ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា យើងរួមគ្នាកសាងនូវឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មគ្រឿងបង្គុំសំណង់ ឧស្សាហកម្មគ្រឿងតុបតែង និងឧស្សាហកម្មធនាគារ ដើម្បីឧត្តមប្រយោជន៍ប្រជាជន និងប្រទេសជាតិ ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះនៅក្នុងពិធីបើកសម្ពោធការតាំងពិព័រណ៍វិស័យ សំណង់អគារវិស្វកម្ម និងឧស្សាហកម្មទឹកខ្នាតអន្តរជាតិធំជាងគេលំដាប់លេខ១នៅកម្ពុជាកាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា ព្រឹត្តិការណ៍នេះ ជាទស្សនៈវិស័យរួមសម្រាប់ទាំងអស់គ្នា ដើម្បីដើរលើផ្លូវរួមគ្នាក្នុងការផ្ដល់ឧត្តមប្រយោជន៍ដល់ប្រជាជននិងប្រទេសជាតិ យើងអាចរៀបចំឧស្សាហកម្មមួយដែលមានរបៀបរៀបរយ អាចបង្កើតនូវបរិយាកាសមួយដែលមនុស្សនិងស្ថាប័នអាចបង្កើតនូវវប្បធម៌សិក្សាស្រាវជ្រាវ បង្កើតនូវផលិតផលថ្មី ។ឯកឧត្តមសង្ឃឹមថាផ្ដើមចេញពីថ្ងៃនេះ និងទីតាំងពិព័រណ៍នេះ យើងអាចមើលឃើញនូវនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុ ដើម្បីជួយទ្រទ្រង់ឧស្សាហកម្មនេះ និងនវានុវត្តន៍គំនិតថ្មីៗទាក់ទិននឹងឧស្សាហកម្មនេះផងដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានរំលេចពីសកម្មភាពចុះបញ្ជីដីធ្លី ដែលមកទល់ពេលនេះយើងបានវាស់វែងចុះបញ្ជីបន្ថែមបានប្រមាណ២លាន៣សែនក្បាលដី និងនៅសល់ជាង ១លានក្បាលដីទៀតនឹងត្រូវបញ្ចប់ការចុះបញ្ជីនៅទូទាំងប្រទេស ដែលនេះប្រហែលជាលើកទី១ ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាដោយបានវាស់វែងនិងចុះបញ្ជីដីទាំងអស់នៅទូទាំងប្រទេសបានចប់សព្វគ្រប់ក្នុងអាណត្តិទី៧នេះ។ ដោយឡែក ក្បាលដីដែលនៅសេសសល់មិនទាន់បានចុះបញ្ជី រដ្ឋបាលខេត្តព្រះវិហារបានប្ដេជ្ញាចិត្តក្នុងការបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានមុនឆ្នាំ២០២៩ ដែលជាគម្រប់ខួបលើកទី ៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហើបថា នាពេលខាងមុខនឹងមានការរៀបចំពិព័រណ៍បែបនេះឱ្យបានធំជាងមុន ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងរៀបចំដែនដី ដែលនឹងផ្ដល់ឱកាសកាន់តែច្រើនសម្រាប់វិស័យសំណង់ អគារ វិស្វកម្មនៅកម្ពុជា។
ឯកឧត្តមបន្ថែមថា ដោយឡែកការជួបជុំគ្នានាពេលនេះគឺជាឱកាសដ៏ល្អប្រសើរដើម្បីជជែកពិភាក្សារកវិធីសាស្ត្រធ្វើយ៉ាងណាឱ្យការងារដែលយើងទាំងអស់គ្នាកំពុងធ្វើទទួលបានប្រសិទ្ធភាពខ្ពស់ ។ធ្វើឱ្យឧស្សាហកម្មទឹកមានរបៀបរៀបរយស៊ីចង្វាក់គ្នា ទទួលបានផលចំណេញកាន់តែច្រើន បង្កើនផលិតភាពសម្រាប់ប្រជាជន។ទឹកស្អាត គឺជាអាទិភាពធំមួយរបស់រាជរដ្ឋាភិបាល៕
No comments:
Post a Comment