Thursday, March 7, 2024

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ក្រោមប្រធានបទ ”ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល”


(កំពង់ចាម)៖
 រដ្ឋបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានប្រារព្ធខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ក្រោមប្រធានបទ ”ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល”

ពិធីនេះធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក សួស ឡា ប្រធានសាលាដំបូងខេត្ត និងលោកស្រី ញូង ចរិយា ប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ ខេត្តកំពង់ចាម ។

អភិបាលខេត្តកំពង់ចាម បានថ្លែងថា ឆ្នាំនេះជាខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៤ ក្រោមមូលបទ «ស្តី្រ និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលផ្តល់ន័យយ៉ាងទូលំទូលាយក្នុងការអភិវឌ្ឍន៍ ចូលទៅកាន់យុគ្គសម័យឌីជីថល ដើម្បីផ្ដល់ឲ្យស្ត្រី និងក្មេងស្រី អាចមានលទ្ធភាពក្នុងការបង្កើនសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្នុងយុគ្គសម័យឌីជីថល ដែលនាំឲ្យទទួលបាននូវសិទ្ធិស្មើគ្នា ឱកាសដូចគ្នា ហើយជាដៃគូរដ៏សក្តិសម ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល ពីមជ្ឈដ្ឋានជាតិ អន្តរជាតិ ដើម្បីជម្រុញ និងពន្លឿនកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចឱ្យឈានទៅរកភាពរីកចំរើនសម្បូររុងរឿង ប្រកបដោយចីរភាពនាពេលអនាគត។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងគ្រប់តំបន់ភូមិសាស្ត្រ ទាំងទីប្រជុំជន និងជនបទ ព្រមទាំងប្រជាពលរដ្ឋគ្រប់វ័យ កំពុងទទួលឥទ្ធិពលពីបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដែលបាននិង កំពុងកែប្រែរបៀបនៃការសិក្សាឈ្វេងយល់ ការចាត់ចែងគ្រប់គ្រងការងារ ព្រមទាំងសកម្មភាពសេដ្ឋកិច្ច និងទម្លាប់រស់នៅប្រចាំថ្ងៃ ក្នុងការប្រាស្រ័យទាក់ទង និងការបំពេញការងារ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា នៅកម្ពុជាការកសាងមូលដ្ឋានឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់ខ្លួន និងស្របតាមនិន្នាការសកល ក្នុងការលើកកម្ពស់វិស័យបច្ចេកវិទ្យាឌីជីថលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរាជរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលជាផែនទីបង្ហាញផ្លូវ និងជាក្របខណ្ឌការងារនៃការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាញយកប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច៕




No comments:

Post a Comment