Friday, September 13, 2024

កំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ ទាមទារឱ្យចូលរួមទាំងអស់គ្នាសម្រាប់រក្សានិរន្តភាពបរិស្ថាន


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋន្ត្រីក្រសួងបរិស្ថាន មហាអនុតំបន់ទន្លេមេគង្គ ជាតំបន់ពោរពេញដោយសក្តានុពលធម្មជាតិ ប៉ុន្តែ បច្ចុប្បន្នកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ តែតាមរយៈកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់ទន្លេមេគង្គ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងក្លាយជាកម្លាំងចលាករដ៏សំខាន់ ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ព្រមទាំងគ្រោះមហន្តរាយធម្មជាតិ។

ការបង្ហាញជំនឿបែបនេះរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាព បើកជាផ្លូវការកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះមានការរួមពីសំណាក់គណៈប្រតិភូរដ្ឋមន្រ្តីបរិស្ថាននៃបណ្តាប្រទេសជាសមាជិកនៃមហាអនុតំបន់មេគង្គ ចំនួន៦ប្រទេសរួមមានប្រទេសចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម។

ឯកឧត្តមណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា៖ «យើងទាំងអស់គ្នា ត្រូវតែទទួលខុសត្រូវ ចំពោះកំណប់ទ្រព្យសម្បត្តិ បរិស្ថាន ជីវៈចម្រុះនៅមហាអនុតំបន់ទន្លេមេគង្គ យើងទាំងអស់គ្នា ត្រូវតែប្រឹងប្រែងធ្វើឱ្យបាននូវភាពបៃតង ស្អាត និរន្តភាព ដើម្បីអនាគត នៅក្នុងតំបន់ GMS។ ដូច្នេះ GMS គឺជាតំបន់ដែលសម្បូរទៅដោយជីវៈចម្រុះ សោភ័ណភាព នៃធម្មជាតិដ៏ល្អប្រសើរ ដែលជួយដល់មុខរបរប្រជាជនរាប់លាននាក់ ហើយដីសើម ទន្លេ និងព្រៃឈើមិនត្រឹមតែធនធានជួយជីវិតមនុស្សនោះទេ ប៉ុន្តែ មានសារៈសំខាន់ជួយដល់សេដ្ឋកិច្ច និងកំណត់អត្តសញ្ញាណរបស់ប្រជាជន»

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ជាមួយនឹងសារៈសំខាន់មិនអាចកាត់ថ្លៃបាននេះ មហាអនុតំបន់ទន្លេមេគង្គ បច្ចុប្បន្ននេះ បាននឹងកំពុងប្រឈមការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ ភាពកង្វក់ និងការអភិវឌ្ឍមិនទាន់មាននិរន្តភាព។ ដូច្នេះ កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់ទន្លេមេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ គឺមានសារៈសំខាន់ខ្លាំងណាស់ គឺបានផ្តល់ជាវេទិកាដ៏សំខាន់ ដើម្បីឱ្យពង្រឹងភាពជាដៃគូ ចំណេះដឹង កិច្ចសហប្រតិបត្តិការ កិច្ចប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងតំបន់។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា គ្រោះមហន្តរាយធម្មជាតិ ញឹកញាប់ នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) បានរុញច្រានឱ្យថ្នាក់ដឹកនាំនៃបណ្តាប្រទេសទាំងអស់ បានធ្វើការគិតគូរយ៉ាងឆាប់រហ័សនៃការប្រែប្រួលអាកាសធាតុ។ ការពង្រឹងនូវយុទ្ធសាស្ត្រការកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយ ដើម្បីការពារប្រជាជននៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ជាពិសេសប្រព័ន្ធអេកូស៉ីសស្ទឹម (Ecosystems)។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា៖ «យើងត្រូវតែធ្វើការងារ ដើម្បីការពារនូវជីវៈចម្រុះដ៏សម្បូររបស់យើង ច្រកអភិរក្សនៃប្រព័ន្ធជីវៈចម្រុះ GMS នេះ គឺយើងប្រឹងប្រែងរួមគ្នា ដើម្បីរក្សា អភិរក្ស នៃ Ecosystems ដែលទទួលការគំរាមកំហែង ការប្រែប្រួលអាកាសធាតុ។ ការលើកកម្ពស់គុណភាពបរិស្ថាន មានសារៈសំខាន់ ដើម្បីសុខមាលភាព សុវត្ថិភាពរបស់ប្រជាជននៅក្នុងមហាអនុតំបន់ទន្លេមេគ្គ»។

