លោកអនុសេនីយ៍ឯក អៀន វ៉ិច ជាមន្រ្តីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុម គ្រប់គ្រងកម្លាំង៨នាក់ រួមទាំងមន្រ្តីជាប់កិច្ចសន្យានៅ គោលដៅចរាចរណ៍កាំកូស៊ីធី។ ថ្លែងប្រាប់មន្រ្តីព័ត៌មាននៃ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកយកនូវ បទពិសោធន៍អនុវត្តការងារចាប់តាំងពីឆ្នាំ១៩៩៣ ដល់ បច្ចុប្បន្ន ដែលបើតាមលោក គឺប្រមាណ៣០ឆ្នាំមកនេះ លោកបានជួបបញ្ហាជាច្រើនក្នុងជីពការងារ និងរឿងរ៉ាវ ជាច្រើនពាក់ព័ន្ធនឹងការធ្វើចរាចរណ៍របស់អ្នកដំណើរ។
បើតាមលោកអនុសេនីយ៍ឯក ក្នុងនាមជាមន្រ្តីនគរបាល ចរាចរណ៍ផង និងជាមេគ្រួសារផង លោកជាអ្នកទទួលបន្ទុក រ៉ាប់រងគ្រួសារ ដែលមានសមាជិក៤នាក់ ទាំងការសិក្សា របស់កូនៗ ទាំងការចំណាយផ្សេងៗគ្រប់បែបយ៉ាង បូករួម ទាំងបំណុលធនាគារ។ លោកបន្តថា «ពេលខ្លះគ្រួសារខ្ញុំ មិនបានពេញចិត្តនឹងការងារនគរបាលចរាចរណ៍នេះទេ ព្រោះគាត់គិតពីសុវត្ថិភាពយើង ម្យ៉ាងទៀតទទួលបាន ចំណូលមិនគ្រប់គ្រាន់ ធ្វើការមិនគិតពេលវេលា ហើយត្រូវ គេរិះគន់ គុំស្អប់ ដោយសារតែការអនុវត្តច្បាប់។
ថ្វីដ្បិតជួបរឿងស្មុគស្មាញច្រើនក្នុងជីវិតការងារ និងបន្ទុក គ្រួសារ នគរបាលពាក់ស័ក្តិ៣រូបនេះ អះអាងសម្រាប់លោក គឺបញ្ហាទាំងនោះ មិនមែនជាឧបសគ្គឡើយ ហើយសម្រាប់ ពាក្យរិះគន់ពីមហាជនមួយចំនួន ទាំងមកលើរូបលោក និង នគរបាលចរាចរណ៍ផ្សេងទៀត លោកក៏មិនបដិសេធអ្វីនោះ ដែរ ប៉ុន្តែលោកបានបង្ហាញការឯកភាព ចំពោះទស្សនៈដែល ថា បើធៀបនឹងការរិះគន់ដែលចៀសមិនផុតក្នុងជីវិតការងារ លើដងផ្លូវ ប្រហែលជាញើសលោកស្រក់ជារៀងរាល់ថ្ងៃ ដើម្បីសុវត្ថិភាពអ្នកដំណើរ មានច្រើនជាងរាប់រយលានដង ឯណោះ»។
លោកបានបន្តថា«ការងារជាមន្រ្តីនគរបាលចរាចរណ៍បាន លះបង់ធ្ងន់ណាស់ កុំថាឡើយសុវត្ថិភាពផ្ទាល់ខ្លួន សូម្បីតែ ពេលវេលាសម្រាប់គ្រួសារក៏គ្មានដែរ មិនថាថ្ងៃឈប់សម្រាក សូម្បីតែថ្ងៃបុណ្យទាន ភ្ជុំ ចូលឆ្នាំ ឬកម្មវិធីផ្សេងៗ និយាយរួម គឺគ្មានពេលផ្តល់ភាពកក់ក្តៅជូនគ្រួសារបាន ពេញលេញឡើយ។ ពេលខ្លះ គឺត្រូវក្រោកតាំងពី ម៉ោង៣ព្រឹក ចេញទៅបំពេញភារកិច្ចតាមគោលដៅរៀងៗ ខ្លួន តាមបទបញ្ជាថ្នាក់លើ។ សម្លៀកបំពាក់នៅនឹងខ្លួន មិនដែលបានល្អក្លិនទឹកអប់អ្វីទេ មានតែញើសជួរឈរក្បែរ គេមិនបាន»។
