លោកជំទាវ ឈឹមពៅ សុកាន់ឌី និងថ្នាក់ដឹកនាំរបស់វិទ្យុជាតិកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពរបស់ ធម្មាចារ្យា សីលវតី ហង្ស ឡុង

លោកជំទាវ ឈឹមពៅ សុកាន់ឌី និងថ្នាក់ដឹកនាំរបស់វិទ្យុជាតិកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពរបស់ ធម្មាចារ្យា សីលវតី ហង្ស ឡុង

លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា រួមនឹងថ្នាក់ដឹកនាំរបស់វិទ្យុជាតិកម្ពុជាជាច្រើនរូបទៀត បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពរបស់ ធម្មាចារ្យា សីលវតី ហង្ស ឡុង ដែលជាពុទ្ធសាសនិកជនមួយរូប បានបូជាកម្លាំងកាយចិត្ត ថ្វាយខ្លួនចំពោះព្រះរតនត្រ័យ សមាទានឧបោសថសីល។

ជាការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនៃ សពសពរបស់ ធម្មាចារ្យា សីលវតី ហង្ស ឡុង នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២២ លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា រួមនឹងថ្នាក់ដឹកនាំរបស់វិទ្យុជាតិកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ធម្មាចារ្យា សីលវតី ហង្ស ឡុង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២២ វេលាម៉ោង ៧ : ៤០ នាទីព្រឹក ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយរោគាពាធ។

នៅក្នុងឱកាសនោះ លោកជំទាវ ឈឹមពៅ សុកាន់ឌី រួមនឹងថ្នាក់ដឹកនាំរបស់វិទ្យុជាតិកម្ពុជា សូមសម្តែងនូវការសោកស្តាយជាអនេក និងចូលរួមរំលែកទុក្ខជាមួយឯកឧត្តម ផុស សុវណ្ណ ព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់ដ៏ធំធេងនូវអ្នកមានគុណ និងជាជីដូន ជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារទាំងអស់នៃសព ដែលជានិច្ចកាលតែងបានលះបង់ខ្ពស់ទាំងកម្លាំង កាយចិត្ត និងបញ្ញាស្មារតី ក្នុងការបីបាច់ថែរក្សាកូនៗជាទី ស្រឡាញ់ ព្រមទាំង បានជំរុញឱ្យកូនចៅបានសិក្សារៀន សូត្រ បានខ្ពង់ខ្ពស់គ្រប់ៗគ្នា និងបានចូលរួមចំណែកបម្រើឧត្តមប្រយោជន៍ សង្គមជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយភក្តីភាព និងសុចរិតភាព ។

ជាចុងក្រោយ លោកជំទាវអគ្គនាយិកា រួមនឹងថ្នាក់ដឹកនាំរបស់វិទ្យុជាតិកម្ពុជាទាំងអស់ គ្នា សូមចូលរូមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាអគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួង ព័ត៌មាន ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ហើយសូមបួងសួងឱ្យវិញ្ញាណ ក្ខន្ធរបស់ ធម្មាចារ្យ សីលវតី ហង្ស ឡុង ជាទីគោរព បានទៅសោយសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា សពរបស់ ធម្មាចារ្យា សីលវតី ហង្ស ឡុង នឹងត្រូវក្រុមគ្រួសារប្រារព្ធពិធី បុណ្យបូជានៅវេលាយប់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២២ នាគេហដ្ឋាននៃសព ផ្ទះលេខ ២២៦ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ៕

Share this post

Post Comment