(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។ ពិធីបិទសន្និបាតរបស់ក្រសួងមហាផ្ទៃនៅរសៀលថ្ងៃនេះ មិនត្រូវបានអនុញ្ញាតឱ្យមានការផ្សាយផ្ទាល់នោះឡើយ។
ក្រសួងមហាផ្ទៃ មានបេសកម្មដឹកនាំ គ្រប់គ្រងរដ្ឋបាលដែនដីគ្រប់ថ្នាក់លើវិស័យនយោបាយរដ្ឋបាល គ្រប់គ្រងកងកម្លាំងនគរបាលជាតិលើវិស័យសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ ក្រសួងមហាផ្ទៃ បានបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤។ ពិធីបើកបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ សន្និបាតដែលធ្វើឡើងរយៈពេល១ថ្ងៃ កន្លះ បានអនុញ្ញាតឱ្យស្ថាប័នជំនាញរបស់ក្រសួងលើកបង្ហាញសមិទ្ធផលការងារដែលសម្រេចបាន និងលើកបញ្ហាប្រឈមដើម្បីកែលំអ និងរកដំណោះស្រាយ ដើម្បីជាការអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានវាយតម្លៃថា ឆ្នាំ២០២៣ ដែលជាឆ្នាំចុងក្រោយនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមសហការ និងការគាំទ្រពីក្រសួង សា្ថប័នមានសមត្ថកិច្ចពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋ បានជម្នះរាល់ឧបសគ្គ សម្រេចបានសមិទ្ធផលជាច្រើនទាំងក្នុងក្របខ័ណ្ឌនៃការគ្រប់គ្រងរដ្ឋបាលដែនដី និងការគ្រប់គ្រង សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បម្រើដល់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ។
ក្រសួងមហាផ្ទៃបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ខឿនឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ បញ្ចៀសបានសកម្មភាពភេរវកម្មទាំងឡាយ ទប់ស្កាត់ បានឧបាយកល សកម្មភាពប៉ុនប៉ងបំបែកបំបាក់សាមគ្គីជាតិ និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ធានាយ៉ាងល្អប្រសើរនូវព្រះរាជសុវត្ថិភាពព្រះមហាក្សត្រ និងសុវត្ថិភាពឥស្សរជនដឹកនាំប្រទេស ព្រមទាំងសម្រប សម្រួលរៀបចំព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិសំខាន់ៗ ឱ្យប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ដែរថា នៅឆ្នាំ២០២៣ គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ ការបង្ក្រាបសកម្មភាព ក្មេងទំនើង ការពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ការផ្តល់អន្តរាគមន៍ពន្លត់អគ្គិភ័យ ត្រូវបានយកចិត្តទុកដាក់អនុវត្តជា ប្រចាំ ដែលធានាបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយភាពសុខសាន្ត រក្សាបាននូវប្រក្រតីភាពសង្គមគ្រប់វិស័យ។ ទោះបីស្ថានភាពបទល្មើសមានការកើនឡើង ប៉ុន្តែការបង្ក្រាបមានរហូតដល់ ៩០ភាគរយ នៃបទល្មើស ដែលបានកើតឡើង។ ការងារអត្តសញ្ញាណកម្ម ត្រូវបានពង្រឹងទាំងក្នុងក្របខ័ណ្ឌនៃការរៀបចំច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ដើម្បីធានាឱ្យប្រជាពលរដ្ឋគ្រប់រូបមានអត្តសញ្ញណ ខាងផ្លូវច្បាប់ពេញលេញ ព្រមទាំងទទួលបាននូវការគោរពសិទ្ធិ និងសេវាជាមូលដ្ឋានចាំបាច់នានាស្របតាមច្បាប់។
