Thursday, January 25, 2024

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំបូកសរុបការងារ ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សាខាសមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម

 


កំពង់ចាម)៖  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយស សាខាសមាគម សិស្សនិស្សិត បញ្ញាវន្តក្មេងវត្តខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប សកម្មភាពការងារ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ របស់សាខាសមាគម នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

បើតាមប្រធានសាខាសមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម លោក សំ ពិសិដ្ឋ បានឲ្យដឹងថា សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ជាអង្គការមហាជនមួយ ក្នុងចំណោមអង្គការ មហាជនដទៃ ទៀត ដែលត្រូវបានចាប់បដិសន្ធិឡើង នៅក្នុងអំឡុងឆ្នាំ១៩៩៩ ក្រោមការផ្តួចផ្តើម និងជួយជ្រោមជ្រែងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។

ការបង្កើតនូវសមាគមនេះឡើង ក្នុងគោលបំណងចងបាច់ឆន្ទៈ មនសិការជាធ្លុងមួយ លើកកម្ពស់សាមគ្គីភាព សង្គហភាព សមត្ថភាព និងសក្តានុពលរបស់សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត, លើកស្ទួយតម្លៃព្រះពុទ្ធសាសនា, លើកស្ទួយតម្លៃវប្បធម៌ អក្សរសាស្ត្រជាតិ, ចូលរួមការពារសន្តិភាព និងចូលរួមអភិវឌ្ឍសង្គមជាមួយរាជរដ្ឋាភិបាល។

ឯកឧត្តម អ៊ុន ចាន់ដា បានឲ្យដឹងផងដែរថា សាខាសមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ថ្វីត្បិតតែទើបបង្កើតឡើង បានជាងបីឆ្នាំក៏ពិតមែន ប៉ុន្តែសាខាសមាគមមួយនេះ បាននឹងកំពុងធ្វើសកម្មភាពមនុស្សធម៌ជាច្រើននៅតាមមូលដ្ឋាន ដែលជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម អ៊ុន ចាន់ដា បានយកឱកាសនោះ សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូន ដែលបាន ចូលរួមធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម ដោយបានចំណាយទាំងកម្លាំងកាយ ប្រាជ្ញាស្មារតី ធនធាន សម្ភារៈ ថវិកា ពេលវេលា សម្រេចបាននូវសកម្មភាពជាច្រើនសម្រាប់ឆ្នាំ២០២៣ កន្លងមក។

ជាមួយនឹងការដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំសាខាសមាគមទាំងអស់ដូចខាងក្រោម៖

*ទី១៖ បន្តពង្រឹង និងពង្រីក រចនាសម្ព័ន្ធចាត់តាំង ឲ្យកាន់តែល្អប្រសើរ តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រុង-ស្រុក
*ទី២៖ បន្តធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម ពិសេសនៅតាមបណ្តាវត្តអារាម
*ទី៣៖ សូមធ្វើការទំនាក់ទំនងសហការល្អជាមួយអង្គការសមាគមដទៃទៀតដូចជា៖ ក្រុមការងារយុវជនសសយក សមាគមនារី យុវជនស្រលាញ់សន្តិភាព ព្រះមេគណ ព្រះគ្រូ-អនុគណក្រុង/ស្រុក ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់អង្គ និងអាជ្ញាធរមូលដ្ឋាន
*ទី៤៖ សូមបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង ឲ្យកាន់តែរឹងមាំល្អប្រសើរថែមទៀត៕

 

 


No comments:

Post a Comment