អភិបាលខេត្តសៀមរាប ចាត់តំណាងយកអំណោយជូនគ្រួសារដែលពលីក្នុងបុព្វហេតុបំពេញការងារដោះមីន

អភិបាលខេត្តសៀមរាប ចាត់តំណាងយកអំណោយជូនគ្រួសារដែលពលីក្នុងបុព្វហេតុបំពេញការងារដោះមីន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាថ្ងៃ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ បានចាត់តាំងលោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយទៅជូនក្រុមគ្រួសារសព ដែលបានពលីជីវិតក្នុងបុព្វហេតុបំពេញការងារដោះមីន នៅភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

សពដែលពលីជីវិតក្នុងបុព្វហេតុបំពេញការងារដោះមីន ដោយសារផ្ទុះគ្រាប់មីនប្រឆាំងរថក្រោះ(មីនតោន) កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២កន្លងមក បណ្ដាលឱ្យស្លាប់បាត់បង់ជីវិត៣នាក់ ដែលក្នុងនោះ២នាក់ មានទីលំនៅក្នុងខេត្តសៀមរាប ពោលគឺ លោក ម៉ា ស៊ីម៉េត អាយុ៣៣ឆ្នាំ រស់នៅភូមិប៉ោយស្មាច់ ឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និងម្នាក់ទៀតគឺលោក ម៉ន ចក់ អាយុ ៣៧ឆ្នាំ រស់នៅភូមិសំរោងត្បួង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អំណោយដែលគេបានយកទៅជូនដល់ក្រុមគ្រួសារទាំងពីរនាក់ខាងលើក្នុងមួយគ្រួសារៗទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា២លានរៀល។

មានប្រសាសន៍ទៅកាន់ក្រុមគ្រួសារសព លោក គុជ លីណា មានអារម្មណ៍ក្ដុកក្ដូល ហើយក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមប្រតិបតិ្ត អ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះ និងសាច់ញាតិទាំងអស់នៃសព ។

លោក គុជ លីណា បញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នា មានអារម្មណ៍ក្តុកក្តួលរំជួលចិត្តឥតឧបមា បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពនេះ។ យើងខ្ញុំនឹងចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់សព ដែលបានបំពេញការងារមនុស្សធម៌ និងសង្គ្រោះជីវិតមនុស្ស ឱ្យរួចផុតពីការគំរាមកំហែង ដោយសារគ្រាប់មីនអស់រយៈកាលកន្លងមក។ លោកក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសារសព សូមកុំអស់សង្ឃឹម ត្រូវបន្តប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងមើលថែកូនៗដើម្បីអនាគតពួកគាត់តទៅថ្ងៃមុខ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភពកុំបីខានឡើយ។

Share this post

Post Comment