Friday, August 30, 2024

នាយឧត្តមសេនីយ៍ ស ថេត ចាត់តំណាងនាំយកសាររំលែកទុក្ខ និងបច្ច័យជូនគ្រួសារសព អនុសេនីយ៍ត្រី សៅ រក្សា ដែលទទួលមរណភាពក្នុងប្រតិបត្តិការបង្រ្កាបករណីហិង្សា នៅខណ្ឌបឹងកេងកង


នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ ជាតំណាងដឹកនាំគណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយកសាររំលែកទុក្ខ ប្រគល់ជូនលោក នៅ សំបូរ និងលោកស្រី យ៉ង អិត ដែលត្រូវជាឪពុកម្តាយសពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដែលបានទទួលមរណភាព ក្នុងប្រតិបត្តិការបង្រ្កាបករណីហិង្សា នៅចំណុចផ្លូវលេខ៣០៤ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។


ក្នុងនោះ លោកឧត្តមសេនីយ៍ឯក លន់ សុផាត បាននាំបច្ច័យចំនួន៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនរបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងបច្ច័យរបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន១២លាន៥សែនរៀល ជូនក្រុមគ្រួសារសពផងដែរ។


តាងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ និងក្នុងនាមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានក្តីរន្ធត់ក្នុងចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា លោកអនុសេនីយ៍ត្រី សៅ រក្សា មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលមរណភាពកាលពីថ្ងៃ ព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងប្រតិបត្តិការបង្ក្រាបករណីហិង្សា នៅចំណុចផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។


ក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ ជំនួសមុខឲ្យនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានបំពាក់ឋានន្តរស័ក្ដិ ថ្នាក់អនុសេនីយ៍ទោ ជាកិច្ចបច្ឆាមរណៈ និងបានចាត់ទុកមរណភាពរបស់លោកអនុសេនីយ៍ទោ សៅ រក្សា គឺជាការបាត់បង់នូវកូនជាទីស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ជាសសរទ្រូងនៃគ្រួសារ ក៏ដូចជាការបាត់បង់នូវមន្ត្រីនគរបាលជាតិ ដ៏សកម្មចំពោះការងារ ដែលជានិច្ចកាលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងសេចក្តីសុខផ្ទាល់ខ្លួន រហូតអវសាននៃជីវិតដើម្បី ចូលរួមបុព្វហេតុថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។


លោកឧត្តមសេនីយ៍ឯក លន់ សុផាត បានបន្តថា ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមសម្តែងនូវសមានចិត្តក្រៀមក្រំ ចូលរួមរំលែកមរណទុក្ខដោយក្តីសោកស្តាយ និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យ ព្រះរតនត្រ័យជួយដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកអនុសេនីយ៍ទោ សៅ រក្សា សូមឆាប់បានយោនយកកំណើត ចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕











No comments:

Post a Comment