Thursday, September 12, 2024

សម្តេចតេជោ ហ៊ុន សែន ធ្លាប់ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស២ ពីសហរដ្ឋអាមេរិក ខណៈពេលនេះសម្តេចមានសញ្ញាបត្របណ្ឌិតកិត្តិយសជាង១០


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា សម្តេចតេជោ ធ្លាប់បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ចំនួន២ ពីសហរដ្ឋអាមេរិក ខណៈមកដល់ពេលនេះសម្តេចតេជោ មានសញ្ញាបត្របណ្ឌិតកិត្តិយសជាង ១០សញ្ញាបត្រឯណោះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះបន្ទាប់ពីមានខ្មែរនៅសហដ្ឋអាមេរិក បានចោទជាសំណួរថា តើសម្តេចសមនឹងទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីប្រទេសកូរ៉េដែរ ឬយ៉ាងណា។

ថ្លែងក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានតបថា​ ដល់ពេលនេះ សម្តេចមានសញ្ញាបត្រកិត្តិយស ពីបរទេសជាង ១០សញ្ញាបត្រ ដោយចាប់ផ្តើមពីសាកលវិទ្យាល័យពីរ នៅសហរដ្ឋអាមេរិក។ សម្រាប់នៅកូរ៉េខាងត្បូងវិញ នេះជាសញ្ញបត្រទី៣ ខណៈសហគមន៍អឺរ៉ុប ក៏គ្រោងផ្តល់សញ្ញាបត្រកិត្តិយសជូនសម្តេចដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់បើករង្វង់ក្រចក ដើម្បីធ្វើការឆ្លើយតបទៅនឹងបញ្ហាលើកឡើងថ្មីៗ ដែលថា តើលោក ហ៊ុន សែន សមស្របទទួលយកនូវសញ្ញាបត្រ ពីសាកលវិទ្យាល័យនៅកូរ៉េ ឬអត់។ ខ្ញុំបានចូលទៅ Comment (ផ្តល់មតិ) នៅ TikTok ដែលបាននិយាយពីទីក្រុងបាងកក នៅសហរដ្ឋអាមេរិក ដែលថា តើលោក ហ៊ុន សែន មានលក្ខណៈសម្បត្តិសមស្រប ដើម្បីទទួលយកសញ្ញាបត្រកិត្តិយស ពីកូរ៉េ ឬអត់»។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «ខ្ញុំគ្រាន់តែឆ្លើយ។ អម្បាញ់មិញ លោកសាស្ត្រាចារ្យ ក៏បានអានសុន្ទរកថារបស់ខ្ញុំ។ ខ្ញុំមកដល់ពេលនេះ មានសញ្ញាបត្រកិត្តិយសជាង១០ ដោយចាប់ផ្តើមពីសាកលវិទ្យាល័យ២ នៅសហរដ្ឋអាមេរិក គឺ Southern California University ខាងវិទ្យាសាស្ត្រនយោបាយ និង IOWA ខាងច្បាប់។ ឯនៅសាធារណរដ្ឋកូរ៉េនេះ ជាសាកលវិទ្យាល័យកិត្តិយសទី៣ ដែលខ្ញុំបានទទួល ដូច្នេះវា ៥សញ្ញាបត្រ នៅថៃផ្តល់ឲ្យ២ នៅម៉ាឡេស៊ីផ្តល់ឲ្យ១ នៅចិនផ្តល់ឲ្យ២ នៅឥណ្ឌូនេស៊ី១ ដែលមិនទាន់បានទទួល ហើយនៅមានផ្សេងទៀត តាំងពីសហគមន៍អឺរ៉ុបឯណោះ ដូច្នេះខ្ញុំមានច្រើនណាស់។ ប៉ុន្តែ អ្នកដែលលើកសំណួរនេះ សូមកុំសួរកូរ៉េអី សួរអាមេរិកវិញ។ ហេតុអ្វី បានជាអាមេរិកឲ្យសញ្ញាបត្របណ្ឌិតកិត្តយស មកដល់ ហ៊ុន សែន»

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នេះជាការបកស្រាយ ដើម្បីឆ្លើយតបភ្លាមៗ កុំឲ្យខូចឈ្មោះសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ របស់កូរ៉េខាងត្បូង។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ត្រូវបានសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) នៅខេត្តឃ្យុងសាងបុកដូ ប្រទេសកូរ៉េខាងត្បូង ផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែក «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព»។ ពិធីប្រគល់ និងទទួលសញ្ញាបត្របណ្ឌិតកិត្តិយសរបស់សម្តេចតេជោ ត្រូវបានធ្វើឡើងនៅខេត្តឃ្យុងសាងបុកដូ ប្រទេសកូរ៉េខាងត្បូង នាឱកាសសម្តេចតេជោ អញ្ជើញធ្វើបាឋកថា ស្តីពី «បទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ»

ការផ្តល់សញ្ញា​បត្របណ្ឌិតកិត្តិយស គឺជាការទទួលស្គាល់ចំពោះស្នាដៃដ៏ចំណានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំ កសាងសន្តិភាព និងអភិវឌ្ឍសង្គមកម្ពុជា ឱ្យមានភាពចម្រើនលូតលាស់ ហើយប្រជាពលរដ្ឋរស់នៅក្នុងវិបុលភាព៕

 


No comments:

Post a Comment