(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ការតាំងពិព័រណ៍ និងចែកកូនឈើជូនដល់សាធារណជនដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមទីតាំងផ្ទាល់ខ្លួននាពេលនេះ គឺជាផ្នែកនៃការបើកទំព័រថ្មីមួយរបស់ក្រសួងបរិស្ថាន ក្នុងការជំរុញសម្រេចឱ្យបាននូវគម្របព្រៃឈើចំនួន៦០ភាគរយ នៃផ្ទៃប្រទេស នៅត្រឹមឆ្នាំ២០៥០។
ការលើកឡើងបែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រ ហ៊ុន ម៉ានី បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិការកេសរកូលជាតិលើកទី៤ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម សុខ សុកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយថ្នាក់ដឹកនាំមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត សមាជិកក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាដៃគូ បណ្តាញកេសរកូលនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានទាំង ២៥រាជធានី-ខេត្ត ព្រមទាំងសាស្រ្តាចារ្យ អ្នកសិក្សាស្រាវជ្រាវ សិស្ស និស្សិត និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។
ក្នុងពិធីបើកពិព័រណ៍នាពេលនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺជាការឆ្លុះបញ្ចាំងនូវសកម្មភាពជាយុទ្ធសាស្រ្ត ស្របតាម «មុំនៃភាពបៃតងក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ដែលជាយុទ្ធសាស្រ្តរៀបចំឡើង ដោយអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅតម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារ ក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍដោយចីរភាព ដើម្បីឆ្ពោះទៅសម្រចការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០។
លើសពីនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់បន្ថែមថា ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ ចែកកូនឈើ និងវេទិកាកេសរកូលជាតិលើកទី៤ នាពេលនេះ ក៏ជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជាការចូលរួមរបស់ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ និងអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុក្នុងនាមកម្ពុជា ជារដ្ឋភាគីមួយផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ពិព័រណ៍នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏ធំដំបូងគេជាប្រវត្តិសាស្ត្រមិនធ្លាប់មានរបស់ក្រសួងបរិស្ថាន ឆ្លើយតបនឹងយុទ្ធនាការ «ដាំដើមឈើយ៉ាងតិច ១លានដើមក្នុង ១ឆ្នាំ» របស់ក្រសួង ដែលតម្រូវឱ្យមន្ទីរបរិស្ថាន រាជធានី-ខេត្តទាំង២៥ បណ្តុះកូនឈើឱ្យបាន ១០ម៉ឺនក្នុង ១ឆ្នាំក្នុង ១មន្ទីរ ដើម្បីទុកចែកជូនដល់សាធារណជន ពីគ្រប់មជ្ឈដ្ឋានយកទៅដាំដោយឥតគិតថ្លៃតាមទីតាំងរៀងៗខ្លួននៅទូទាំងប្រទេស។
សូមជម្រាបថា ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត។
ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤ រួមមាន៖ ១)សិក្សាស្រាវជ្រាវ និងកំណត់ អត្តសញ្ញាណប្រភេទកេសរកូលព្រៃតាមបែបវិទ្យាសាស្ត្រ ២)អភិរក្ស សង្គ្រោះ និងស្តារប្រភេទកេសរកូលព្រៃ និង ប្រភេទរុក្ខជាតិដែលកំពុងរងការគំរាមកំហែង និងជិតផុតពូជពីព្រៃធម្មជាតិ ៣) អប់រំផ្សព្វផ្សាយនិងបណ្តុះបណ្តាល ស្តីពីកេសរកូលព្រៃ និងប្រភេទរុក្ខជាតិនៅកម្ពុជា ៤)ផ្តល់ជាទីតាំង ទស្សនីយភាពកេសរកូលព្រៃធម្មជាតិ និង ជាកន្លែងលំហែកាយ ទស្សនាធម្មជាតិ និងការកំសាន្តនានា។
សាធារណជនអាចអញ្ជើញទៅទស្សនា និងទទួលយកកូនឈើដោយឥតគិតថ្លៃនៅទីស្តីការក្រសួងបរិស្ថាន មិនថាមន្ត្រីរាជការ មិនថាកុមារា កុមារី ឬក៏សាធារណជនទូទៅសុទ្ធតែផ្សាភ្ជាប់ទៅនឹងបរិស្ថាន ហើយមានតួនាទីគ្រប់ៗក្នុងការចូលរួមថែរក្សាបរិស្ថាន។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ សាធារណជនទាំងអស់អាចអញ្ជើញទៅទស្សនា ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ដើម្បីចូលរួមក្នុងការថែរក្សាបរិស្ថាន និងចូលរួមបង្កើតទម្លាប់ល្អ ដើម្បីជួយដល់បរិស្ថានរបស់យើង។
លើសពីនេះ ការរៀបចំពិព័រណ៍ផ្សព្វផ្សាយ ចែកកូនឈើ និងវេទិកាកេសរកូលជាតិលើកទី៤ នាពេលនេះ ក៏ជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជាការចូលរួមរបស់ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ និងអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុក្នុងនាមកម្ពុជា ជារដ្ឋភាគីមួយផងដែរ៕
No comments:
Post a Comment