Monday, August 26, 2024

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ សុខទុក្ខរបស់ពលរដ្ឋជាក្តីកង្វល់របស់រាជរដ្ឋាភិបាល និងបានដាក់ចុះវិធានការនានាដើម្បីដោះស្រាយកង្វល់ និងលើកស្ទួយជីវភាពជូនពលរដ្ឋ


ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានរួមសហការជាមួយអាជ្ញាធរក្រុង សង្កាត់ និងសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានចុះពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃ មកពីគ្រប់មជ្ឈដ្ឋានជាង ៥០០នាក់ នៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ។

នេះជាកិច្ចបើកដំណើរការជាផ្លូវការរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលខេត្តក្រចេះ ដែលដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈការពិនិត្យព្យាបាលជំងឺ ថែទាំសុខភាពជូនប្រជាជនដោយឥតគិតថ្លៃ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះនឹងបន្តបេសកកម្មចុះជួយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុងស្រុកផ្សេងទៀតរបស់ខេត្តក្រចេះ។

នាឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ។ ការផ្តល់សេវាព្យាបាលជំងឺដោយឥតគិតថ្លៃនៅពេលនេះជាការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារចំពោះសុខភាពប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ។

«សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ចជាកាលជាក្តីកង្វល់របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចុះនូវវិធានការចាំបាច់នានាដើម្បីដោះស្រាយកង្វល់ទាំងនេះ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះសុខុមាលភាពប្រជាពលរដ្ឋជាអាទិភាពមួយចំណោមកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន៥ ដែលដាក់ចុះភ្លាមៗដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពេលឡើងដឹកនាំរាជរដ្ឋាភិបាល»។ នេះជាការបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា ក្នុងឱកាសចូលរួមជាអធិបតីបើកកម្មវិធីផ្តល់សេវាប្រឹក្សា និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងក្រុងក្រចេះ ខេត្តក្រចេះ។

បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោកវេជ្ជបណ្ឌិត សៅ សំបូរ តំណាងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត, ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានប្រគល់កៅអីដកធ្មេញចល័តចំនួន ២គ្រឿងដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។

ការពិនិត្យព្យាបាលបានចាប់ផ្តើមនៅវេលាម៉ោង ៨:៣០នាទី រហូតដល់ម៉ោង ១២:០០នាទី ក្រោមបរិយាកាសស្និទ្ធស្នាល និងទិដ្ឋភាពសកម្មសស្រាក់សស្រាំ ទទួលបានលទ្ធផលដូចតទៅ៖ ពិនិត្យព្យាបាលជំងឺទូទៅបាន ១៩៧នាក់ ស្រី១២៧នាក់ ពិនិត្យព្យាបាលជំងឺកុមារបាន ៧០នាក់ ស្រី ៣៦នាក់ ពិគ្រោះនិងវះកាត់តូចបាន២១នាក់ ស្រី ៨នាក់ ពិនិត្យអេកូស្ត្រីផ្ទៃពោះចំនួន ១១នាក់ ដកធ្មេញចំនួន ៦៥នាក់ ស្រី ៣៤នាក់ វាស់ភ្នែកចែកជូនវ៉ែនតាបាន ២០៣នាក់ ស្រី១២០នាក់។ ចំនួន ៥៦៧នាក់ ស្រី៣៣៦នាក់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមហ៊ុនឱសថ ម្ចាស់បរិក្ខាពេទ្យដែលបានចូលរួមឧបត្ថម្ភក្នុងសកម្មភាពមនុស្សធម៌នេះដើម្បីក្រុមការងារគ្រូពេទ្យស្មគ្រចិត្តមានលទ្ធភាពពិនិត្យព្យាបាល។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះលោកវេជ្ជបណ្ឌិត សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន រួមនឹងក្រុមគ្រូពេទ្យស្មគ្រចិត្ត មន្ទីរសុខាភិបាលដែលបានខិតខំប្រឹងប្រឹងប្រែងដើម្បីផ្តល់ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពេលនេះ៕

No comments:

Post a Comment