Wednesday, July 10, 2024

ឯកឧត្តម ហ៊ុន ម៉ានី៖ ការធ្វើម្ចាស់ផ្ទះ Davis Cup គឺជាឱកាសបង្ហាញឲ្យប្រតិភូអន្ដរជាតិដឹងថា កម្ពុជាមកដល់ទីណា និងមានលក្ខណៈដូចម្ដេច?


(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ចាត់ទុកការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍វាយកូនបាល់ពិភពលោក Davis Cup Asia/Oceania Group IV ឆ្នាំ២០២៤ គឺជាឱកាសមួយ ដើម្បីបង្ហាញឲ្យប្រតិភូ និងភ្ញៀវអន្ដរជាតិ ដឹងថា កម្ពុជាមកដល់ទីណា និងមានលក្ខណៈដូចម្ដេច?

ការគូសបញ្ជាក់នេះ ក្នុងឱកាសលោកឧបនាយករដ្ឋមន្ដ្រី អញ្ជើញជាអធិបីភាពក្នុងពិធីបើកការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍វាយកូនបាល់ពិភពលោកខាងលើ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ អមដំណើរដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ហើយក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងទស្សនិកជនជាច្រើនផងដែរ ។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា ព្រឹត្តិការណ៍ Davis Cup នាពេលនេះ ប្រព្រឹត្តទៅក្នុងខណៈកម្ពុជា កំពុងរីករាយជាមួយសន្ដិភាព និងស្ថេរភាព ដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះ ដោយផ្លែផ្កានេះ បានអនុញ្ញាតឲ្យកម្ពុជា ធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យជាបន្ដបន្ទាប់ ក្នុងនោះវិស័យអប់រំកាយ និងកីឡា គឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់ និងបន្ដអភិវឌ្ឍន៍ឥតឈប់ឈរ ទាំងផ្នែកធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ។

ចំពោះការប្រកួត Davis Cup Asia/Oceania Group IV ឆ្នាំ២០២៤ នេះ គឺជាព្រឹត្តិការណ៍ប្រកួតកីឡាអន្ដរជាតិដ៏ធំមួយទៀត ដែលកម្ពុជាត្រូវបានជ្រើសរើសឲ្យធ្វើម្ចាស់ផ្ទះ បន្ទាប់ពីបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កន្លងទៅ ប្រកបដោយភាពជោគជ័យ និងទទួលបានការកោតសរសើរពីសំណាក់ប្រតិភូកីឡាពីបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ាន និងលើពិភពលោក ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា «ភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ក៏ជាឱកាសមួយ សម្រាប់ប្រតិភូកីឡា និងភ្ញៀវអន្ដរជាតិទាំងអស់ អាចមើលឃើញថា តើកម្ពុជាបានមកដល់ទីណា? តើកម្ពុជាបច្ចុប្បន្នមានលក្ខណៈដូចម្ដេច? ជាពិសេសការប្រកួត ការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ និងភាពរួសរាយរាក់ទាក់របស់ក្រុមការងារ និងប្រជាជនកម្ពុជា ដែលទាំងអស់នេះហើយ សុទ្ធសឹងជាសក្ដានុពលរបស់កម្ពុជា» ។

ឯកឧត្តមបន្ថែមថា ប្រាកដណាស់ ការប្រកួត Davis Cup នឹងបញ្ចប់នៅថ្ងៃទី១៣ ខែកក្កដា ក៏ប៉ុន្ដែលោកមានជំនឿចិត្ត និងសុទិដ្ឋិនិយម ចំពោះរយៈពេលនៃការស្នាក់នៅ និងប្រកួតនៅកម្ពុជា នឹងក្លាយជាអនុស្សាវរីយ៍ និងការចងចាំសម្រាប់ទាំងអស់គ្នា ហើយស្ថិតនៅក្នុងចិត្តជានិច្ច ក្រោមស្មារតី Beyond The Games ។ ដូច្នេះក្នុងនាមម្ចាស់ផ្ទះ លោកឧនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូកីឡាគ្រប់បណ្ដាប្រទេស ដែលបានចូលរួមការប្រកួតវាយកូនបាល់ពិភពលោកលើកដំបូងនៅកម្ពុជានេះ ។

សូមបញ្ជាក់ថា ការប្រកួត Davis Cup Asia/Oceania Group IV ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១០-១៣ ខែកក្កដា ឆ្នាំ២០២៤ ដោយពហុកីឡដ្ឋានជាតិមរតកតេជោ និងបើកឲ្យមហាជនចូលទស្សនាដោយសេរី ។ ការប្រកួតនេះ មាន ៨ក្រុមចូលរួម និងបែងចែកជា ២ពូល ក្នុងនោះក្រុមម្ចាស់ផ្ទះកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមភ្ញៀវគុយវ៉ែត អ៊ីរ៉ាក់ និងមីយ៉ាន់ម៉ា ខណៈពូលA មានក្រុមកៀហ្ស៊ីស៊ីស្ថាន ស្រីលង្កា អារ៉ាប់រួម និងកាតា ។

សម្រាប់រូបមន្ដនៃការប្រកួតវិញ ក្រុមនីមួយៗ ត្រូវធ្វើការប្រកួតវិលជុំក្នុងពូលរៀងៗខ្លួន ។ បន្ទាប់មកក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងត្រូវធ្វើការប្រកួតខ្វែងពូល ដោយក្រុមលេខ១ ពូលA ត្រូវជួបលេខ២ ពូលB និងលេខ១ ពូលB ជួបលេខ២ ពូលA ដើម្បីស្វែងរកក្រុមឈ្នះ ឡើងទៅក្រុម ៣ ឬ Group III នាឆ្នាំ២០២៥ ខាងមុខតែម្ដង ៕

 








No comments:

Post a Comment