Wednesday, February 21, 2024

អភិបាលខេត្តត្បូងឃ្មុំ បញ្ជាឲ្យបិទល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងគ្រប់ប្រភេទតាមមូលដ្ឋានទាំងអស់


(ត្បូងឃ្មុំ)៖
 ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ មិនអនុញ្ញាតឲ្យបន្តបើកអាជីវកម្ម បង្រ្កាបល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងគ្រប់ប្រភេទចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះតទៅ។

បទបញ្ជានេះ ជាវិធានការរឹតបន្តឹងពាក់ព័ន្ធបញ្ហាគ្រឿងញៀន ​សន្តិសុខ​សណ្តាប់ធ្នាប់ និងការអនុវត្តន៍​គោលការណ៍​ភូមិ​ឃុំ​មាន​សុវត្ថិភាព ក្នុងភូមិសាស្ត្ររបស់ខ្លួនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីធានាសុខសុវត្ថិភាព នៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។

ឯកឧត្តម បញ្ជាបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីប្រធានសាលាដំបូងខេត្តត្បូងឃ្មុំ, ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំអភិបាលរងខេត្ត នាយក-នាយករងសាលាខេត្ត នាយក-នាយករងទីចាត់ការ ការិយាល័យចំណុះរចនាសម្ព័ន្ធសាលាខេត្ត កងកម្លាំងទាំង៣ អភិបាលក្រុង-ស្រុកទាំង៧ និងប្រធានមន្ទីរពាក់ព័ន្ធទាំងអស់ផងដែរ។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា មុនការចុះអនុវត្តយើងឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញាប់គួរកត់សម្គាល់ និងព្រួយបារម្ភយ៉ាងខ្លាំង នៅលើកំណាត់ផ្លូវជាតិលេខ៧នេះ ប៉ុន្តែក្រោយចុះអនុវត្តរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិអាល់កុល អាវុធជាតិផ្ទុះតាមបណ្តោយផ្លូវជាតិលេខ៧ គ្រោះថ្នាក់ធ្ងន់ស្រាល និងករណីផ្សេងមានការថយចុះមួយផ្នែកធំ ព្រោះបានឃាត់នូវអ្នកបើកបរ ដែលមានសារធាតុស្រវឹង បើកបរមិនបានពាក់មួកសុវត្តិភាព រួមជាមួយនឹងការអប់រំបន្ថែម ព្រមទាំងមានការផាកពិន័យផងដែរ ហើយក៏មានភាពល្អប្រសើរគួរកត់សម្គាល់។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងពីបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញ​វិធានការ​ម៉ឺងម៉ាត់ ​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​នៅតាម​ក្រសួង ស្ថាប័ន និងរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ក្នុង​ជួរ​កង​កម្លាំងប្រដាប់អាវុធ ដោយ​ត្រូវ​បញ្ចប់​មុខតំណែង និង​បណ្តេញ​ចេញពី​ក្រប​ខ័​ណ្ឌ​ដោយ​គ្មាន​ការលើកលែង ចំពោះ​បុគ្គល​ណា​ត្រូវបាន​រកឃើញថា មានការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ឬ​មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានដាក់បទបញ្ជាឱ្យអាជ្ញាធរ រួមនឹងសមត្ថកិច្ចជំនាញពាក់ព័ន្ធ នៅក្រុង-ស្រុក ឃុំ-សង្កាត់ ទាំងអស់ក្នុងទូទាំងខេត្តត្រូវអនុវត្តក្នុងមួយភូមិឲ្យក្លាយទៅជាភូមិស ដែលគ្មានគ្រឿងញៀន ក្នុងករីណរកឃើញពាក់ព័ន្ធគ្រឿងញៀន ត្រូវតែទំនាក់ទំនងទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តត្បូងឃ្មុំ ​​ដើម្បីមើលថែ និងបន្សាប​គ្រឿង​ញៀន៕

 

No comments:

Post a Comment