Thursday, August 29, 2024

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ណែនាំឱ្យមន្ត្រីជំនាញសិក្សារៀបចំរបៀងលំហែបៃតង នៅតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ


(ភ្នំពេញ)៖
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឱ្យអគ្គនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន សិក្សារៀបចំរបៀងលំហែបៃតង នៅខេត្តក្រចេះ ស្ទឹងត្រែង រនតគិរី និងមណ្ឌលគិរី ដែលជាតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DAT) សម្រាប់ទាក់ទាញទេសចរណ៍ធម្មជាតិ។

ការណែនាំបែបនេះ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាស ដែលលោកបានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន នាព្រលប់ថ្ងៃទី២៨ ខែសីហា​ឆ្នាំ២០២៤ ក្រោយបញ្ចប់ពិធីជួបជុំគ្រួសារបរិស្ថាន ដើម្បីពិនិត្យលើលទ្ធផលឆ្នាំទី១ និងទិសដៅឆ្នាំទី២ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានប្រកាសពីភាពជោគជ័យ ក្នុងការកសាងសហគមន៍មូលដ្ឋាន ដោយក្នុងនោះបានកសាងទីតាំងវិបស្សនា នៅក្នុងបរិវេណមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លើឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈ «គីរីរម្យ» ដែលជាកន្លែងវិបស្សនាថ្មី ជាគោលដៅទេសចរណ៍លំហែបៃតង និងសាកសមសម្រាប់អ្នកប្រតិបត្តិសាសនា និងកន្លែងអ្នកទេសចរណ៍ ដែលត្រូវបានធ្វើឱ្យចិត្តស្អាត ស្អាតទាំងគំនិត និងស្អាតទាំងបរិស្ថានខាងក្រៅ ជាមួយធម្មជាតិស្រស់ស្អាតព័ទ្ធជុំវិញ។

ការរៀបចំសាងសង់ទីកន្លែងសមាធិនេះឡើង គឺដើម្បីផ្សព្វផ្សាយ ពីមាគ៌ាព្រះពុទ្ធសាសនា វប្បធម៌ និងបង្ហាញអំពីធនធានធម្មជាតិ ផ្សារភ្ជាប់នឹងជីវិតប្រចាំថ្ងៃ ដែលប្រកបដោយធម៌សន្តោស កសាងសន្តិភាពផ្លូវចិត្តឱ្យរឹងមាំ តាមរយៈការសិក្សាធម៌វិន័យរបស់ព្រះពុទ្ធ ដែលផ្តោតសំខាន់លើភាពល្អបរិសុទ្ធ ភាពស្អាតនៃចិត្ត ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ក្រសួងបរិស្ថានឹងរៀបចំរបៀងលំហែបៃតង នៅតំបន់ឆ្នេរសមុទ្រកម្ពុជា ទាំង៤ខេត្ត ដែលមានចរិកបរិស្ថាន ដើម្បីទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងយ៉ាងដូច្នេះថា «នៅតំបន់ CLV ក៏សូមឱ្យលោកជំទាវពិនិត្យមើលដែរ តើយើងអាចរៀបចំជារបៀងលំហែបៃតងរបៀបយ៉ាងម៉េច ដើម្បីឱ្យប្រជាជនយើងបានទៅលេង ខ្ញុំបានផ្តួចផ្តើមគំនិតដែរ»។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានមានកូនត្នោតជាង ៣ម៉ឺនកូន ដូច្នេះ ប្រសិនបើប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលធ្វើដំណើរឆ្លងកាត់ខេត្តត្បូងឃ្មុំ ដើម្បីទៅលេងកម្សាន្តនៅខេត្តទាំង៤ ស្ថិតនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DAT) អាចឈប់ហើយចុះដាំកូនត្នោតទាំងនោះ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម បានផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ភ្ញៀវទេសចរមិនត្រឹមតែធ្វើដំណើរទៅលេងកម្សាន្តនៅខេត្តជាប់បន្ទាត់ព្រំដែននោះទេ ប៉ុន្តែ ពួកគាត់នឹងមានឱកាសចូលរួមដាំកូនឈើ កសាងអនុស្សាវរីយ៍ តាមរយៈការចូលរួមបង្កើនគម្របព្រៃឈើជាមួយក្រសួងបរិស្ថាន រាជរដ្ឋាភិបាល នៅតាមព្រំដែនជាដើម៕

 

 


No comments:

Post a Comment