សមាជិក សមាជិកា នៃក្រុមកីឡាសេនាយុត្ដិធម៌ បានអញ្ជើញចូលរួមកម្មវិធីនាំយកថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ដែលសហការរៀបចំដោយក្រសួងយុតិ្តធម៌ និងក្រុមកីឡាសេនាយុត្តិធម៌ ក្រោមការដឹកនាំ និងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ បានថ្លែងថា ក្រុមគ្រូពេទ្យដែលបំពេញការងារនៅមន្ទីរពេទ្យគន្ធបុប្ផា គឺទទួលបាននូវការគោរពស្រលាញ់ពីប្រជាជនទាំងអស់គ្នា ហើយសប្បុរជន ដែលចូលរួមឧបត្ថម្ភ គឺជាវីរជននៃកុមារកម្ពុជា។ យើងទាំងអស់ត្រូវប្រកាន់ខ្ជាប់ថា អ្វីដែលអាចជួយដល់គន្ធបុប្ផា សូមកុំស្ទាក់ស្ទើរ ជួយគន្ធបុប្ផា គឺជួយដល់កុមារកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ជូនថា កម្មវិធីជិះកង់អង្គរលើកទី២ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) នេះ គឺមានមូលហេតុចំនួន៣ រួមមាន៖
ទី១៖ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតីខ្មែរជួយខ្មែរ និងចូលរួមក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ សម្រាប់កុមារកម្ពុជា
ទី២៖ បង្ហាញពីកម្លាំងរួមគ្នា ក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈច្បាប់ និងយុត្តិធម៌ ដើម្បីមនុស្សធម៌ ដោយចាត់ទុកថាមន្ទីរពេទ្យគន្ធបុប្ផា ជាមិត្តរបស់យើង
ទី៣៖ រឹតចំណងសាមគ្គីជាភាតរភាពកាន់តែរឹងមាំ, លើកកម្ពស់សុខភាពផ្លូវកាយ ផ្លូវចិត្ត ប្រាជ្ញាស្មារតី ដើម្បីភាពរឹងមាំនៃវិស័យយុត្តិធម៌ ក៏ដូចការបង្ហាញនូវការចូលរួមលើកស្ទួយវិស័យទេសចរណ៍លើទឹកដីតំបន់ប្រាសាទអង្គរ ព្រមទាំងចូលរួមអភិរក្សធនធានធម្មជាតិផងដែរ។
សូមបញ្ជាក់ជូនថា កម្មវិធីជិះកង់អង្គរលើកទី២ ដែលដឹកនាំដោយលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រៃអង្គាសថវិកាពីសប្បុរសជននានាបានចំនួន ១.៥០០.០០០.០០០រៀល ហើយថវិកានេះ ឧបនាយករដ្ឋមន្ត្រី បានប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)៕
No comments:
Post a Comment