សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ចេញការណែនាំដល់រដ្ឋបាលខេត្តកែប ត្រូវតែលុបបំបាត់ចោលទាំងស្រុងចំពោះសកម្មភាពក្រុមសង្គមងងឹត ចោរកម្ម និងល្បែងស៉ីសងគ្រប់ប្រភេទ សំដៅធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្ដនៅខេត្តមាត់សមុទ្រមួយនេះ។
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ដែលមានតម្លៃជាង១០លានដុល្លារ នៅទឹកដីខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងជាថ្មីថា ខេត្តមាត់សមុទ្រមួយនេះ គឺមិនអនុញ្ញាតឲ្យបើកកាស៉ីណូជាដាច់ខាត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «តំបន់ទេសចរណ៍ដាច់ខាតត្រូវតែមានសន្តិសុខ សុវត្ថិភាព អត់មានអ្នកណាចង់មកកែបល្បីខាងចោរប្លន់ ចោរលួច ឬមានបញ្ហានោះទេ ហើយកិច្ចការនេះ ត្រូវគ្រប់គ្រងឲ្យបានទៅលើល្បែងស៊ីសង ក្មេងទំនើង និងចោរកម្មផ្សេងៗ។ ជាពិសេសត្រូវសង្កេត និងត្រួតពិនិត្យវត្តមាន នៃក្រុមសង្គមងងឹត ជនបរទេសដែលមកបន្លំជួលកន្លែងស្នាក់នៅធ្វើជាទីតាំងឆបោកតាមប្រព័ន្ធអនឡាញ ដោយចាត់វិធានការឲ្យបានត្រឹមត្រូវស្របច្បាប់»។
បើតាមប្រសាសន៍របស់សម្ដេចបវរធិបតី នាយករដ្ឋមន្ដ្រី, ការធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីបង្កើតអារម្មណ៍កក់ក្ដៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្ដ នៅខេត្តកែប។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរគណៈបញ្ជាការឯកភាពខេត្តកែប ដែលកន្លងមកបានខិតខំប្រឹងប្រែងយ៉ាងល្អលើការងារសន្ដិសុខ សណ្ដាប់ធ្នាប់នេះ ហើយកន្លងទៅថ្មីៗនេះ ក៏បានផ្ដល់នូវកិច្ចសហការល្អជាមួយស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីទប់ស្កាត់បានទាល់ពេលវេលា ចំពោះក្រុមឧក្រិដ្ឋជនដែលចង់មកធ្វើសកម្មភាពនៅក្នុងមូលដ្ឋានខេត្តកែប។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានព្រមានថា ប្រសិនបើខេត្តកែប បាត់បង់ឈ្មោះជាខេត្តសុវត្ថិភាពហើយនោះ មិនអាចក្លាយជាដុំពេជ្របានទេ ពោលច្បាស់ណាស់ភ្ញៀវទេសចរនឹងទៅហួស មកហួសជាក់ជាមិនខានឡើយ ដូច្នេះត្រូវតែយកចិត្តទុកដាក់ពង្រឹងលើការងារនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
យ៉ាងណាមិញ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យបើកអាជីវកម្មកាស៉ីណូជាដាច់ខាត។ ផ្ទុយទៅវិញ បើស្នើសុំបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេស និងអេកូទេសចរណ៍ជាដើមនោះ រាជរដ្ឋាភិបាលនឹងអនុញ្ញាតភ្លាមៗតែម្ដង៕
No comments:
Post a Comment