Monday, May 20, 2024

 

ឯកឧត្តម នេត្រ ភក្ត្រា៖ រាជរដ្ឋាភិបាលទើបដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍យានយន្តអគ្គិសនី២០២៤-២០៣០ ដើម្បីជំរុញគាំទ្រការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់រថយន្តអគ្គីសនី


ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាទើបបានដាក់ចេញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍យានយន្តអគ្គិសនី២០២៤-២០៣០ ដើម្បីជំរុញគាំទ្រការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់រថយន្តអគ្គីសនី ព្រមទាំងទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនក្នុងវិស័យនេះ។

យោងតាមតួលេខរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន, ការចុះបញ្ជីយានយន្តអគ្គិសនី មានការកើតឡើងជារៀងរាល់ថ្ងៃ ដោយគិតមកដល់ពេលនេះ ការចុះបញ្ជីផ្លូវការមានចំនួនសរុបជិត ៣០០០គ្រឿង។ បើតាមតួលេខរបស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាបានទទួលគម្រោងវិនិយោគចំនួន១៩០គម្រោង ដោយមានទុនវិនិយោគសរុបប្រមាណ ៣.២ពាន់លានដុល្លានិងអាចបង្កើតការងារជិត ១៧ម៉ឺនកន្លែង។

នេះជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពេលអញ្ជើញជាអធិបតីសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត ZEEKR(ហ្ស៊ីគ) របស់ក្រុមហ៊ុនវ័នរ៉ូដគ្រុប ស្ថិតតាមបណ្តោយផ្លូវព្រះមុន្នីវង្ស រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូស បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្ត «យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន» ដើម្បីការកាត់បន្កយការបញ្ចេញឧស្ម័នពីវិស័យថាមពល ការដឹកជញ្ជូន ការលើក កម្ពស់ប្រសិទ្ធភាពថាមពល និងចូលរួមបង្កើនការងារបន្ថែមប្រមាណ ៤៤៩.០០០កន្លែងនៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន វ័នរ៉ូដគ្រុប ដែលបានបោះជំហានដ៏សំខាន់មួយទៀតនៅក្នុងទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាសកល ឧស្សាហកម្មរថយន្ត ក៏កំពុងមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ជាពិសេស រថយន្តដែលប្រើ បច្ចេកវិទ្យាឆ្លាតវៃ និងប្រើប្រាស់ថាមពលថ្មី ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ជាទូទៅជុំវិញពិភពលោក ក្នុងនោះក៏មានរថយន្ត ZEEKR (ហ្ស៊ីគ) នេះផងដែរ។

រថយន្តនេះ មិនត្រឹមតែអាចកាត់បន្ថយការប្រើប្រាស់លើឥន្ធនៈហ្វូស៊ីល និងកាត់បន្ថយការបំភាយឧស្ម័នកាបូនប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វាក៏រួមចំណែកនៅក្នុងការពង្រីកមធ្យោបាយធ្វើដំណើរបៃតងនៅកម្ពុជា និងពិភពលោកផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី សូមលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តប្រកាន់ខ្ជាប់នូវគោលគំនិតនៃការបង្កើតថ្មី និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងរួមចំណែកបន្ថែមទៀតដល់ឧស្សាហកម្មបៃតងរបស់ប្រទេសកម្ពុជា។ លោកជឿជាក់ថា នាពេលអនាគត ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗនឹងពិចារណាប្តូរ មកប្រើប្រាស់រថយន្តអគ្គិសនី និងចូលរួមថែរក្សាបរិស្ថានដូចជារថយន្ត ZEEKR(ហ្ស៊ីគ)នេះ។

តាមរយៈការសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញ របស់ ZEEKR (ហ្ស៊ីគ)អូតូ នៅកម្ពុជានាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា ការមកដល់របស់ ZEEKR (ហ្ស៊ីគ) នឹងធ្វើឲ្យទីផ្សាររថយន្តថ្មីនៅកម្ពុជាកាន់តែមានភាពសម្បូរបែប និងចូលរួមជំរុញការ អភិវឌ្ឍវិស័យរថយន្តថាមពលថ្មីឱ្យកាន់តែរីកចម្រើនខ្លាំងឡើង រួមទាំងផ្តល់ឱ្យប្រជាជនកម្ពុជានូវជម្រើសថ្មីៗ និងប្រកបដោយភាពទំនើបក្នុងការធ្វើដំណើរ។

តាមការបញ្ជាក់របស់ លោក Kevin Luo នាយកប្រតិបត្តិ និងជាស្ថានិកក្រុមហ៊ុន Oneroad Group (Cambodia) Co., Ltd. បានអោយដឹងថា ZEEKR (ហ្ស៊ីគ) គឺជាម៉ាកយីហោថ្មីមួយ ការរចនាបទរបស់ ZEEKR គឺជាការប្រើបច្ចេកវិទ្យាថ្មី ចុងក្រោយគេបង្អស់ប្រកបដោយភាពឆ្នៃប្រឌិត ដើម្បីបង្កើតបទពិសោធន៍ជីវិតក្នុងការធ្វើដំណើរ និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងយុគសម័យថ្មីសម្រាប់ការធ្វើដំណើរដ៏ប្រណិត។

ចាប់តាំងពីការបង្កើតម៉ាកនេះក្នុងឆ្នាំ២០២១ ក្រុមហ៊ុនបានបើកដំណើរការចំនួន ៥ម៉ូឌែល ហើយមកដល់ពេលនេះ បរិមាណចែកចាយទូទាំងពិភពលោករបស់ក្រុមហ៊ុនមានជាង ២៨ម៉ឺនគ្រឿង ដែលបង្កើតកំណត់ត្រាសម្រាប់ការចែកចាយ លឿនបំផុតនៃម៉ាករថយន្តអគ្គិសនីរបស់ប្រទេសចិន។

នៅសប្តាហ៍មុន ZEEKR ត្រូវបានចាប់ផ្តើមលក់ចែកចាយជាផ្លូវការនៅក្នុងប្រទេសថៃ។ អស់រយៈពេលពាក់កណ្តាលឆ្នាំនេះ បានចូលទីផ្សារប្រទេសឡាវ មីយ៉ាន់ម៉ា និងហ្វីលីពីន ហើយពាក់កណ្តាលឆ្នាំនេះ ត្រូវបានដាក់លក់នៅក្នុងប្រទេសកម្ពុជា សឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម៕

No comments:

Post a Comment