ធនាគារ ជីប ម៉ុង និង សាជីវកម្មធានាឥណទានកម្ពុជា ក្លាយជាដៃគូផ្លូវការ ក្នុងការធានាផ្តល់កិច្ចធានាលើកម្ចីខ្នាតតូចនិងមធ្យម

ធនាគារ ជីប ម៉ុង និង សាជីវកម្មធានាឥណទានកម្ពុជា ក្លាយជាដៃគូផ្លូវការ ក្នុងការធានាផ្តល់កិច្ចធានាលើកម្ចីខ្នាតតូចនិងមធ្យម

រាជធានីភ្នំពេញ ៖ លោក John Bell អគ្គនាយកធនាគារ ជីប ម៉ុង និង លោក Wong Keet Loong អគ្គនាយក សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងធានាឥណទាន ដែលប្រព្រឹត្តិឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅធនាគារ ជីប ម៉ុង សាខាមជ្ឈមណ្ឌល ជីប ម៉ុង បាក់ទូក ដើម្បីផ្តល់ការធានាលើកម្ចីដែលខ្វះទ្រព្យបញ្ចាំ សម្រាប់ពង្រីក និងទ្រទ្រង់ អាជីវកម្ម ជាពិសេសសម្រាប់សហគ្រាសធុនតូច-មធ្យម នៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក John Bell បានមានប្រសាសន៏ថា៖ “ធនាគារ ជីប ម៉ុង តែងតែឈរលើគោលជំហរជួយគាំទ្រដល់អាជីវកម្ម និងសហគ្រាសធុនតូច-មធ្យម នៅកម្ពុជា តាមរយៈការផ្តល់ប្រាក់កម្ចីចំនួនច្រើន ជាមួយអត្រាការប្រាក់ទាប និងសំណងរយៈពេលវែង។ លើសពីនេះទៅទៀត ធនាគារ ជីប ម៉ុង ក៏តែងតែស្វាគមន៏នូវរាល់កិច្ចសហការ ពីគ្រប់ភាគីពាក់ព័ន្ធក្នុងគោលដៅជួយអភិវឌ្ឍន៏ដល់អាជីវកម្ម និងសហគ្រាសធុនតូច-មធ្យមឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។”

លោកបានបន្ថែមថា៖ “កិច្ចព្រមព្រៀងរវាង ធនាគារ ជីប ម៉ុង និង សាជីវកម្មធានាឥណទានកម្ពុជាក្នុងពេលនេះ នឹងជួយឱ្យអតិថិជនរបស់ធនាគារ ជីប ម៉ុង កាន់តែមានលទ្ធភាពខ្ពស់ក្នុងការទទួលបានកម្ចី បើទោះបីជាពួកគេពុំមានទ្រព្យតម្កល់គ្រប់គ្រាន់ក្តី។ កិច្ចសហការនេះ គឺពិតជាមានផលប្រយោជន៏ច្រើនមែនទែន មិនថាចំពោះអតិថិជន ចំពោះធនាគារ ក៏ដូចជាចំពោះសេដ្ឋកិច្ចជាតិទាំងមូល ព្រោះថាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមដែលកំពុងត្រូវការជំនួយផ្នែកហរិញ្ញវត្ថុ អាចស្នើកម្ចីពីធនាគារ ជាមួយលក្ខខណ្ឌប្រសើរជាងមុននិងចំនួនកម្ចីច្រើនជាងមុន ក្រោមកិច្ចធានាពីសាជីវកម្មធានាឥណទានកម្ពុជា។

លោក Wong Keet Loong ក៏បានគូសបញ្ជាក់ផងដែរថា៖ “ស.ធ.ក. មានសេចក្តីសោមនស្សរីករាយក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូដំបូងគេបង្អស់សម្រាប់ឆ្នាំថ្មី ២០២២នេះ ជាមួយធនាគារ ជីប ម៉ុង។ ធនាគារជីប ម៉ុង នឹងក្លាយជា គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមបន្ថែមរបស់ ស.ធ.ក. សរុបចំនួន ២២  ក្នុងការផ្តល់ប្រាក់កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់បណ្ដាសហគ្រាសធុនតូច និងមធ្យម។”

លោកបានបន្តថា ៖ “ខណៈដែលសកម្មភាពអាជីវកម្មមានការរីកចម្រើន តម្រូវការកម្ចីសម្រាប់ជាទុនបង្វិល ឬការពង្រីកអាជីវកម្ម  ក៏នឹងមានការកើនឡើងដែរ។ ការធានាឥណទាននឹងផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្ម លើតម្រូវការទ្រព្យបញ្ចាំពីធនាគារ នៅពេលស្នើសុំកម្ចី។ ស.ធ.ក. មានសុទិដ្ឋិនិយមថា អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម កាន់តែច្រើន  នឹងទទួលបានអត្ថប្រយោជន៍ពីការធានាឥណទាននេះ។”

 គួររំលឹកផងដែរថា តាមរយៈកិច្ចព្រមព្រៀងរវាងធនាគារជីបម៉ុង ជាមួយសាជីវកម្មធានាឥណទានកម្ពុជានេះ នឹងអាចជួយសម្រួលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសធុនតូច-មធ្យមដែលមានលទ្ធភាពសង និងកំពុងត្រូវការកម្ចីសម្រាប់អភិវឌ្ឍន៏អាជីវកម្ម ប៉ុន្តែខ្វះទ្រព្យបញ្ចាំ ឥឡូវនេះពួកគេអាចធ្វើការស្នើកម្ចីពីធនាគារ ជីប ម៉ុង បានដោយមានទំនុកចិត្ត។

អំពីធនាគារ ជីប ម៉ុង

ធនាគារ ជីប ម៉ុង ជាធនាគារពាណិជ្ជបែបឌីជីថល បង្កើតឡើងនៅខែមករា ឆ្នាំ២០១៩ និងមានក្រុមហ៊ុន ជីប ម៉ុង ជាភាគទុកនិកដ៏រឹងមាំ។ ក្នុងប្រតិបត្តិការជាង៣ឆ្នាំមកនេះ ធនាគារ ជីប ម៉ុង មានទ្រព្យសកម្មសរុបជាង ៨០០លានដុល្លារអាមេរិក ដែលក្នុងនោះឥណទានសរុបកើនឡើងជាង ៥០០លានដុល្លារអាមេរិក និងទទួលបានប្រាក់បញ្ញើពីអតិថិជនជាង ៧០០លានដុល្លារអាមេរិក។

អំពីសាជីវកម្មធានាឥណទានកម្ពុជា (ស .ធ.ក.)

ស.ធ.ក. គឺជា សហគ្រាស សាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២០។ បេសកកម្ម ចម្បងរបស់ ស.ធ.ក. គឺ ផ្តល់ ការធានា ឥណទាន លើក ម្ចី ដែល ផ្តល់ ឱ្យ អាជីវកម្ម ដើម្បី ចែករំលែក ហា និ ភ័យ ជាមួយ ស្ថាប័ន ផ្តល់ ក ម្ចី និង បង្កើន បរិយាប ន្ន ហិរញ្ញវត្ថុ។

គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ ស.ធ.ក បានផ្តល់ការធានាឥណទាន ដល់អាជីវកម្មសរុបចំនួន១៩៩ ក្នុងទំហំទឹកប្រាក់២២លានដុល្លារអាមេរិក ដែលក្នុងនោះ ៩៥% នៃចំនួនអាជីវកម្មដែលទទួលការធានាសរុប បានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SME)៕

Share this post

Post Comment