សហព័ន្ធទោចក្រយានរកឃើញកីឡាករ កីឡាការិនីសមត្ថភាពខ្ពស់ៗក្រោយបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ នៅខេត្តសៀមរាប

សហព័ន្ធទោចក្រយានរកឃើញកីឡាករ កីឡាការិនីសមត្ថភាពខ្ពស់ៗក្រោយបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ នៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ មន្ត្រីបច្ចេកទេស សហព័ន្ធខ្មែរកីឡាទោចក្រយានបានរកឃើញកីឡាករ កីឡាការិនី ដែលមានសមត្ថភាពខ្ពស់ៗចំនួន៧វិញ្ញាសា បន្ទាប់ពីដំណើរការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅខេត្តសៀមរាប ដែលធ្វើឡើងពេញ១ថ្ងៃ កាលពីថ្ងៃ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២។

មន្ត្រីបច្ចេកទេសសហព័ន្ធខ្មែរកីឡាទោចក្រយាន បានបង្ហាញលទ្ធផលជ័យលាភីថា ប្រភេទកង់គួក៖ ១-វិញ្ញាសាកង់គួកបុរសថ្នាល(Junior) ចំណាត់ថ្នាក់លេខ១ កីឡាករ ចេង ជេម ។ ២-វិញ្ញាសាកង់គួកបុរសឈុតធំ (Elite) លេខ១ កីឡាករ លឹម តិចហ៊ុយ។ ៣-វិញ្ញាសាកង់គួកបុរស (Master) លេខ១ កីឡាករ អេង លីន។ ប្រភេទកង់ភ្នំ៖ ៤-កង់ភ្នំ (Man Master MTB) លេខ១ កីឡាករ Vasco Ramsperger។ ៥-កង់ភ្នំបុរស (Elite) លេខ១ កីឡាករ ឃឹម ម៉េងឡុង (Team SEA GAMES)។ ៦-កង់ភ្នំថ្នាល (Man Junior MTB) លេខ១ កីឡាករ ធីម លីម៉េង ។ ៧- វិញ្ញាសា កង់ភ្នំនារី ចំណាត់ថ្នាក់លេខ១ កីឡាការិនី ខេន ម៉ាឡៃ។ ក្រៅពីចំណាត់ថ្នាក់លេខ១ ក៏មានជ័យលាភីលេខ២ ដល់លេខ៥ លើវិញ្ញាសាទាំង៧នេះដូចៗគ្នាផងដែរ។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន ទទួលបន្ទុកប្រធានគណៈកម្មការបច្ចេកទេសការប្រកួតនេះ គូសបញ្ជាក់ថា យោងតាមកម្មវិធីប្រកួតប្រចាំឆ្នាំរបស់សហព័ន្ធ និងក្រសួងអប់រំយុវជននិងកីឡា ក្រោមគម្រោងថវិកាគាំទ្រសហព័ន្ធរបស់ក្រសួងអប់រំយុវជននិងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ សហព័ន្ធខ្មែរកីឡាទោចក្រយានបានរៀបចំការប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ចាប់ពីថ្ងៃទី១១-១៣ ខែមករា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដែលត្រូវបានបញ្ចប់នាពេលនេះ។ ការប្រកួតឆ្នាំនេះនេះមានសមាគមក្លិបប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី សរុប ២៤៩នាក់ ក្នុងនេះមានកីឡាករ ១៧៩នាក់ កីឡាការិនី១៩នាក់ និងមន្ត្រីគណៈកម្មការរៀបចំការប្រកួតចំនួន ៧០នាក់។

លោកអគ្គលេខាធិការរូបនេះអះអាងទៀតថា ឆ្លងតាមការប្រកួតដោយស្មារតីយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព បច្ចេកទេស និងអនុវត្តន៍បានល្អនូវស្មារតីសាមគ្គីភាព មិត្តភាព ព្រមទាំងអនុវត្តន៍បានយ៉ាងល្អនូវគោលការណ៍លេងដោយយុត្តិធម៌ (Fair Play) បានជំរុញឱ្យការប្រកួតនេះទទួលបានលទ្ធផលល្អប្រសើរ។

ការប្រកួតដែលប្រកបដោយភាពរលូន និងជោគជ័យ ដែលជាកំណត់ត្រាថ្មីរបស់សហព័ន្ធជំនាញមួយនេះ ត្រូវបានលោក នូ ចំរើន មានប្រសាសន៍ថា អាស្រ័យដោយមានកិច្ចសហការគាំទ្រពីឯកឧត្តមអភិបាលខេត្តសៀមរាប ដែលផ្តល់ទីតាំង កងកម្លាំងសមត្ថកិច្ច ក្លិបម៉ូតូធំ BMW ដែលតែងតែចូលរួមជួយនាំក្បួនប្រកួត ព្រមទាំងដៃគូឧបត្ថម្ភជាច្រើន ខណៈក្រុមហ៊ុន Herbalife ជាអ្នកឧបត្ថម្ភធំ។ សម្រាប់ការប្រកួតកង់ភ្នំ ដែលប្រារព្ធធ្វើឡើងនៅឧស្យានភ្នំគូលែន ភូមិបន្ទាយស្រី ឃុំឃ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក៏ទទួលបានការជួយជ្រោម ជ្រែងគាំទ្រយ៉ាងខ្លាំង ពីអភិបាលស្រុកបន្ទាយស្រី ហើយលោកអភិបាលស្រុក ក៏ប្តេជ្ញាចិត្តខ្ពស់ក្នុងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាកង់ផ្សេងៗទៀត នៅស្រុកបន្ទាយស្រី លើកក្រោយៗទៀតផងដែរ។

ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមប្រកួតប្រជែងអស់ពីសមត្ថភាពរបស់កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេស ដែលខិតខំអស់ពីសមត្ថភាព ដើម្បីជំរុញ ឱ្យការប្រកួតជើងឯកថ្នាក់ជាតិទទួលបានជោគជ័យ ដើម្បីបន្តការអភិវឌ្ឍទាំងគុណភាព បច្ចេក ទេសរបស់អត្តពលិក និងមន្ត្រីបច្ចេកទេស ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងនៅព្រះរាជាណាចក្រកម្ពុជា ដែលយើងនៅសល់រយៈពេលត្រឹមជាង ៤០០ថ្ងៃទៀតប៉ុណ្ណោះ ៕

Share this post

Post Comment