មានទាំងឈរសម្រួលចរាចរណ៍តាំងពីព្រលឹមដល់ព្រលប់ មានទាំងហាលភ្លៀង ហាលក្តៅ និងហាលខ្យល់ ហើយ ពេលខ្លះ លោកអះអាងថា ក្នុងករណីចាំបាច់ណាមួយ គឺ ប្រចាំការ២៤ លើ២៤ម៉ោងតែម្តង។ ត្រង់ចំណុចនេះ លោក បង្ហាញក្តីព្រួយបារម្ភចំពោះបញ្ហាសុខភាព ដោយអះអាងថា «គ្រប់មន្រ្តីនគរបាលចរាចរណ៍ ហើយខ្ញុំផ្ទាល់មិនមាន ពេលសម្រាកគ្រប់គ្រាន់ទេ តែជាកាតព្វកិច្ចត្រូវបំពេញ និង មិនអាចប្រកែកបាន ពេលខ្លះដោយទ្រាំនឹងកំដៅថ្ងៃមិនបាន ក៏មានអាការៈខ្យល់ចាប់មួយដងមួយកាលដែរ ប៉ុន្តែក៏ត្រៀម ក្រមួន ប្រេងកូឡា និងប្រេងខ្យល់ជាប់តាមខ្លួនជានិច្ច»។
លោកបានលើកឡើងទៀតថា ការលះបង់របស់មន្រ្តី នគរបាលចរាចរណ៍ មិនមែនតែសម្រាប់ខ្លួនឯង ឬសម្រាប់ នណាម្នាក់ឡើយ គឺដើម្បីប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ផ្លូវ និងដើម្បីជាតិទាំងមូល ក្នុងពេលបំពេញភារកិច្ចញើស ហូរសស្រាក់ តាំងពីក្បាលរហូតដល់ចុងជើង ពោលគឺគ្មាន ពេលត្អូញត្អែរឡើយ។ លោកសំណូមពរទៅកាន់មតិរិះគន់ មួយចំនួនថា សូមកុំមើលឃើញតែម្ខាង ឬឃើញតែជ្រុងមួយ ពិចារណាឱ្យបានល្អិតល្អន់មុននឹងវាយតម្លៃសូមថ្លឹងថ្លែងឱ្យ បានគ្រប់ជ្រុងជ្រោយ បើគ្មានមន្រ្តីនគរបាលចរាចរណ៍ទេ ច្បាស់ណាស់ថានឹងមានបញ្ហាអ្វីកើតឡើងនៅតាមដងផ្លូវ។ លោកបន្តថា «ពួកគាត់មានពេលរិះគន់ មានពេលជុំគ្រួសារ ហូបចុកសប្បាយរីករាយ ផ្ទុយទៅវិញយើងខ្ញុំជាមន្រ្តី នគរបាលចរាចរណ៍ មិនមានពេលបែបនេះឡើយ»។
លោកបានគូសបញ្ជាក់ថា ថ្វីដ្បិតការនេះនឿយហត់លំបាក ក៏ពិតមែន ប៉ុន្តែលោកដាក់ចិត្តដាក់កាយប្រកបដោយឆន្ទៈ និងការស្រឡាញ់ លះបង់ ចូលរួមជួយសង្គមជាតិ ជាមួយ រាជរដ្ឋាភិបាល និងបំពេញតួនាទីលើការងារនេះ រហូតដល់ អាយុចូលនិវត្តន៍។មន្រ្តីនគរបាលចរាចរណ៍រូបនេះ ក៏បាន ផ្តាំផ្ញើទៅកាន់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមគោរពច្បាប់ ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន បើកបរដោយការប្រុងប្រយ័ត្ន ខ្ពស់ និងស្នើឱ្យអាណាព្យាបាលគ្រប់រូប កុំបណ្តែតបណ្តោយ កូនដែលមិនទាន់គ្រប់អាយុបើកបរ ទាំងម៉ូតូ ឬរថយន្តទៅ សាលរៀន ឬទីតាំងណាផ្សេង ជាហេតុ អាចបង្កគ្រោះថ្នាក់ ណាមួយកើតឡើង៕
No comments:
Post a Comment