ឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ និងលោក Park Joo-bong ដែលជាអគ្គនាយកក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ក្រោយពីរថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ទូទាំងពិភពលោក ជាមួយនឹងការប្រើប្រាស់ មានការកើនឡើងជាលំដាប់។
នៅក្នុងឱកាសទទួលទានអាហារថ្ងៃត្រង់ការងារ នៅទីក្រុងសេអ៊ូល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ ជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា រថយន្តអគ្គិសនីដែលប្រើបច្ចេកវិទ្យាររបស់សាធារណរដ្ឋកូរ៉េ មានគុណភាពល្អ ជាពិសេស គុណភាពអាគុយ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានធ្វើការកោតសរសើរ និងបានលើកឡើងថាពិភពលោកសព្វថ្ងៃងាកទៅរកការប្រើប្រាស់រថយន្តអគ្គិសនី ដែលនឹងរួមចំណែកក្នុងការការពារបរិស្ថាននិងអាកាសធាតុ។ ថ្វីត្បិតតែនៅកម្ពុជា ចលនានៃការប្រើប្រាស់រថយន្តអគ្គិសនី មិនខ្លាំង តែយើងសង្ឃឹមថា ទៅអនាគត ការប្រើប្រាស់រថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាទំនើប និងកាត់បន្ថយការចំណាយ ធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់។
លោកប្រធានក្រុមហ៊ុន Camko Motor និង Camko Infracore បានជម្រាបជូនសម្ដេចថា ក្រុមហ៊ុនរបស់លោកសព្វថ្ងៃបានចាប់ផ្តើមដំណើរការនៅកម្ពុជា និង មានបំណងដំឡើងរថយន្តនៅកម្ពុជាសម្រាប់ការប្រើប្រាស់នៅក្នុងកម្ពុជាផង និងការនាំចេញទៅក្រៅប្រទេសផង។ សម្រាប់ដំណើរការរបស់ក្រុមហ៊ុននេះ លោក ត្រូវការធនធានមនុស្ស ពិសេសគឺត្រូវការការបណ្ដុះបណ្ដាលជំនាញដល់ពួកគេ។
សូមបញ្ជាក់ថាកាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន Camko Motor ក៏បានចូលជួបសម្ដែងការគួរសមជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសពេលសម្តេចធិបតីបំពេញទស្សនកិច្ចហើយក៏បានទទួលការយល់ព្រមឯកភាពពី សម្ដេចធិបតី ឱ្យក្រុមហ៊ុននេះធ្វើការសិក្សា និងលើកទឹកចិត្តឱ្យមានការបង្កើតរោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជា ដែលនឹងផ្ដល់ឱកាសឱ្យកម្ពុជាជាទីផ្សារមួយ ដែលមិនត្រឹមតែអាចប្រើប្រាស់នៅក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងអាចនាំចេញទៅក្រៅប្រទេសថែមទៀត។
ក្រុមហ៊ុនCamko Motor ក៏មានបំណងពង្រីកសកម្មភាពផលិតរបស់ក្រុមហ៊ុន ឱ្យកាន់តែធំថែមទៀត។ លោកប្រធានក្រុមហ៊ុន Camko Motor បានសន្យាជាមួយសម្ដេចតេជោថា លោកនឹងខិតខំធ្វើការឱ្យអស់លទ្ធភាពសម្រេចគម្រោងនេះឱ្យជោគជ័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕
No comments:
Post a Comment