Saturday, August 24, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ម៉ូតូ១៤គ្រឿង និងប្រេងសាំងចំនួន១ពាន់លីត្រ ជូនសមត្ថកិច្ច និងមន្រ្តីជំនាញ ​បន្តការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ


នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងខេត្ត តំណាង នួន ផារ័ត្ន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានជួសំណេះសំណាល ប្រគល់​ភារកិច្ច​ និងប្រគល់ម៉ូតូ  ប្រេងឥន្ធនៈ​ដែល​ជាអំណោយរបស់​សម្តេច​​ធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនកងកម្លាំងចម្រុះនៅទី​បញ្ជាការ​ស្រាល​ទាំង​៧​ ក្នុង​ចំណោម​ទីបញ្ជការ​ស្រាល​ទាំង​១៤គោលដៅ​ ដើម្បី​បន្តធ្វើសកម្មភាពក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបាន​ផ្ដល់​ប្រេង​សាំង​ ១,០០០​លីត្រ​ តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក និងម៉ូតូ​ចំនួន​១៤​ គ្រឿង​តាម​រយៈ​លោក នួន ផារ័ត្ន ​ប្រគល់​ជូន​កងកម្លាំង​ចម្រុះ​នៅ​ទីបញ្ជការ​ស្រាល​ទាំង​៧​ នៅប៉ែក​ខាង​លើ​ភូមិ​សាស្ត្រ​ខេត្ត​ ក្នុង​ចំណោម​ទីបញ្ជាការ​ស្រាល​ទាំង​១៤ ដែល​មាន​ភារកិច្ច​គ្រប់​គ្រង​ការ​ពារ​ ទប់ស្កាត់  និងបង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​នៅ​ក្នុងខេត្ត​កំពង់ធំ​ ដើម្បីបន្ត​សកម្មភាព​ក្នុង​ភារកិច្ច​របស់ខ្លួន​ឲ្យ​ទទួលលទ្ធផលល្អ​ និង​មាន​ប្រសិទ្ធភាព​។

លោកបានប្រគល់ភារកិច្ចជូនដល់កងកម្លាំងចម្រុះទាំងអស់ ដែលរួមមានកងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីស្ថាប័នបរិស្ថាន និងរដ្ឋបាលព្រៃឈើ ត្រូវបន្តរួមគ្នាមិនដកថយឡើយ ដោយត្រូវការពារទប់ស្កាត់ មិនឲ្យមានការកាប់ទន្ទ្រាន ព្រៃឈើជាថ្មីជាដាច់ខាត​។

ដោយ​ឡែក​ផ្ទៃ​ដី​ដែល​ក្រុម​ជនល្មើស​លួច​កាប់​ទន្ទ្រាន ​និងត្រូវបានដកហូតកន្លងមក ត្រូវរក្សាការពារឲ្យបានល្អមិនឲ្យមានការបាត់បង់ ដើម្បីមានវិធានការដាំស្ដារព្រៃឈើឡើងវិញបន្ថែមទៀត បន្ទាប់ពី​នៅ​ពេល​ថ្មី​ៗ​នេះ​ក្រោម​ការ​ដឹកនាំ​របស់លោក នួន​ ផារ័ត្ន​ អភិបាល​ខេត្ត​ យើងបានដាំកូនឈើជាង២ម៉ឺនដើម រួចមកហើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំកងកម្លាំងចម្រុះ​ និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ រួម​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់​ ត្រូវសាមគ្គីសហការគ្នាឲ្យបានល្អ ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមលិខិតបទដ្ឋាននានា និងវិធានការច្បាប់ ជាធរមានចំពោះជនល្មើសទាំងឡាយណា ដែលនៅ​តែ​រឹង​រូសក្នុង​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ ដោយ​ត្រូវ​អនុវត្តន៍​តាម​និតិវធី​ច្បាប់ ដោយគ្មានការលើកលែងឡើយ៕

No comments:

Post a Comment