ការងារអន្តោប្រវេសន៍ ក៏ត្រូវបានជំរុញអនុវត្ត និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទាំងការគ្រប់គ្រងដំណើរចេញចូលប្រទេស និងការស្នាក់នៅរបស់ជនបរទេស រួមចំណែកធានាបានយ៉ាងគត់មត់នូវអធិបតេយ្យជាតិ ទប់ស្កាត់ការលួចលាក់ជ្រកកោនធ្វើសកម្មភាពរបស់អង្គការភេរវកម្មនានា និងទប់ស្កាត់ការជ្រៀតចូល-ស្នាក់នៅខុសច្បាប់របស់ ជនបរទេសអន្តោប្រវេសន្ត ដែលកិច្ចការទាំងនេះ បានឆ្លើយតបជាវិជ្ជមានចំពោះគោលនយោបាយទេសចរណ៍ជាតិ ការវិនិយោគ ពាណិជ្ជកម្ម វិស័យការងារ និងវិស័យផ្សេងៗទៀត។
ក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក៏មានវឌ្ឍនភាពយ៉ាងល្អប្រសើរ ជាពិសេសពាក់ព័ន្ធការរៀបចំកែលម្អរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរសិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវកាន់តែច្រើនឡើងជាបន្តបន្ទាប់ ធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិតាមកម្រិតថ្នាក់នីមួយៗ កាន់តែមានសមត្ថភាព លទ្ធភាព និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមមូលដ្ឋាន និងការផ្តល់សេវាសាធារណៈឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដោយភាពម្ចាស់ការចំគោលដៅ ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព យុត្តិធម៌ បរិយាប័ន្ន និងសមធម៌សង្គម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានឱ្យដឹងថា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃក៏បានខិតខំប្រឹងប្រែងអនុវត្តសម្រេចបានសមិទ្ធផលជាច្រើនទៀតផងដែរ ដូចជាការរៀបចំក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រង ពន្ធនាគារ ការធ្វើអធិការកិច្ច និងសវនកម្មផ្ទៃក្នុងការចូលរួមអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍ បច្ចេកវិទ្យាឌីជីថល ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការអភិវឌ្ឍវិស័យកីឡា និងការបង្កើតយន្តការទទួល ដោះស្រាយបណ្ដឹងតវ៉ា ព្រមទាំងមតិយោបបល់ សំណើ សំណូមពររបស់ប្រជាពលរដ្ឋជាដើម។
បើទោះបីជាសម្រេចបានសមិទ្ធផលល្អប្រសើរជាច្រើនយ៉ាងណាក្តី បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៣ នៅមានបញ្ហាប្រឈមជាគន្លឹះមួយចំនួន តម្រូវឱ្យបន្តរួមគ្នាគិតគូ ដោះស្រាយដោយស្មារតីប្រុងប្រយ័ត្ន។ ជាក់ស្ដែងសភាពការណ៍នយោបាយ សន្តិសុខ សង្គ្រាម និងជម្លោះរវាងបណ្តាប្រទេសនានាក្នុងតំបន់ និងនៅលើសកលលោក បាននិងកំពុងបន្តវិវត្តប្រែប្រួលរាលដាលកាន់តស្មុគស្មាញ និងពិបាកប៉ាន់ស្មាន គួបផ្សំនឹងការព្យាយាមប៉ុនប៉ងបង្កចលាចលវឹកវរក្នុងសង្គមរបស់ក្រុមនិន្នាការប្រឆាំងជ្រុលនិយម អាចនឹងបន្តជះឥទ្ធិពលមិនល្អមកលើសន្តិសុខជាតិ សុវត្ថិភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ការបន្តកើនឡើននូវគ្រោះថ្នាក់ចរាចរណ៍ ការចរាចរ ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ អំពើ លួច ឆក់ ប្លន់ បទល្មើសឆបោកតាមអនឡាញ បទល្មើសបច្ចេកវិទ្យា អំពើជួញដូរមនុស្សគ្រប់ទម្រង់ និងសកម្មភាព ក្មេងទំនើង ក៏ជាក្តីបារម្ភ និងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងវិស័យទេសចរណ៍ និង វិនិយោគនៅកម្ពុជាផងដែរ៕
No comments:
Post a Comment