ដោយអនុវត្តន៍តាមការណែនាំរបស់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធ ជនកម្ពុជា ២១ មិថុនា ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធាន កិត្តិយស នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។



នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងអានសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជន កម្ពុជា ២១មិថុនា ឆ្នាំ២០២២ ផ្ញើជូនបងប្អូនអតីតយុទ្ធជន និងជនរួមជាតិទាំងអស់ជា ទីស្រឡាញ់រាប់អាន។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់ដីសម្បទាន សង្គមកិច្ច ក្នុងមួយគ្រួសារមួយហិកតាកន្លះ និងផ្ទះថ្មីមួយខ្នង ជូនដល់បងប្អូនអតីតយុទ្ធជនចំនួន ១៤១គ្រួសារ ដែលគ្មានដីគ្មានផ្ទះរស់នៅសមរម្យនៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ បានមករស់នៅទីនេះ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីត យុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិនិង ប្រជាជនកម្ពុជា រួមចំណែកធ្វើឱ្យប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសខួបលើកទី១៥ឆ្នាំទិវាអតីតយុទ្ធជនកម្ពុជានៅថ្ងៃនេះ សូមបួងសួង ដល់ទេវតាតាម ថែរក្សា បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងមានអាយុយឺនយូរ និងបានផ្តាំផ្ញើដល់បងប្អូន ក្រុមគ្រួសារអតីតយុទ្ធជន ទាំងអស់ ត្រូវយកចិត្តទុកដាក់បង្កបង្កើនផល ដាំបន្លែ បង្ការនិងចិញ្ចឹមសត្វដើម្បី ដោះស្រាជីវភាពរស់នៅរបស់ក្រុមគ្រួសារនីមួយឱ្យ កាន់តែប្រសើរឡើង។
ឯកឧត្តមប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានជួយ ឧបត្ថម្ភស្បៀងអាហារ និងថវិកាមួយចំនួន ជូនដល់អតីតយុទ្ធជនចំនួន១៥០គ្រួសារ ដែលចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជាថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២២នេះផងដែរ៕