភាគី និងក្នុងតំបន់។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានពាំនាំនូវការថ្លែងអំណរគុណ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តម បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស ដែលបានអញ្ជើញចូលរួម តាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំ ប្រកបដោយជោគជ័យ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរ គុណចំពោះចក្រភពអង់គ្លេស ដែលបានបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់កម្ពុជា រួមជាមួយ បណ្តាប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ផ្សេងទៀត និងបានផ្តល់ជំនួយសេដ្ឋកិច្ច-សង្គម លើ វិស័យអប់រំ ការបោសសម្អាតមីន បរិស្ថាន និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

ឯកឧត្តមបានកោតសរសើរចំពោះតួនាទីយ៉ាងសកម្មរបស់ចក្រភពអង់គ្លេស ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការរួមវិភាគទាន របស់ចក្រភពអង់គ្លេសក្នុងការផ្តល់នូវវ៉ាក់សាំង អាស្រ្តាហ្សឺណឺកា (AstraZeneca) ចំនួន ៤១៥,០០០ ដូស ជូនដល់កម្ពុជាសម្រាប់ការប្រយុទ្ធ ប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅកម្ពុជា។ ឯកឧត្តម ប្រាក់ សុខុន ក៏បានអបអរសាទរចក្រភពអង់គ្លេស ដែលបានក្លាយជាដៃគូសន្ទនាទី១១ របស់អាស៊ាន ក្នុងរយៈពេល២៥ឆ្នាំមកនេះ និងបានទន្ទឹងដល់ការធ្វើការយ៉ាងជិតស្និទ្ធជាមួយចក្រភពអង់គ្លេស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន- អង់គ្លេស។

ជាការឆ្លើយតប លោកជំទាវ អាម៉ាន់ដា មីលលីង បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏រឹងមាំរបស់កម្ពុជា ដល់ចក្រភពអង់គ្លេស ក្នុងការ ក្លាយជាដៃគូសន្ទនារបស់អាស៊ាន។ លោកជំទាវ បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំគាំទ្រកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ និង បានទន្ទឹងដល់ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចក្រភពអង់គ្លេស ជាពិសេសលើផែនការសកម្មភាពអាស៊ាន-ចក្រភពអង់គ្លេស សម្រាប់ឆ្នាំ២០២២-២០២៦។ភាគីទាំងពីរបានកត់សម្គាល់នូវការថយចុះនៃទំហំពាណិជ្ជកម្ម ដោយសារតែផលប៉ះពាល់ នៃជំងឺកូវីដ-១៩ ទៅលើសកម្មភាពពាណិជ្ជកម្ម។ ក្នុងន័យនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកទឹកចិត្តឱ្យមានវិនិយោគិនពីចក្រភពអង់គ្លេសច្រើនថែមទៀត មកវិនិយោគនៅកម្ពុជា ដោយគិតគូរពិចារណាលើអត្ថប្រយោជន៍ពីការចូលទីផ្សារកម្ពុជា រួមមាន ភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ជាដើម។ភាគីទាំងពីរបានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចរបស់ ឯកឧត្ដម Dominic Raab កាលពីខែមិថុនាកន្លងទៅ និងបានចែករំលែកនូវបំណងប្រាថ្នារួម ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នៅលើវិស័យផ្សេងៗដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសលើកិច្ចសហប្រតិបត្តិការដែលទាក់ទងនឹងពាណិជ្ជកម្ម។ ជាងនេះទៅទៀត ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការស្វែងរកឱកាស បន្ថែមទៀត នៅក្នុងវិស័យផ្សេងៗនៃសហប្រតិបត្តិការ។

ឯកឧត្តម ប្រាក់ សុខុន បានស្នើឱ្យមានយន្តការពិគ្រោះយោបល់នយោបាយរវាងកម្ពុជា និងចក្រភពអង់គ្លេស។ ឯកឧត្ដម ក៏បានបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់កម្ពុជាចំពោះ «សម្ព័ន្ធមហាសមុទ្រសកលលោក» ដែលដឹកនាំដោយចក្រភពអង់គ្លេស និងការចូលរួមនៅក្នុង «ការរួបរួម មហិច្ឆតាខ្ពស់សម្រាប់ធម្មជាតិ និងមនុស្សជាតិ»៕

Share this post

Post Comment