ត្រង់ចំណុចនេះ ត្រូវបានលោកបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់យោបល់ថា ការត្រួតពិនិត្យទៅលើភាពកង្វក់ និងកាក់សំណល់ គឺជាចំណុចសំខាន់បំផុត ដើម្បីរក្សាឱ្យបាននូវបរិស្ថានល្អ ខ្យល់អាកាសល្អ។ ដើម្បីលើកកម្ពស់ពីគុណបរិស្ថានល្អ មិនមែនត្រឹមតែសម្រាប់បរិស្ថានតែប៉ុណ្ណនោះទេ ប៉ុន្តែ វាបានជួយដល់បញ្ហាសុខភាពសាធារណៈ និងតំបន់ទាំងមូល។

លោកថាប្រទេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ដើម្បីរៀបចំប្រកបដោយនិរន្តភាពបរិស្ថាននៅពេលអនាគត គោលនយោបាយ ដើម្បីការពារបរិស្ថាន លើកកម្ពស់ការអភិវឌ្ឍបៃតង និងធនធានធម្មជាតិ ជាពិសេសយុទ្ធសាស្ត្រចក្រាលើវិស័យបរិស្ថាន ២០២៣ ដល់២០២៨ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ។ ដើម្បីកាត់បន្ថយការបំពុល និងភាពកង្វក់ដោយប្លាស្ទិក ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការ៣សំខាន់ ការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ដើម្បីអនាគតមួយប្រកបដោយនិរន្តភាព។

«ការប្រែប្រួលអាកាសធាតុ នៅពេលបច្ចុប្បន្ននេះ គឺជាចំណុចមួយដ៏គួរស្មុគស្មាញ ពិបាក ក៏ប៉ុន្តែ វាក៏បង្ហាញឱ្យពួកយើងជាឱកាសដែលដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយនិរន្តភាព បង្កើតភាពជាដៃគូ ចំណេះដឹង ធនធាន និងកសាងភាពធននឹងអាកាសធាតុ នៅក្នុងតំបន់ GMS ដើម្បីធានាថាធនធានធម្មជាតិរបស់យើងត្រូវបានធានា សម្រាប់យុវជនជំនាន់ក្រោយ»។ នេះជាការគូសបញ្ជាក់របស់លោកបណ្ឌិត អ៊ាង សុផល្លែត។

លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា កិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់ទន្លេមេគង្គ បានផ្តល់ឱកាសដល់យើងទាំងអស់គ្នា នូវឱកាសដូចគ្នា ដើម្បីតាំងចិត្តឡើងវិញ លើកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជជែកវែកញែកពីបញ្ហាប្រឈម កែតម្រូវ និងដំណោះស្រាយរួមគ្នា ការពារតំបន់ពីការប្រែប្រួលអាកាសធាតុជាដើម។

បើតាមលោកស្រី Fitima Yasmin អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលស្គាល់ថា មហាអនុតំបន់ទន្លេមេគង្គ (GMS) ពិតជាតំបន់ដែលសម្បូរទៅដោយធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងសក្តានុពលសេដ្ឋកិច្ច។

លោកស្រីបានបន្ថែមថា យ៉ាងណាក៏ដោយ វាក៏ជាតំបន់ដែលងាយរងគ្រោះកាន់តែខ្លាំងឡើងចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ បញ្ហាប្រឈមដែលយើងកំពុងជួបមានការកើនឡើងសីតុណ្ហភាព និងការប្រែប្រួលអាកាសធាតុជាដើម។ ADB ទទួលស្គាល់នូវតម្រូវការសំខាន់ សម្រាប់សកម្មភាពបន្ទាន់ និងរួមគ្នា។ ការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់ប្រទេស GMS ក្នុងដំណើររបស់ពួកគេឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព គឺមិនផ្លាស់ប្តូរទេ។

«ភារកិច្ចនៅចំពោះមុខយើង គឺត្រូវរួមបញ្ចូលភាពធន់នឹងអាកាសធាតុ និង  និរន្តរភាពបរិស្ថានទៅក្នុងគ្រប់ផ្នែកនៃផែនការអភិវឌ្ឍន៍ គោលនយោបាយ និងការវិនិយោគរបស់យើង។ អាស្រ័យហេតុនេះ ADB បានប្តេជ្ញាបែងចែកធនធានផ្ទាល់របស់ខ្លួន ដែលមានទំហំទឹកប្រាក់ចំនួន១០០ពាន់លានដុល្លារ សម្រាប់សកម្មភាពអាកាសធាតុនៅអាស៊ី និងប៉ាស៊ីហ្វិក ក្នុងរយៈពេល១២ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០៣០»។ នេះជាការលើកឡើងបន្ថែមរបស់អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី៕

CATEGORIES

No comments:

Post a Comment