Monday, December 30, 2024

ថ្នាក់ដឹកនាំខេត្តកណ្ដាល ចែកប្លង់រឹងជូនអ្នកស្រុកល្វាឯម ជាង២ពាន់បណ្ណ និងលើកឡើងពីគុណតម្លៃនៃសន្តិភាព ក្រោយការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា


ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានលើកឡើងថា រំលងតែមួយថ្ងៃក្រោយថ្ងៃខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា, ប្រជាពលរដ្ឋភូមិល្វាសរក្រោម ភូមិល្វាសរកណ្តាល និងភូមិល្វាសរលើ ទទួលបានបណ្ណកម្មសិទ្ធិដីធ្លី ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ តាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដីធ្លី បានចុះបញ្ជី មានបណ្ណកម្មសិទ្ធិ គឺមានសុវត្ថិភាព និងជាមូលធន។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងបែបនេះ នៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២,០១០បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិល្វាសរលើក ភូមិល្វាសរកណ្ដាល និងភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណវត្តល្វាសរ ឃុំល្វាសរ ស្រុកល្វាឯម។ ពិធីនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សា និងឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបយីកម្ម និងសំណង់។

ឯកឧត្តមអភិបាលខេត្តកណ្តាល បន្តថា ការចែកបណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរ ពីការខិតខំរបស់មន្ទីររៀបចំដែនដី និងប្អូនៗយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែក ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ។

ជាមួយគ្នាដែរ ឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការអបអរសាទរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំង ចំនួន០៣ភូមិ ក្នុងឃុំល្វាសរ ស្រុកល្វាឯម ដែលទទួលបានវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់បន្ថែមថា ដីធ្លី បានចុះបញ្ជី មានបណ្ណកម្មសិទ្ធិ គឺមានសុវត្ថិភាព និងជាមូលធនរបស់កម្មសិទ្ធិករ។ ក្នុងន័យនេះ ដីធ្លី បានចុះបញ្ជី មានបណ្ណកម្មសិទ្ធិ មានភាពងាយស្រួល ក្នុងការយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់, ជួល, បញ្ចាំ. ធ្វើអំណោយ -ល- ដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា គិតមកដល់ពេលនេះចុះបញ្ជីបាន ៦០ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង៥៣១ភូមិ លើ១០១០ភូមិ គឺស្មើនឹង៥២% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៤៩,២៨០ក្បាលដី។

ក្នុងនោះ បានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៣៩០,០១០ បណ្ណ និងធ្វើការចែកបណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២២៩លើកស្មើនឹង ៣១២,៤៦០បណ្ណ ហើយថ្ងៃនេះ គឺជាលើកទី២៣០ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិល្វាសរលើ ចំនួន ៤៩២បណ្ណ ភូមិល្វាសរកណ្ដាល ចំនួន៤៩៦បណ្ណ និងភូមិល្វាសរក្រោម ចំនួន ៨២៤បណ្ណ ឃុំល្វាសរ ស្រុកល្វាឯម សរុបចំនួន ២,០១០បណ្ណ៕

No comments:

Post a Comment