Wednesday, February 28, 2024

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា កោតសរសើរមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ ដែលខិតខំប្រឹងប្រែងបំពេញការងារ និងសម្រេចបានលទ្ធផលល្អនៅឆ្នាំ២០២៣


(ភ្នំពេញ)៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការក្រសួងមហាផ្ទៃគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការងារ និងសម្រេចបានលទ្ធផលល្អនាពេលកន្លងមក។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា សន្និបាតក្រសួងមហាផ្ទៃនៅពេលនេះ គឺធ្វើឡើងក្រោយសន្និបាតរបស់រដ្ឋបាលរាជធានី-ខេត្ត ក្នុងគោលបំណងធានាឲ្យមានរបាយការណ៍បូកសរុបការងារប្រចាំឆ្នាំ ក៏ដូចជាលទ្ធផលនៃការពិភាក្សាក្នុងអង្គសន្និបាត ប្រមូលបាននូវធាតុចូលយ៉ាងទូលំទូលាយពីរដ្ឋបាលថ្នាក់ក្រោមជាតិ។

ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ បានកំណត់យកប្រធានបទសំខាន់ៗ សម្រាប់ពិភាក្សាដែលមានលក្ខណៈឆ្លុះបញ្ចាំងលើទិដ្ឋភាពជាក់ស្ដែង នៃសភាពការណ៍សន្ដិសុខ និងការផ្ដល់សេវាសាធារណៈនៅមូលដ្ឋាន ព្រមទាំងឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ដ្រស្ដីពីការលើកកម្ពស់គ្រប់គ្រងរដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨របស់ក្រសួងមហាផ្ទៃ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា បានអះអាងថា ការជួបជុំនៅពេលនេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារដែលក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានខិតខំប្រឹងប្រែង និងបញ្ហាប្រឈមដែលនៅសេសសល់ដើម្បីរួមគ្នាកំណត់ទិសដៅសម្រាប់អនុវត្តសកម្មភាពអាទិភាពនានា ដែលបានកំណត់ក្នុងកម្មវិធីនយោបាយយុទ្ធសាស្ដ្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ឯកឧត្តមអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ ដែលក្រសួងមហាផ្ទៃខិតខំសម្រេចបាន នៅឆ្នាំ២០២៣ រួមទាំងគោលការណ៍មួយចំនួន ដែលអង្គសន្និបាតត្រូវផ្ដោតការយកចិត្តទុកដាក់ដូចខាងក្រោម៖

* បើទោះបីស្ថិតក្រោមឥទ្ធិពល នៃហេតុការណ៍អសន្ដិសុខសកលយ៉ាងណាក្ដី ប៉ុន្ដែកងកម្លាំងនគរបាលជាតិបានសហការជាមួយកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបន្ដថែរក្សាយ៉ាងល្អប្រសើរនូវសន្ដិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងធានានូវស្ថេរភាពនយោបាយសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ របៀបរៀបរយក្នុងសង្គម និងប្រក្រតីភាពក្នុងការគ្រប់គ្រងស្ថាប័នរដ្ឋ។

* គោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ត្រូវបានបង្ក្រាបយ៉ាងម្មត់ចត់, ការបង្ក្រាបសកម្មភាពក្មេងទំនើង, ការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក, ការផ្ដល់កិច្ចអន្ដរាគមន៍ ពន្លត់អគ្គិភ័យ និងសង្គ្រោះជនរងគ្រោះ ត្រូវបានពង្រឹងអនុវត្តជាប្រចាំដែលធានាបានប្រក្រតីភាពនៅក្នុងសង្គម លើគ្រប់វិស័យផងដែរ។

* ការងារអត្តសញ្ញាណកម្ម ដែលមានចរិកលក្ខណៈជាការគ្រប់គ្រងអត្តសញ្ញាណបុគ្គល និងការផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋក៏ត្រូវបានពង្រឹង និងកែលម្អអនុវត្តជាបណ្ដើរៗ ទាំងក្នុងក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងការផ្ដល់សេវាអត្តសញ្ញាណកម្មជូនដល់ប្រជាពលរដ្ឋឆ្ពោះទៅសម្រេចបានគោលដៅ «បុគ្គលម្នាក់ មានអត្តសញ្ញាណតែមួយ» និង «មនុស្សគ្រប់រូបទាំងអស់ ត្រូវទទួលបានការកំណត់ដោយអត្តសញ្ញាណ» សំដៅធានាឲ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសិទ្ធិ និងសេវាមូលដ្ឋានចាំបាច់នានាស្របតាមច្បាប់ដែលបានកំណត់។

