«យុវតីយើង អនាគតអ្នកដឹកនាំយើង» គឺជាប្រធានបទនៃការបោះជំរំប្រចាំឆ្នាំ២០២៤ របស់សមាគមកាយប្ញទ្ធិនារីកម្ពុជា ដែលត្រូវបានរៀបរៀបចំធ្វើឡើងរយៈពេល៤ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី។ ពិធីបើកការបោះជំរំប្រចាំឆ្នាំនេះ ត្រូវបានប្រព្រឹត្តទៅអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការរបស់សមាគម និងមានការចូលរួមពីថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងថ្នាក់ដឹកនាំនៃកាយប្ញទ្ធិជាតិកម្ពុជា ព្រមទាំងសមាជិកសមាជិកា របស់សមាគម ចូលរួមជាង៣២០នាក់ មកពី៦សាខាទូទាំងប្រទេស។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ក្នុងពិធីបើកការកម្មវិធីបោះជំរំ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា តាមរយៈការរួបរួមគ្នានារយៈពេលកន្លងមក នាំឱ្យសមាគមកាយប្ញទ្ធិនារីកម្ពុជាមានភាពរីកចម្រើនជាលំដាប់ដោយបានពង្រីកនូវសាខាថ្មីៗបន្ថែមទៀត ហើយនៅជំហានបន្ទាប់សមាគមនឹងបន្តអប់រំ បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពរបស់កុមារី និងយុវតីកម្ពុជាឱ្យពួកគេក្លាយជាអ្នកដឹកនាំនាថ្ងៃអនាគត។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ជំរុញ លើកទឹកចិត្តយុវតី ឱ្យពួកគេមានភាពក្លាហាន និងចេះស្រលាញ់គ្នា ចេះជួយយកអាសារគ្នាទៅវិញទៅមក និងសហការគ្នាធ្វើការងារជាក្រុម ដែលសំដៅថាកម្លាំងសាមគ្គីភាពគឺជាស្ពានឆ្ពោះទៅរកភាពជោគជ័យ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីតួអង្គស្រ្តីជាអ្នកដឹកនាំសំខាន់ជុំវិញពិភពលោក មកធ្វើជាឧទាហរណ៍សម្រាប់ប្អូនៗ ថា បច្ចុប្បន្ននេះពិភពលោកបានឱ្យតម្លៃស្រ្តីជាខ្លាំង ហើយចាប់តាំងឆ្នាំ២០១៦មក មានស្ថិតិបង្ហាញថាស្រ្តីមានតួនាទីយ៉ាងសំខាន់ទាំងនៅក្នុងវិស័យឯកជន និងក្នុងជួររាជរដ្ឋាភិបាល។ ជាមួយគ្នានេះ លោកជំទាវបានបង្ហាញការជឿជាក់ថាយុវតីកម្ពុជានឹងក្លាយជាអ្នកដឹកនាំសំខាន់ៗនាពេលអនាគត។
ការបោះជំរំដ៏ធំប្រចាំឆ្នាំ២០២៤នេះ មានការជួបជុំសមាជិក សមាជិកា របស់សមាគមកាយប្ញទ្ធិនារីទាំង៦សាខា រួមមាន៖ សាខាក្រុងភ្នំពេញ ខេត្តកណ្ដាល ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តពោធិ៍សាត់ និងខេត្តមណ្ឌលគិរី។ រយៈពេល ៤ថ្ងៃនេះការបោះជំរំ គឺមានសកម្មភាពសំខាន់ៗជាច្រើន ការតម្រង់ទិស កុមារី និងយុវតី ដែលជាអនាគតអ្នកដឹកនាំនៅក្នុងសង្គម ព្រមទាំងមានរៀបចំនូវសកម្មភាពជួយសង្គម និងសកម្មភាពកម្សាន្តសប្បាយជាច្រើនដែលបង្កប់នូវចំណេះដឹង និងការអប់រំសម្រាប់ប្អុនៗផងដែរ ដូចជាការរៀនពីរបៀបតម្លើងតង់រួមគ្នា ការរៀនធ្វើម្ហូបជុំគ្នា ការលេងល្បែងកម្សាន្តជុំគ្នា ការហាត់យោគៈរួមគ្នា ព្រមទាំងការដុតភ្លើងគប់ជុំគ្នាជាដើម៕
No comments:
Post a Comment