Tuesday, July 16, 2024

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី នាំយកថវិកាចំនួន ២៨០លានរៀល បានពីការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League 2024 ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារជាតិ


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ​ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំក្រុមការងារនាំយកថវិកាចំនួន ២៨០លានរៀល ទទួលបានពីការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League 2024 មកឧបត្ថម្ភដល់មន្ទីរពេទ្យកុមារជាតិ។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅមន្ទីរពេទ្យកុមារជាតិ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមដោយផ្ទាល់ពី លោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិផងដែរ។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី, ថ្នាក់ដឹកនាំ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា, តារាកំប្លែងដ៏ល្បីរបស់កម្ពុជា លោក ពាក់មី ដែលជាប្រធានក្រុមបាល់ទាត់​ ផ្ការីកគ្រប់រដូវ រួមទាំងសប្បុរសជនទាំងអស់ ដែលបានបង្កើត និងចូលរួមក្នុងព្រឹត្ដិការណ៍បាល់ទាត់ខាងលើនេះ មិនត្រឹមតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបំផុសចលនាសាមគ្គីភាព រឹតចំណងមិត្តភាពរបស់យុវជននៅទូទាំងប្រទេសប៉ុណ្ណោះទេ តែថែមទាំងកៀរគរថវិកាដើម្បីជួយដល់កុមារកម្ពុជាថែមទៀតផង។

ក្នុងនាមប្រធានមន្ទីរពេទ្យកុមារជាតិ និងជំនួសមុខឱ្យកុមារកម្ពុជា ក៏ដូចជាមាតាបិតារបស់អ្នកជំងឺទាំងអស់ សូមសម្ដែងនូវការត្រេកអរជាខ្លាំង និងសូមគោរពអរគុណដ៏ជ្រាលជ្រៅដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី និងសហការីទាំងអស់ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោកសាស្ដ្រាចារ្យបានគូសបញ្ជាក់ថា «សម្រាប់ថវិកាដែលខ្ញុំទទួលបានពីលោកឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី នៅថ្ងៃនេះ មន្ទីរពេទ្យយើងនឹងយកទៅទិញសម្ភារៈបរិក្ខារពេទ្យមួយចំនួន រួមទាំងម៉ាស៊ីនឆ្លុះទងសួតកុមារ និងសម្ភារៈផ្សេងទៀតផងដែរ សម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃជួយដល់កុមារកម្ពុជាយើង»

ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី បានថ្លែងថា ថវិកាដែលបានមកពីការរៀបចំប្រកួតបាល់ទាល់ពាន Soccer League 2024 សរុបចំនួន ៤៦០លានរៀល ដែលបានធ្វើការប្រកួតកាលពីពេលថ្មីៗនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្ដថា «ថវិកាទាំងនេះ ក្រុមការងាររបស់យើង បាននាំយកថវិកាចំនួន ២៨០លានរៀល ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារជាតិ និងថវិកាចំនួន ១៨០លានរៀលទៀត គឺបានយកទៅជួយមន្ទីរពេទ្យអនុស្សាវរីយ៍ ស៊ុនយ៉ាឃៀល នៅខេត្ដកំពតរួមមកហើយដែរ។ សម្រាប់ការនាំយកថវិកា មកឧបត្ថម្ភជូនមន្ទីរពេទ្យកុមារជាតិ គឺជាទឹកចិត្ដរបស់ប្អូនយើង ដើម្បីចូលរួមជាមួយក្រុមគ្រូពេទ្យ ជួយដល់កុមារកម្ពុជាយើង»

សូមជម្រាបថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ SOCCER LEGUE គឺជាផ្នែកដ៏សំខាន់មួយ ស្ថិតក្នុងបេសកកម្មដ៏ចម្បងរបស់ ស.ស.យ.ក. ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា និងលោក ស សុខា អនុប្រធាន និងទទួលបន្ទុកក្តាប់រួម Soccer League។

Soccer League មិនត្រឹមជាវេទិកាផ្តល់ឱកាស ដល់កីឡាករ កីឡាការិនីគ្រប់រូប មកពីគ្រប់ស្ថាប័ន រដ្ឋ និងឯកជន ជុំវិញរាជធានី ខេត្ត ដើម្បីមានឱកាស បញ្ចេញសមត្ថភាព នៅលើទីលានវាលស្មៅពណ៌បៃតងប្រកបដោយ តម្លាភាពនោះទេ តែ Soccer League ក៏ព្រឹត្តិការណ៍មួយ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបំផុសចលនាសាមគ្គីភាព រឹតចំណងមិត្តភាពរបស់យុវជននៅទូទាំងប្រទេស ជាពិសេសដើម្បីបង្កើត ធនធានមនុស្ស ក្នុងវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើននិង រឹងមាំដើម្បីជាថ្នាលឆ្ពោះទៅកាន់ថ្នាក់ជាតិ និងអន្តរជាតិ ក្រោមពាក្យស្លោកមួយគឺ «ស្មារតី សាមគ្គីភាព»

No comments:

Post a Comment