* ការងារអន្ដោប្រវេសន៍ ត្រូវបានជំរុញអនុវត្ត និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទាំងការគ្រប់គ្រងអ្នកដំណើរចេញចូល ការស្នាក់នៅជនបរទេស ដោយធានាបានយ៉ាងគត់មុតនូវអធិបតេយ្យជាតិ ទប់ស្កាត់មិនឲ្យមានការកើនឡើងនូវអំពើភេរវកម្មនៅកម្ពុជា ទប់ស្កាត់ការលួចលាក់ជ្រកកោនធ្វើសកម្មភាពរបស់អង្គការភេរវកម្មនានា និងទប់ស្កាត់ការជ្រៀតចូលស្នាក់នៅដោយខុសច្បាប់ របស់ជនបរទេសអន្ដោប្រវេសន៍ ដែលជាកិច្ចការងារទាំងអស់នេះបានឆ្លើយតបជាវិជ្ជមានចំពោះគោលនយោបាយទេសចរណ៍ជាតិ ការវិនិយោគពាណិជ្ជកម្មលើការងារផ្សេងៗ ក៏ដូចជាវិស័យផ្សេងទៀតផងដែរ។

* ការងារគ្រប់គ្រងច្រកទ្វារព្រំដែន ក្រសួងមហាផ្ទៃ បានសហការជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ចនានា ដឹកនាំគ្រប់គ្រង សម្របសម្រួល និងត្រួតពិនិត្យគ្រប់សកម្មភាពចេញចូល តាមបណ្ដាច្រកព្រំដែនដោយធានាបាននូវប្រក្រតីភាព សុវត្ថិភាព នៃការធ្វើដំណើរចេញចូល ការទំនាក់ទំនងពាណិជ្ជកម្មស្របច្បាប់ និងលិខិតបទដ្ឋានជាធរមាន។

* ក្នុងការដ្ឋានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏មានការវិវឌ្ឍយ៉ាងល្អប្រសើរ ជាពិសេសកំណែរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង នីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរសិទ្ធិអំណាច ការផ្ទេរមុខងារ ធនធាន និងការទទួលខុសត្រូវឲ្យកាន់តែច្រើនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយការធ្វើឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមកម្រិតនីមួយៗ កាន់តែមានសមត្ថភាព លទ្ធភាព និងការទទួលខុសត្រូវច្បាស់លាស់ លើការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ក្នុងការផ្ដល់សេវាសាធារណៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាជន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយភាពម្ចាស់ការ ចំគោលដៅ ទាន់ពេលវេលា មានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព យុត្តិធម៌ បរិយាប័ន្ន និងសមធម៌សង្គម។

ជាមួយគ្នានេះ ការផ្ដល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ត្រូវបានពង្រឹងកែលម្អជាជំហ៊ានដើម្បីផ្ដល់សេវាទាំងអស់នេះ ឲ្យកាន់តែឆាប់រហ័ស ងាយស្រួល តម្លាភាព គណនេយ្យភាព និងជឿទុកចិត្តបានពីសំណាក់ប្រជាពលរដ្ឋ។

* លើការងារពង្រឹងស្ថាប័ន និងធនធានមនុស្ស ក្រសួងបានជំរុញធ្វើទំនើបកម្មស្ថាប័នរបស់ខ្លួនជាបន្ដបន្ទាប់ ជាមួយនឹងការពង្រឹងការទទួលខុសត្រូវ និងការបំពេញការងាររបស់មន្ដ្រីរាជការស៉ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ស្របតាមអភិក្រមទាំង៥របស់រាជរដ្ឋាភិបាល ជាពិសេសក៏បានកសាងនូវអគារថ្មី នៃទីស្ដីការក្រសួងសម្រាប់កន្លែងបំពេញការងារដ៏សមស្របសម្រាប់មន្ដ្រីជំនាន់ថ្មី ដែលសមិទ្ធផលដ៏ធំធេង ស្នាដៃ និងរមតកដ៏វិសេសវិសាលសម្រាប់នីតិកាលទី៦ ក្រោមការផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ស ខេង។

គួរជម្រាប សន្និបាតក្រសួងមហាផ្ទៃនៅពេលនេះ នឹងធ្វើឡើងរយៈពេល២ថ្ងៃ ពោលនៅថ្ងៃទី២៨-២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយធ្វើការបែកចែកក្រុមពិភាក្សាទៅតាមប្រធានបទសំខាន់ៗផងដែរ។ ដោយឡែក ពិធីបិទសន្និបាតគ្រោងនឹងធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកុម្ភៈស្អែកនេះ ក្រោមអធិបតីភាពរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា៕

 

No comments:

Post a Comment