(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដល់អង្គភាព ស្ថាប័ននានា និងប្រជាពលរដ្ឋឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់គ្រោះអគ្គីភ័យ។ ការណែនាំដូចខាងលើនេះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងនៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២៤ ក្នុងពិធីប្រារព្ធទិវាបង្ការ និងពន្លត់អគ្គីភ័យ (នៅទីលានព្រលានយន្តហោះចាស់) ស្ថិតក្នុងភូមិព្រសំ ឃុំរអាង ស្រុកកំពង់សៀម។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋ និយោជិត និយោជក និងយុវជនគ្រប់រូប ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ ព្រោះការងារបង្ការទប់ស្កាត់គ្រោះអគ្គិភ័យមិនមែនជាកាតព្វកិច្ចរបស់ នណារម្នាក់នោះទេ ប៉ុន្តែវាគឺជាកាតព្វកិច្ចរបស់យើងទាំអស់គ្នា។
ម្យ៉ាងទៀត នៅគ្រប់លំនៅដ្ឋានរបស់បងប្អូនទាំងអស់គ្នា គួរតែមានឧបករណ៍បង្ការពន្លត់អគ្គិភ័យ និងត្រូវត្រៀមឧបករណ៍សម្ភារៈសាមញ្ញៗ ដូចជាភួយ ខ្សាច់ មានទឹកបំរុងទុកពេញពាង បើមានទុយោទឹក ម៉ូទ័របូមទឹក ម៉ាស៊ីនបូមបាញ់ទឹកកាន់តែប្រសើរ សម្រាប់ពន្លត់នៅពេលដែលមានភ្លើងឆេះគ្រាដំបូង។ ទន្ទឹមនឹងនេះ សូមមានការប្រុងប្រយ័ត្ននូវបញ្ហាភ្លើងផ្សែង តាមរយៈការប្រើប្រាស់ភ្លើងចង្ក្រាន ការដុតទៀន ធូប ចរន្តអគ្គិសនី ជាតិគីមី ឧស្ម័នផ្ទុះ (ចង្ក្រានហ្គាស និងកំប៉ុងហ្គាស) ជាដើម។
ឯកឧត្តមបានអះអាងថា ប្រសិនបើពេលដែលមានគ្រោះអគ្គិភ័យ ឬហានិភ័យផ្សេងៗកើតឡើង សូមបងប្អូនទាំងអស់គ្នា ប្រញាប់រាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីសមត្ថកិច្ចជំនាញជួយអន្តរាគមន៍បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
សូមជម្រាបថា ការប្រារព្ធទិវានេះ ក៏មានការបង្ហាញរបស់មន្ត្រីការិយាល័យនគរបាលជំនាញ អំពីវិធីសាស្ត្រងាយៗ ក្នុងការទប់ស្កាត់ ពន្លត់អគ្គីភ័យ ដែលអាចឲ្យប្រជាពលរដ្ឋសង្គ្រោះខ្លួនឯងជាបឋមផងដែរ។
ឯកឧត្តម អ៊ុន ចាន់ដា បានយកឱកាសនោះ សម្តែងនូវការកោតសរសើ នូវការយកចិត្តទុកដាក់ខ្ពស់ របស់កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានអន្តរាគមន៍ទាន់ពេលវេលា និងការគ្រប់គ្រងបានយ៉ាងឆាប់រហ័ស លើបញ្ហាអគ្គិសភ័យនាពេលកន្លងមក៕
No comments:
Post a Comment